ប្រហុកខ្មែរយើង អាចធ្វើម្ហូបអីញ៉ាំបានខ្លះ?
ចង់និយាយថា ប្រហុកហ្នឹង ស្អុយក៏ស្អុយ តែឆ្ងាញ់ក៏ឆ្ងាញ់! ហើយបើយើងយកមកច្នៃជាម្ហូប ដឹងតែញ៉ាំថែមបាយមិនតិចចានទេ៎! អ៊ីចឹងយើងទៅមើលមុខម្ហូប ដែលអាចធ្វើបានជាមួយប្រហុកខាងក្រោមនេះ ជាមួយ FoodBuzz ទាំងអស់គ្នា!
ចង់ប្រាប់ឲ្យហើយដែរថា ម្ហូបភាគច្រើន គឺញ៉ាំផ្ទាប់ជាមួយនឹងបន្លែ ដែលអាចដាក់បានតាមចំណូលចិត្ត រួមមានដូចជា ស្ពៃក្តោប ត្រសក់ ការ៉ុត ត្រប់ ពពាយ ប៉េងប៉ោះ ត្រកួន ពោតបារាំង និងសណ្តែកកួរជាដើម។
***មុននឹងដាក់ចម្អិន យកល្អ គួរតែលាងប្រហុកជាមុនសិន ដើម្បីកាត់បន្ថយជាតិប្រៃ
#1 ប្រហុកលីងអំពិលទុំសាច់ជ្រូកចិញ្ច្រាំ
>>> គ្រឿងផ្សំ៖ ខ្ទឹមស-ក្រហម ម្ទេស អំពិលទុំ សាច់ជ្រូកចិញ្ច្រាំ (សាច់សុទ្ធ ឬ សាច់ 3 ជាន់) ប្រហុក ស្ករក្រហម
របៀបធ្វើ៖
- លីងខ្ទឹមស-ក្រហម និងម្ទេសឲ្យឈ្ងុយ រួចទុកមួយឡែក (បើមានត្រប់ ក៏អាចដាក់បាន)
- ឆាខ្ទឹមស និងម្ទេសហាន់ (បើមិនចូលចិត្តហឹរ មិនចាំបាច់ដាក់ទេ) ឲ្យឈ្ងុយ រួចដាក់ប្រហុកចិញ្ច្រាំ/កិនចូល ឆាឲ្យឈ្ងុយ
- ដាក់សាច់ជ្រូកចិញ្ច្រាំចូល ឆារហូតជិតឆ្អិន សឹមចាក់ស្ករក្រហម និងសាច់អំពិលទុំ (លាយជាមួយទឹកក្តៅ ហើយយកគ្រាប់ចេញ) ចូល
- ឆារហូតដល់ឡើងគោក និងឆ្អិនល្អ។
***បើចូលចិត្តបែបរាវៗ ហើយចង់ញ៉ាំប្រហុកខ្ទិះ អាចដាក់ខ្ទិះដូចចូលបន្ថែមបាន
#2 ប្រហុកឆៅចិញ្ច្រាំក្រសាំង
>>> គ្រឿងផ្សំ៖ ប្រហុក ក្រសាំង ខ្ទឹមស-ក្រហម ម្ទេស គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ជីគ្រប់មុខ ស្លឹកខ្ទឹម ស្ករស ម្សៅស៊ុប ក្រូចឆ្មារ
>>> របៀបធ្វើ៖
- ចិញ្ច្រាំប្រហុកឲ្យម៉ដ្ឋ ហើយដាក់សាច់ក្រសាំង ម្ទេស ខ្ទឹមស-ក្រហម គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ចិញ្ច្រាំចូលគ្នាឲ្យម៉ដ្ឋ
- ដាក់ស្ករស ម្សៅស៊ុប ជីគ្រប់មុខ ស្លឹកខ្ទឹមចូលចិញ្រ្ចាំជាមួយគ្នាដែរ
- ភ្លក្សមើលតាមរសជាតិដែលចង់បាន (បើស្ទើរជូរ អាចថែមក្រូចឆ្មារបាន) ។
#3 ប្រហុកអាំង
>>> គ្រឿងផ្សំ៖ ប្រហុក សាច់ជ្រូក 3 ជាន់ ក្រសាំង ខ្ទឹមស-ក្រហម ម្ទេស គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ស្ករស ម្សៅស៊ុប
>>> របៀបធ្វើ៖
- ចិញ្ច្រាំប្រហុកឲ្យម៉ដ្ឋ រួចដាក់សាច់ជ្រូក 3 ជាន់ចិញ្ច្រាំជាមួយគ្នា
- បុកគល់ស្លឹកគ្រៃ និងស្លឹកក្រូចសើច ឲ្យម៉ដ្ឋ រួចដាក់ចូលចិញ្ច្រាំជាមួយនឹងក្រសាំង ខ្ទឹមស-ក្រហម
- ដាក់ម្ទេស ស្ករស និងម្សៅស៊ុប តាមរសជាតិចង់បាន
- ខ្ចប់ប្រហុកជាមួយនឹងស្លឹករមៀត រួចរុំស្លឹកចេកពីលើ
- ដាក់អាំងប្រហែល 20 នាទី (ប្រើភ្លើងតិចៗ)។
***អាចដាក់អាំង ឬដុតលើជ្រុញ បើសិនមិនចង់ខ្ចប់ជាមួយស្លឹកចេក និងរមៀតទេ៎
#4 ប្រហុកចំហុយ
>>> គ្រឿងផ្សំ៖ ប្រហុក សាច់ជ្រូក 3 ជាន់ ខ្ទឹមស ស៊ុត ស្ករស ម្សៅស៊ុប ស្លឹកខ្ទឹម ម្ទេស
>>> របៀបធ្វើ៖
- ចិញ្ច្រាំប្រហុក រួចដាក់សាច់ជ្រូក៣ជាន់ និងខ្ទឹមសចូលដែរ ដោយចិញ្ច្រាំឲ្យម៉ដ្ឋល្អ
- ដាក់ស៊ុត ស្ករស ម្សៅស៊ុបចូល (បើខាប់ពេក អាចថែមទឹកបន្តិច)
- ដាក់ស្លឹកខ្ទឹម និងម្ទេសចូល ហើយកូរចូលគ្នាឲ្យសព្វ
- ដាក់ចំហុយប្រហែល 15 នាទី។
#5 ប្រហុកកប់គ្រឿង(ខ្នប់) អាំង
>>> គ្រឿងផ្សំ៖ សាច់ជ្រូក 3 ជាន់ កូនត្រី កំពឹស គ្រឿង ផ្សិតចំបើង ក្រសាំង ប្រហុក ស្ករស ម្សៅស៊ុប ស្លឹកម្រះព្រៅ ម្ទេស
របៀបធ្វើ៖
- សម្អាតកូនត្រីដោយវះយកអាចមន៍វាចេញពីពោះ កាត់ព្រុយកំពឹសចេញ ហើយលាងទឹកឲ្យស្អាត
- បុកគ្រឿង ហើយចិញ្ច្រាំប្រហុក និងសាច់ជ្រូកឲ្យម៉ដ្ឋ រួចចាប់ដាក់ចានធំមួយ
- ដាក់គ្រឿងផ្សំទាំងអស់ ច្របល់ចូលគ្នាឲ្យសព្វល្អ
- ដួសដាក់លើស្លឹកចេក ហើយខ្ចប់ឲ្យជិតស្អាត
- ដាក់អាំងឲ្យឆ្អិនល្អ។
#6 ខប្រហុក
>>> គ្រឿងផ្សំ៖ សាច់ជ្រូក 3 ជាន់ ប្រហុក ត្រីអណ្តែង ខ្ទឹមស ត្រប់ពុតលំញង ម្ទេស ស្លឹកក្រូចសើច ស្ករស/ក្រហម ម្សៅស៊ុប
>>> របៀបធ្វើ
- ចិញ្ច្រាំសាច់ជ្រូក 3 ជាន់ និងប្រហុកឲ្យម៉ដ្ឋ រួចទុកមួយឡែកសិន
- បំពងត្រីឲ្យឆ្អិន និងស្រួយល្អ
- លីងខ្ទឹមស ត្រប់ ម្ទេស និងស្លឹកក្រូចសើចឲ្យឈ្ងុយ
- ដាក់ឆាប្រហុក និងសាច់ជ្រូកចិញ្ច្រាំ រហូតដល់សព្វសាច់
- ដាក់ត្រីចូល រួចដាក់ទឹកបន្តិចដែរ
- ដាក់គ្រឿងផ្សំផ្សេងទៀតចូល ហើយរម្ងាស់ឲ្យឆ្អិនសាច់ត្រី។
#7 ទឹកប្រហុកឆៅ (ទឹកជ្រលក់)
>>> គ្រឿងផ្សំ៖ ប្រហុក ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេស រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកក្រូចសើច និងទឹក ឬ ទឹកដោះគោ សណ្តែកដីលីង
- ចិញ្ច្រាំប្រហុកឲ្យម៉ដ្ឋ
- បុកខ្ទឹមស និងម្ទេសចូលគ្នា ហាន់រំដេង-គល់ស្លឹកគ្រៃ-ខ្ទឹមក្រហម ជាចំណិតតូចៗ និងស្លឹកក្រូចសើច ជាសរសៃៗ
- លាយគ្រឿងផ្សំទាំងអស់ ចូលគ្នាឲ្យសព្វ (យករសជាតិប្រៃ-ជូរ) ។
អូ! នៅមានមួយទៀត គឺ «ទឹកប្រហុកជ្រលក់ជាមួយនឹងម្ជូរ» ដែលអាចអានបានតាមរយៈ លីង