វិធីធ្វើអំបិលម្ទេស ឬ ទឹកជ្រលក់សម្រាប់ញ៉ាំជាមួយម្ជូរ
មានស្វាយ មានម្នាស់ មានគ្រប់សព្វ តែខ្វះតែម្យ៉ាងនោះគឺ ទឹកជ្រលក់។ អត់តិចម្ជូរគេ ទិញតែទឹកជ្រលក់ដូចមិនសម ហើយបើតិចទាំងម្ជូរទៀត សល់ម្ជូរនៅផ្ទះហើយអស់លុយទៀត។ ម៉ោះ មករៀនធ្វើទឹកជ្រលក់ទុកញ៉ាំជាមួយស្វាយ ឬ ម្ជូរនៅផ្ទះរបស់អ្នក។ ធ្វើហើយច្រកដាក់ក្រឡ ឬ កែវទុក មិនងាយខូច ហើយចង់ញ៉ាំពេលណា ចាប់ដាក់កូនចានតែបន្តិចជាការស្រេច!!!
#1 ទឹកប្រហុក
គ្រឿងផ្សំ ៖ ប្រហុក ខ្ទឹមស ម្ទេស ស្ករក្រហម
- ចិញ្រ្ចាំប្រហុកឲ្យម៉ដ្ឋ ជាមួយនឹងម្ទេស និងខ្ទឹមស
- ដាក់លាយជាមួយស្ករក្រហម (ដាក់ម្សៅស៊ុបបន្តិចយករសជាតិបន្ថែមក៏បាន)
***សម្រាប់អ្នកចង់ញ៉ាំឆៅ គ្រាន់តែលាយធម្មតាប៉ុណ្ណឹងជាការស្រេច។ សម្រាប់អ្នកចង់ញ៉ាំឆ្អិន អាចកម្លោចស្ករក្រហមជាមុនសិន ហើយសឹមដាក់ប្រហុកចិញ្រ្ចាំចូល ហើយកូរមួយសន្ទុះលើភ្លើង។
#2 ទឹកកាពិ
គ្រឿងផ្សំ៖ កាពិ ម្ទេស(ម្ទេសស្រស់ក៏បាន ម្ទេសហុយក៏បាន) ស្ករក្រហម ម្សៅស៊ុប ខ្ទឹមស-ក្រហម បង្គាក្រៀម
>>>វិធីទី១
- ដាក់ទឹកបន្តិចលើខ្ទះ ឬ ឆ្នាំងហើយទុកឲ្យពុះ សឹមដាក់ស្ករក្រហមចូល រួចកូរឲ្យឡើងពណ៌ជើងអង្ក្រង
- ដាក់កាពិចូល ជាមួយនឹងម្ទេស ម្សៅស៊ុប ខ្ទឹមក្រហម (ហាន់ជាចំណិតស្តើងៗ) និងបង្គាក្រៀម
- កូរឲ្យសព្វ ហើយទុករំងាស់ឲ្យពុះល្អ។
>>>វិធីទី២ (បែបថៃ)
-បុកម្ទេសក្រៀមឲ្យម៉ដ្ឋ ចិញ្ច្រាំខ្ទឹមស និងហាន់ជាខ្ទឹមក្រហមជាចំណិតស្តើងៗ
-លីងខ្ទឹមស ខ្ទឹមក្រហម និងម្ទេសស្រស់ ឲ្យឡើងឈ្ងុយ ហើយដាក់កាពិចូល រួចកូររហូតដល់ពុះ
-ដាក់ម្សៅស៊ុប ស្ករក្រហម ម្ទេសហុយ និងបង្គាក្រៀមដែលបុកហើយចូលក្នុង ហើយកូររំងាស់មួយសន្ទុះជាការស្រេច។
#3 អំបិលម្ទេសបុក
គ្រឿងផ្សំ៖ កាពិ ម្ទេស(ម្ទេសស្រស់ក៏បាន ម្ទេសហុយក៏បាន) ស្ករក្រហម ម្សៅស៊ុប ខ្ទឹមស-ក្រហម បង្គាក្រៀម
គ្រាន់តែបុកគ្រឿងទាំងអស់ចូលគ្នា (ខ្ទឹមសដាក់ក៏បាន មិនដាក់ក៏បាន) ឲ្យម៉ដ្ឋ
#4 អំបិលម្ទេសបង្គាក្រៀម
គ្រឿងផ្សំ៖ អំបិល ស្ករស ម្សៅស៊ុប បង្គាក្រៀម ម្ទេស ខ្ទឹមស
>>>វិធីទី 1
- លាយគ្រឿង (អំបិល ស្ករស ម្សៅស៊ុប ម្ទេសហុយ បង្គាក្រៀម) ចូលគ្នា ភ្លក្សមើលល្មម សឹមដាក់លីងឲ្យឡើងក្រៀម និងឈ្ងុយ
>>>វិធីទី 2
- លីងអំបិល រួចលើកចេញ ហើយលីងបង្គាក្រៀមម្តង
- បុកម្ទេស និងខ្ទឹមសឲ្យម៉ដ្ឋ ហើយដាក់គ្រឿង (ស្ករស ម្សៅស៊ុប) ឲ្យរាងម៉ដ្ឋល្មមហើយ សឹមដាក់បង្គាក្រៀមចូល បុកបន្ថែមបន្តិចទៀត។
#5 ទឹកត្រីស្ករ
គ្រឿងផ្សំ៖ ទឹកត្រី ស្ករក្រហម ម្ទេស
លាយទឹកត្រី ជាមួយនឹងស្ករក្រហម (ស្ករត្នោត) ហើយដាក់ម្ទេសចូលជាមួយ លាយចូលគ្នាឲ្យសព្វ
#6 ទឹកត្រីបង្គាក្រៀម
គ្រឿងផ្សំ៖ ទឹកត្រី ម្ទេស (ម្ទេសស្រស់ក៏បាន ម្ទេសហុយក៏បាន) ស្ករក្រហម ម្សៅស៊ុប ក្រហម បង្គាក្រៀម
- កូរស្ករក្រហមឲ្យឡើងជើងអង្ក្រង រួចចាក់ទឹកត្រីចូល រម្ងាស់ឲ្យពុះ
- ដាក់បង្គាក្រៀម ម្ទេស (ម្ទេសស្រស់ហាន់ល្អិតៗ ឬ ក៏ម្ទេសហុយ) គ្រឿង (ស្ករស ម្សៅស៊ុប) ខ្ទឹមក្រហម(ហាន់ជាចំណិតស្តើងៗ)។
#7 អំបិលម្សៅស៊ុប
គ្រឿងផ្សំ៖ ម្សៅស៊ុប ស្ករស ម្ទេស
ងាយជាងគេ គឺគ្រាន់តែលាយម្សៅស៊ុបខ្នរ ឬ រ៉តឌី ជាមួយនឹងស្ករ និងម្ទេស រួចបុកឲ្យម៉ដ្ឋជាការស្រេច!