នំខ្មែរទាំង ៥ នេះដែលអ្នកមិនគួររំលង
ពួកយើងធ្លាប់តែណែនាំម្ហូបបែបខ្មែរ អឺរ៉ុប កូរ៉េ ថៃជាដើម! ឥឡូវមកស្គាល់ពីនំបែបប្រពៃណីខ្មែរយើងវិញម្ដងមើល៎ ដើម្បីរំលឹកស្នាដៃខ្មែរផងដែរ។ ប្រសិនបើអ្នកកំពុងតែចង់ញ៉ាំនំបែបខ្មែរ អាចសាកនំទាំង ៥ ប្រភេទនេះបាន!
១. នំផ្លែអាយ
នំផ្លែអាយ គឺជានំតូចៗមួលៗដែលធ្វើពីម្សៅអង្ករដំណើបមានស្ករត្នោត ជាស្នូលនៅចំកណ្ដាល នៅពេលខាំទៅវាមានភាពទន់ លាយជាមួយរសជាតិផ្អែមចេញ ពីស្ករត្នោតដែលជាស្នូលរបស់នំនេះ។ មុនពេលញ៉ាំ គេធ្វើការបន្ថែមដូង និងល្ង រោយពីលើនំ ដើម្បីបង្កើតរសជាតិនំឲ្យកាន់តែឆ្ងាញ់។ នំនេះភាគច្រើន គេពេញនិយមរៀបចំដាក់ក្នុងកម្មវិធីមង្គលការ និងបុណ្យផ្សេងៗ មិនតែប៉ុណ្ណោះ អ្នកក៏អាចរកទិញនំនេះនៅតាមដងផ្លូវ ឬនៅក្នុងផ្សារនៅជិតផ្ទះរបស់អ្នក។
២. នំអម្សម
នំអន្សម ជានំដែលមានសារៈសំខាន់ណាស់ក្នុងវប្បធម៌ប្រពៃណីខ្មែរ។ វាធ្វើពីអង្ករដំណើបដែលមានស្នូលពោរពេញទៅដោយសណ្ដែក ចេក ខ្នុរ និងសាច់ជ្រូក រួចរុំជាមួយស្លឹកចេក។ នៅពេលដែលមានពិធីបុណ្យជាតិម្ដងៗ ស្ទើរតែគ្រប់ក្រុមគ្រួសារតែងតែ ចំណាយពេលធ្វើនំអន្សម សម្រាប់ប្រគេនព្រះសង្ឃនៅតាមវត្តអារាម ឬទទួលទានជាមួយក្រុមគ្រួសារ។ មួយវិញទៀត បើយកនំអម្សមទៅចៀន ឬអាំងជ្រលក់ជាមួយទឹកត្រីដឹងតែមានជាតិខ្លាំងតែម្តង។
៣. នំគម
នំគម គឺជាបង្អែមប្រពៃណីដែលធ្វើឡើងជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឬពិធីមង្គលការ។ វាជានំអង្ករផ្អែមរបស់ខ្មែរដែលធ្វើពីម្សៅអង្ករដំណើប ពោរពេញដោយដូងស្រស់ និងស្ករត្នោតជាស្នូលខាងក្នុង។ នំគមត្រូវបានបង្កើតឡើងជារាងពីរ៉ាមីត ដែលគេធ្វើការរុំជាមួយស្លឹកចេក ដូចនំអន្សមដែរ។
៤. នំអាកោរ
នំអាកោរ គឺជាបង្អែមប្រពៃណីខ្មែរដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ។ វាជាអង្ករដំណើបផ្អែមដែលត្រូវចំហុយក្នុងពែងតូចៗដើម្បីឲ្យចេញរូបរាងមូលស្អាត ប៉ុន្តែបច្ចុប្បន្ននេះ គេមានស្រោចទឹកខ្ទិះដូងក្រាស់រាងខាប់ ដើម្បីបន្ថែមក្លិន និងរសជាតិឲ្យកាន់តែឆ្ងាញ់ ដែលគេហៅឈ្មោះមួយទៀតថា នំអាកោរត្នោត។ វាជាបង្អែមដែលប្រជាជនខ្មែរគ្រប់វ័យ មិនថាចាស់ ឬក្មេងគឺចូលចិត្តសឹងតែគ្រប់គ្នា។ បើដាច់លុយចុងខែឃ្លានអាកោរក៏អាចទិញញាំុបានដែរ ព្រោះមួយប្រអប់តែ ៣០០០ រៀល ទៅ ៤០០០ រៀលតែប៉ុណ្ណោះ។
៥. នំកង
នំកង ជាទូទៅគេហៅថា នំដូណាត់ខ្មែរ ត្រូវបានធ្វើចេញពីម្សៅអង្ករដំណើប ដោយមិនមានស្នូលអ្វីទាំងអស់ រួចយកទៅដាក់បំពង។ បន្ទាប់មកគេដាក់ប្រឡាក់វាដោយទឹកស្ករឆ្អិន និងរោយជាមួយល្ងពីលើ។ វាមានរសជាតិស្រួយពីខាងក្រៅជាមួយជាតិផ្អែមនៃទឹកស្ករ ដែលស្រោចពីលើ ឯនៅខាងក្នុងវិញមានភាពទន់គួរឲ្យចង់ញ៉ាំ។ អ្នកទាំងអស់គ្នាអាចរកទិញបានគ្រប់ទីកន្លែងនៅជិតផ្ទះ ឬនៅក្នុងផ្សារ មានតម្លៃត្រឹមតែ 500 រៀលក្នុងមួយនំតែប៉ុណ្ណោះ។
នំខ្មែរយើងក៏មិនចាញ់នំខាងប៉ែកអឺរ៉ុបដែរ មានទាំងរសជាតិឆ្ងាញ់ និងតម្លៃសមរម្យទៀតផង។ ពេលស្រ្តេស អត់សប្បាយចិត្ត មាននំឆ្ងាញ់ៗ ផ្អែមៗ ដឹងតែបាត់សេដភ្លាមតែម្តង។