កន្លែងញ៉ាំល្បីៗទាំង១៣កន្លែងដែលអ្នកសៀមរាបចូលចិត្តទៅ សំខាន់តម្លៃសមរម្យទៀត!
អ្នកសៀមរាបភាគច្រើន ប្រាកដជាស្គាល់ម្ហូបខាងក្រោមនេះជាមិនខាន ល្បីច្រើនឆ្នាំហើយ សំខាន់ទីតាំងនៅក្នុងក្រុងទៀត។ ដល់ថ្នាក់ថា អ្នកខ្លះឲ្យតែទៅនៅឆ្ងាយ ដឹងតែនឹករសជាតិម្ហូបទាំងអស់ហ្នឹងតែម្តង ចង់ដឹងថាមានអ្វីខ្លះ? FoodBuzz នឹងរៀបរាប់ជូនត្រួសៗ ១៣កន្លែង៖
#1 បាយស្រូបអ៊ំហ៊ីង
បាយជាមួយសាច់អាំង លាយពងទា ហើយក្លែមជាមួយនឹងជ្រក់ល្ហុង-ត្រសក់ ថែមទឹកជ្រលក់ហឹរតិចៗទៀត ឆ្ងាញ់ម៉ាអេមតែម្តង។
- ទីតាំង៖ ផ្លូវជាមួយនឹងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (ជិត Hotel Home Indochine D’Angkor)
#2 បង្អែមឆ្ងាញ់ អ៊ីច្រិប
ឆ្ងាញ់ទាំងពងទាកូន ឆ្ងាញ់ទាំងជ្រក់ខ្ទឹម ឆ្ងាញ់ទាំងបង្អែមសៀម ជាពិសេសសរសៃវ៉ោយហ្នឹងម៉ង។ តែកុំទៅថ្ងៃសីលណា៎ គាត់អត់បើកលក់ទេ!
- ទីតាំង៖ ផ្លូវផ្សាររាត្រីអង្គរ (ជិត Toto Suite Residence)
#3 បាញ់ឆែវអង្គរ
ម្សៅបាញ់ឆែវស្រួយ សាច់ក៏ច្រើន ទឹកត្រីក៏ពិសេស ហើយក៏មានម្ហូបផ្សេងទៀតដូចជា ប្រហិតចៀន និងសាច់គោអាំងជាដើម។
- ទីតាំង ៖ ផ្លូវចំពីមុខប្រាសាទអង្គរវត្ត
#4 ម្ជូរអ៊ំង៉ា
ម្ជូរស្រស់ក៏មាន ម្ជូរប្រភេទត្រាំក៏មាន ចំណែកឯអំបិល កាពិ និងប្រហុកវិញ មានច្រើនជម្រើស ហើយរសជាតិ គឺពិតជាពិសេស។ នៅទីនេះ ក៏មានលក់ប្រហិតចៀនច្រើនមុខ ប្រហិតបន្លែ នំប៉័ងចៀន ផ្ទាប់ជាមួយនឹងត្រកួនផងដែរ។
- ទីតាំង ៖ នៅជិត Tree House International School
#5 បាយឆាអ៊ីប្រជ្រុយ
អាហារពេលល្ងាចបែបបាយឆា មីឆា ដែលរសជាតិឆ្ងាញ់ប្លែកពីគេ មានលក់នៅទីនេះ។
- ទីតាំង ៖ ផ្លូវលេខ៥ (ក្បែរវិទ្យាល័យ១០មករា)
#6 លៀសអ៊ីទុំ
លៀសដាក់កម្តៅលើចានឲ្យពុះ ជ្រលក់ជាមួយទឹកអំពិលទុំ ក្លែមជាមួយនឹងទឹកអំពៅត្រជាក់ៗ ចាប់មាត់ជីបៗ។ ក្រៅពីលៀស ក៏មានខ្យង ខ្ចៅ ពងក្រួច និងអាហារសម្រន់ឆ្ងាញ់ៗផ្សេងទៀតផងដែរ។
- ទីតាំង ៖ ផ្លូវថ្មមាស ជិត St. George's International School (ពេលព្រឹក និងរសៀល) និងនៅផ្លូវ៦០ម៉ែត្រ (ពេលល្ងាច និងយប់)
#7 រស្មីសៀមរាប ស៊ុបក្រចកជើងគោ (ស៊ុបក្រោមផ្ទះ)
ជាកន្លែងដែលអ្នកអាចហុតខួរខ្មងជង្គង់ ឬញ៉ាំស៊ុបក្រចកជើងគោក្តៅៗ ឈ្ងុយៗបាន។
- ទីតាំង ៖ ផ្លូវលំវត្តដំណាក់ (ផ្លូវសាលាកំរើក ជិត Bavaria Restaurant & Bar)
#8 មីកូឡា សៀមរាប
ម្ហូបប្រចាំហាង គឺ មីកូឡា ហ្នឹងហើយ តែក៏មានអាហារសម្រន់ជាច្រើនទៀតដូចជាបាញ់ស៊ុង បាញ់ឆែវ បាញ់ហយ ណែម និងបង្អែម។
- ទីតាំង ៖ កែងផ្លូវវត្តបូព៌ ឡើងទៅស្ពានវត្តបូព៌ (ជិត Cambodia Harmony Service)
#9 បបរមាន់ ភ្នំបាក់ខែង
បបរសាច់មាន់រសជាតិពិសេស ហុតក្តៅៗពេលរសៀល ឬ ល្ងាចឡើង បំពេញថាមពលក្រោយពីហត់នឿយមួយថ្ងៃ។
- ទីតាំង ៖ ទល់មុខភ្នំបាក់ខែង
#10 សាច់គោអាំងវត្តដំណាក់
សាច់គោដោតចង្កាក់អាំង ញ៉ាំផ្ទាប់ជាមួយជ្រក់ល្ហុងស្រស់ៗ រួមជាមួយនឹងនំប៉័ងក្តៅៗស្រួយៗ
- ទីតាំង ៖ ជិតវត្តដំណាក់ (ជាប់ Khmer Art Printing House)
#11 ខគោមាត់ស្ទឹង
ញ៉ាំខគោជាមួយនំប៉័ងស្រួយៗ ឬ មីស្រុះ ជាអាហារពេលព្រឹកមួយបែប ដែលពេញនិយមនៅទីនេះ តែក៏មាននូវអាហារពេលព្រឹកច្រើនមុខទៀតផងដែរ។
- ទីតាំង ៖ ជាប់របងសាលាមត្តេយ្យអង្គរ (ជិត Angkor Fashion Plaza)
#12 មីគាវសៀមរាប
ឆ្ងាញ់ទាំងទឹកស៊ុប ទាំងសាច់ទា និងគាវ ហើយបើញ៉ាំពេលភ្លៀងត្រជាក់ៗ ហុតទឹកស៊ុបក្តៅៗ រឹតតែអេមហ្មង។
- ទីតាំង ៖ ផ្លូវវត្តបូព៌ ឡើងទៅស្ពានវត្តបូព៌
#13 ម្លប់ពោធិ៍ កាហ្វេ
ម្ហូបពិសេស គឺឈុតបុកល្ហុងស្លាបមាន់+បាយដំណើប ភីហ្សាស្តើងតែស្រួយ ឈុតស៊ុបម្រះ តែក៏មានជម្រើសនៃម្ហូបខ្មែរ ជប៉ុន ថៃ និងអឺរ៉ុបជាច្រើនទៀត។
- ទីតាំង ៖ ផ្លូវអាចារ្យស្វា (ជិតសណ្ឋាគារស៊ីធីរីវើរ)