ទៅ Factory Phnom Penh រាល់ដង ដឹងថាមានអីញាំុខ្លះអត់?
អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ Factory Phnom Penh តាមរយៈការចូលរួមកម្មវិធីដូចជា បុណ្យភូមិ និងកម្មវិធីផ្សេងៗទៀត ហើយសម្រាប់អ្នកអត់ទាន់ស្គាល់ចាំដាក់លីងនៅខាងក្រោមឲ្យ កន្លែងនេះស្ថិតនៅខាងត្បូងមហាវិថីព្រះនរោត្តម ឆ្ពោះទៅចាក់អង្រែលើ ផ្លូវជាតិលេខ ២។ នៅទីនោះមានទិដ្ឋភាពសិល្បៈ និងជញ្ជាំងគំនូរជីវចលដ៏រស់រវើកពីស្នាដៃសិល្បៈកូនខ្មែរយើងមានទាំងកង់ជិះកម្សាន្ត និងជិះស្គីទៀតផង។ មានធ្លាប់ឆ្ងល់ថាពេលទៅលេងនៅ Factory ម្ដងៗមានកន្លែងអីខ្លះញាំុ? ចម្លើយគឺមានតាំងពីមុខម្ហូបបែបប្រពៃណីខ្មែរ រហូតដល់អាហារបែបអន្តរជាតិ ខាងក្រោមនេះជាការណែនាំអំពីភោជនីយដ្ឋានសម្រាប់ញាំុអាហារនៅ Factory Phnom Penh ដែលឆ្ងាញ់ហើយមានតម្លៃសមរម្យទៀត។
បញ្ជាក់៖ ហាងតាមលំដាប់ពីស្ពានអាកាសទៅផ្លូវជាតិលេខ ២
១. Fulcrum Cafe
មានទីតាំងនៅចំកណ្តាលបរិវេណ Factory Phnom Penh តែម្ដង Fulcrum Cafe គឺជាហាងកាហ្វេដ៏កក់ក្ដៅដែលបម្រើនូវម្ហូបខ្មែរ និងអន្តរជាតិដ៏ឈ្ងុយឆ្ងាញ់។ បរិយាកាសនៅទីនោះមានភាពដ៏កក់ក្តៅ កាហ្វេនៅទីនោះវិញឆ្ងាញ់ហើយមានតម្លៃសមរម្យទៀត បើនិយាយពីនំសូកូឡាវិញសាច់នំឆ្ងាញ់សាហាវ។
២. Little Village Garden Bistro
មានភោជនីយដ្ឋានមួយនៅទល់មុខ Fulcrum Cafe ដែលមានការតុបតែងបែបខ្មែរបែបបុរាណ មើលទៅប្លែកភ្នែក និងផ្តល់ជូននូវមុខម្ហូបខ្មែរចម្រុះជាច្រើន។ មុខម្ហូបដ៏ល្បីបំផុតរបស់ពួកគេគឺទាដុត ដែលមានរសជាតិឈ្ងុយឆ្ងាញ់។ បើគុយទាវទាអាំង និងមីស៊ុបទាវិញគឺថាល្បីប្រចាំហាងរបស់ពួកគេតែម្ដង ព្រោះសាច់ណែន គ្រឿងប្រឡាក់របស់គេ មានជាតិខ្លាំងៗ ហើយកុំភ្លេច បាយទាមួយទៀតក៏មិនចាញ់ពីគុយទាវ និងមីស៊ុបដែរ ទាំអរសជាតិឆ្ងាញ់ ហើយក្នុងតម្លៃសមរម្យទៀត។
៣. Le Plov
អ្នកមកចង់ញាំុបាយ និងពេលល្ងាចមួយកន្លែងនេះត្រូវម៉ាចតែម្ដង មានមុខម្ហូបឆ្ងាញ់ ថ្មីៗចំនួនប្រាំមួយមុខជារៀងរាល់ថ្ងៃ ហើយក្នុងម្ហូបមួយមុខមានតម្លៃសមរម្យ ធានាថាអ្នកអាចភ្លក្សរសជាតិដឹងតែអត់ខកបំណងទេ ជាពិសេសទៀតនោះពេលទទួលទានអាហារនៅទីនោះហើយ គេមានថែមបង្អែមឆ្ងាញ់ៗផងដែរ។
៤. MAE - ម៉ែ
