ភេសជ្ជៈ៥មុខនេះ ជួយសម្រួលបំពង់ក និងបង្កើនប្រព័ន្ធភាពស៊ាំ ដល់រាងកាយរបស់យើង
ក្នុងរដូវកាលជំងឺកូវីដផ្ទុះខ្លាំងបែបនេះយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ថែរក្សាខ្លួនឲ្យមានសុខភាពល្អ។ ក្រៅពីយើងត្រូវអនុវត្តគន្លាតសង្គមហើយយើងក៏ត្រូវមានរូបមន្តព្យាបាលដើម្បីឲ្យខ្លួនយើងមានភាពកក់ក្តៅ កុំឲ្យឈឺ ឬរលាកបំពង់កព្រមទាំងបង្កើនប្រព័ន្ធភាពស៊ាំរបស់យើង។ ដោយហេតុនេះ ពួកយើងណែនាំឲ្យអ្នកទាំងអស់គ្នាទទួលទានភេសជ្ជៈ ៥ មុខខាងក្រោមនេះ ដែលល្អសម្រាប់សុខភាព។
១. តែទឹកឃ្មុំក្រូចឆ្មា
តែនេះស្រួលធ្វើណាស់គ្រាន់តែលាយទឹកក្តៅធម្មតា ជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយនិងច្របាច់ ក្រូចឆ្មាបន្តិចដាក់ចូលជាការស្រេច តែកុំមើលងាយឲ្យសោះព្រោះតែនេះ មានប្រសិទ្ធភាព ជាងអ្វីដែលអ្នកគិតទៅទៀត។ វាជួយឲ្យយើងធូរស្បើយពេលឈឺបំពង់ក ក្អកនិងកាត់បន្ថយហៀរសំបោរ។ តែនេះមានវីតាមីនសេច្រើនដែលជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។
២. តែខ្ញីនិងស្លឹកគ្រៃ
ប្រជាជនខ្មែរភាគច្រើនចូលចិត្តផឹកតែខ្ញីនិងស្លឹកគ្រៃពេលផ្តាសាយនិងឈឺបំពង់ក។ ខ្ញីនិងស្លឹកគ្រៃ គឺជាគ្រឿងផ្សំដែលមានអត្ថប្រយោជន៍ច្រើនណាស់ដោយវាអាចការពារអ្នកពីវីរុសឆ្លង ជួយធ្វើឲ្យធូរស្បើយ ពេលឈឺបំពង់ក និងកាត់បន្ថយការកកស្ទះសំបោរនៅក្នុងច្រមុះ។ អ្នកអាចលាយទឹកក្តៅជាមួយ ខ្ញីនិង ស្លឹកគ្រៃទុកមួយសន្ទុះរួចទទួលទានបានជាស្រេច។
៣. តែឈើអែម
តែនេះមានក្លិនក្រអូបប្រហើរ។ តែ ឈើអែម ផ្តល់ភាពកក់ក្តៅដល់ខ្លួនយើង និងជួយសម្រួល ដល់បំពង់ក ព្រមទាំងកាត់បន្ថយការរលាកបំពង់កជាដើម។ ដើម្បីធ្វើតែមួយប្រភេទនេះ យើងត្រូវកម្តៅទឹកដោះគោ ១ ពែង ឲ្យក្តៅ ល្មមហើយដាក់ម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ ម្សៅខ្ញី កន្លះស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ ស្លាបព្រាបាយ ជាការស្រេច។
៤. តែបៃតង
អ្នកណាមិនចូលចិត្តតែបៃតងនោះ? តែបៃតងមិនត្រឹមតែឆ្ងាញ់នោះទេ យើងអាចយកតែបៃតងទៅ ធ្វើភេសជ្ជច្រើនប្រភេទទៀតផង។ តែមានផ្ទុកនូវសារធាតុប្រឆាំង អុកស៊ីតកម្មខ្ពស់ដែលអាចជួយ បង្កើនប្រព័ន្ធភាពស៊ាំរបស់យើងនិងអាចជួយការពារជំងឺផ្តាសាយផងដែរ។
៥. តែក្រូចឆ្មា
ទឹកតែក្រូចឆ្មាជាភេសជ្ជចម្បងតែម្តងសម្រាប់ប្រជាជនកម្ពុជា។ មនុស្សគ្រប់គ្នានៅខ្មែរប្រាកដ ជាធ្លាប់បាន ផឹកតែក្រូចឆ្មាហើយ។ វានឹងរឹតតែល្អប្រសិនជាអ្នកទាំងអស់គ្នានឹងបន្តផឹកតែក្រូច ឆ្មានោះព្រោះវាល្អ ចំពោះសុខភាពយើង។ វាល្អត្រង់ថាក្រូចឆ្មាមានសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីនសេខ្ពស់ ដែលជួយបង្កើនប្រព័ន្ធភាពស៊ាំនិងជួយឲ្យសាច់ស្អាតទៀត។
ប្រភព: INSIDER, Healthline, Keyingredient, Good Housekeeping
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz
