ជីវប្រវត្តិ
នំបញ្ចុកខ្មែរឡើងស៊េរីដល់ក្នុងហាង អ្នកប្រហែលជាធ្លាប់តែញុំានំបញ្ចុកដែលគេរែកលក់ ឬលក់លើគ្រែតូចៗតែប៉ុណ្ណោះ ក៏ប៉ុន្តែឥលូវនេះនំបញ្ចុកខ្មែរឡើងស៊េរីដល់លក់នៅក្នុងហាងទំនើបហើយ។ តើអ្នកដឹងថា មាននៅកន្លែងណាទេ? ពេលនេះ Sabay សូមណែនាំហាងមួយកន្លែងដែលអ្នកអាចអង្គុយញុំានំបញ្ចុកប្រកបដោយផាសុខភាព និងមានឱជារសឆ្ងាញ់ជាប់មាត់។ បើជិះតាមបណ្ដោយផ្លូវ១៩៣ ខាងលិចផ្សារអូឡាំពិក អ្នកនឹងប្រទះឃើញហាងមួយដ៏ទាក់ទាញ និងមានស្លាកយីហោពណ៌បៃតងដែលសរសេរថា “នំបញ្ចុកកោះកុង”។ ការតុបតែងហាងលក្ខណៈស្ទីលខ្មែរដោយអំពូលភ្លើងកែច្នៃលម្អដោយល្អី និងចង្អេរ មានតុឈើតូចៗសម្រាប់អង្គុយគ្នាពីរៗនាក់ និងតុឈើវែងៗស័ក្តសមបំផុតក្នុងការទទួលទានជាលក្ខណៈគ្រួសារ ជួបជុំមិត្តភ័ក្តិ។ លោក កៀក ឆាយ ម្ចាស់ហាងរូបនេះ បានប្រាប់ឲ្យដឹងថា ដោយសារតែគាត់ចង់លើកស្ទួយដល់នំបញ្ចុកខ្មែរ និងចង់ផ្ដល់បរិយាកាសរីករាយដល់អតិថិជនតាមរយៈការអង្គុយទទួលទាននំបញ្ចុកដែលមានទាំងឱជារសឈ្ងុយឆ្ងាញ់ អនាម័យល្អ និងផាសុខភាព ទើបសម្រេចឲ្យគាត់បើកហាងនេះឡើង។ គេថា “ម្ហូបឆ្ងាញ់នឹងអន្លក់” ពិតណាស់! ជាពិសេសនំបញ្ចុកនេះតែម្ដង។ ពេលអ្នកដើរចូលទៅក្នុងហាងអ្នកនឹងឃើញមានអន្លក់ស្រស់ៗ៧-៨មុខតាំងតម្រៀបនៅលើតុ រង់ចាំអ្នកចាប់ដាក់ចាននំបញ្ចុក។ ហាងនេះមានលក់នូវនំបញ្ចុកពិសេស៤មុខ ដូចជា នំបញ្ចុកសម្លប្រហើរ នំបញ្ចុកសម្លការីត្រី នំបញ្ចុកកំពត និងនំបញ្ចុកការីកោះកុង។ អ្នកទទួលទាននឹងមិនខកបំណងនោះទេ ព្រោះនំបញ្ចុកទាំងនោះសុទ្ធតែចេញពីស្នាដៃយ៉ាងចំណានរបស់ម្ចាស់ហាងដែលមានដើមកំណើតមកពីទឹកដីកោះកុង។ អីចឹងបើចង់ញុំានំបញ្ចុកកោះកុង មិនចាំបាច់ជិះឡានទៅដល់ខេត្តកោះកុងទេ គ្រាន់តែទៅហាង “នំបញ្ចុកកោះកុង” អ្នកនឹងទទួលបានរសជាតិដើមពីខេត្តកោះកុងពិតៗ ហើយមានកន្លែងអង្គុយញុំាយ៉ាងស្រួលខ្លួនទៀតផង។ ហាងនេះចាប់បើកដំណើរការពីម៉ោង ៧ព្រឹកដល់៧យប់។ ពិសេសជាងនេះទៅទៀតនោះ ក៏មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះទៀតផង ដោយគ្រាន់តែអ្នកទូរសព្ទទៅលេខ ០១២ ២១១ ១១០/០៩៧ ២០៦ ៩៩៩៩៕