MAE - ម៉ែ គឺជាភោជនីយដ្ឋានដ៏កក់ក្ដៅតូចមួយដែលបម្រើម្ហូបខ្មែរបែបបុរាណជាមួយនឹងភាពទំនើបទាន់សម័យដែលធ្វើដោយចាស់ៗផ្ទាល់។ អាម៉ុកគុយរី ជាមុខម្ហូបដែលគួរសាក ធ្វើដោយត្រីស្រស់ ឬសាច់ក្នុងទឹកខ្ទិះដូង ហើយចំហុយវាជាមួយនឹងស្លឹកចេក។ ធានាថាដូចបានញាំុម្ហូបម៉ាក់ធ្វើចឹង និងពេញចិត្តតែម្ដង។
៥. Pom Pom Eatery
មួយកន្លែងនេះវិញជាកន្លែងអាហារសម្រន់តូចមួយដែលមានបរិយាកាសបែបជប៉ុនទំនើប។ វាជាភោជនីយដ្ឋាន Asian Fusion ដែលមានអាហារឆ្ងាញ់ៗជាច្រើនមុខដូចជា បាយត្រី salmon ផ្លែបឺរ ស្ងោរពោះជ្រូកជប៉ុន ការីកាស៊ូជប៉ុន និងអាហារសម្រន់ជាច្រើនទៀតដែលគួរសាកល្បង។ បើនំប៉ាវគេវិញមានទាំងសាច់ជ្រូកបីជាន់នៅក្នុងនឹង បាយសាច់គោ នំប៉ាវគីមឈី តែទឹកដោះគោថៃ គ្រប់មុខត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន និងមានរសជាតិឆ្ងាញ់។
៦. HKong Tea
មានទីតាំងនៅទល់មុខ Pom Pom Eatery, HKong Tea គឺជាហាងភេសជ្ជៈបែបតែទឹកដោះគោដែលមានបម្រើជម្រើសតែឆ្ងាញ់ៗជាច្រើនប្រភេទដូចជាតែទឹកដោះគោ តែ peach oolong ជាមួយក្រែម តែ Chrysanthemum lemon តែក្រូចថ្លុង តែបៃតង និងច្រើនទៀត។ បើបានដាក់មួយកែវដឹងតែត្រជាក់ដល់បេះដូងតែម្ដង!
៧. Bread Point
ជិះកង់តែបន្ដិចពីក្នុងបរិវេណ Factory ដល់ហាងនំប័ុង Bread Point ដែលនៅក្នុងខុនដូ Urban Village នោះហើយ។ ហាងនំប៉័ងមួយដែលមានជម្រើសនំសាំងវិច និងនំឆ្ងាញ់ៗជាច្រើន។ អ្នកក៏អាចជ្រើសរើសភេសជ្ជៈជាច្រើនប្រភេទ ដើម្បីរីករាយជាមួយនំប៉័ងរបស់អ្នកផងដែរ។
៨. Aeon Maxvalu
ម៉ានអ៊ីអន ដែលផ្តល់ជូននូវទំនិញជាច្រើនមុខ ចាប់ពីការផ្គត់ផ្គង់ រហូតដល់អាហារ និងភេសជ្ជៈ។ អ្នកអាចជ្រើសរើសទិញអ្វីដែលអ្នកចង់បាន រួមទាំងអាហារថ្ងៃត្រង់ ភេសជ្ជៈ បន្លែ សាច់ ផ្លែឈើដែលមានតម្លៃសមរម្យចង់បានអីក៏មានដែរ។
៩. Goldwell Cafe
ស្ថិតនៅជាប់នឹង Bread Point នៅ Urban Village Condo តែម្ដងហាង Goldwell Cafe គឺជាហាងកាហ្វេដែលមានបម្រើទាំងភេសជ្ជៈ និងមុខម្ហូបប្រពៃណីវៀតណាម ក៏ដូចជាអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់មួយចំនួនផងដែរ។ ភូវវៀតណាម គឺជាមុខម្ហូបដែលគួរសាកល្បង ធានារសជាតិឈ្ងុយឆ្ងាញ់។
ទីតាំង៖ FACTORY Phnom Penh