ត្រៀមៗ! ប៊្រេនហាងអាហារល្បីៗទាំង៤នេះនឹងបើកដំណើរការនៅកម្ពុជាយើងក្នុងឆ្នាំ២០២១នេះហើយ

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថានៅប៉ុន្មានឆ្នាំចុងក្រោយនេះមានប៊្រេនហាងអាហារល្បីៗជាច្រើនបានធ្វើការពង្រីកខ្លួនមកបើកសាខានៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសនៅក្នុងទីក្រុងភ្នំពេញផ្ទាល់តែម្តង។ មានទាំងភោជនីយដ្ឋានបែបប្រណិតៗ ហាងអាហាររហ័ស ហាងកាហ្វេ និងហាងតែគុជជាដើម។ ដោយឡែកនៅក្នុងឆ្នាំ២០២១នេះ មានប៊្រេនហាងអាហារធំៗចំនួន៤ទៀត នឹងចូលខ្លួនមកបម្រើអតិថិជន នៅក្នុងប្រទេសកម្ពុជាយើងបន្ថែមទៀត៖ 

#1. Papa John's Pizza

Papa John's Pizza ជាប្រ៊េនភីហ្សាដ៏ធំជាងគេមួយរបស់សហរដ្ឋអាមេរិក បាន​មកបើកសាខាដំបូងរបស់ខ្លួននៅប្រទេសកម្ពុជាយើងហើយក្នុងឆ្នាំ២០២១នេះ។ ប៊្រេនភីហ្សារបស់អាមេរិកមួយនេះចាប់កំណើតតាំងពីឆ្នាំ១៩៨៤មក ហើយបច្ចុប្បន្ននេះមានសាខាសរុបរហូតដល់ទៅជាង៥០០០កន្លែងនៅក្នុង៤៥ប្រទេសជុំវិញពិភពលោក។

ឮល្បីថាភីហ្សានៅហាងមួយនេះ រសជាតិឆ្ងាញ់ប្លែកពីគេ​ ថែមទាំងប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់ទៀត។ អ៊ីចឹងពេលបើកដំណើរការ ចាំទៅសាកទាំងអស់គ្នា!

Papa John's Pizza គ្រោងនឹងបើកសម្ពោធសាខាទី១របស់ខ្លួននៅភ្នំពេញក្នុងខែមិនានេះហើយ ដូច្នេះសម្រាប់ទីតាំង និងព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចតាមដានក្នុង Facebook page, Papa John's Pizza Cambodia ផ្ទាល់បាន។ 

#2. Paris Baguette

Paris Baguette ជាប៊្រេនហាងនំប៉័ងដ៏ល្បីមួយរបស់ប្រទេសកូរ៉េខាងត្បូង បង្ហាញខ្លួនដំបូងតាំងពីឆ្នាំ១៩៨៨មកម្លេះ។ ហាងមួយនេះផ្តោតសំខាន់ទៅលើនំប៉័ងរសជាតិដើមបែបបារាំង! លើសពីនេះក៏មានជានំខេក នំ Pastry សាំងវិច កាហ្វេ និងតែ រសជាតិប្រចាំហាងផងដែរ។ 

បច្ចុប្បន្នប្រ៊េនហាងនំប៉័ងរបស់កូរ៉េមួយនេះ មានសាខាសរុបរហូតដល់ទៅជាង៤០០០កន្លែងនៅជុំវិញពិភពលោក។ ដោយឡែកសាខាដំបូងរបស់ Paris Baguette នៅកម្ពុជាយើងមានទីតាំងនៅផ្ទះលេខ៣ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។ 

អ្នកទាំងអស់គ្នាអាចតាមដាន Facebook page, Paris Baguette Cambodia បានសម្រាប់ព័ត៌មានបន្ថែម និងថ្ងៃបើកសម្ភោធ។ 

#3. Gong cha

ធ្លាប់មកកម្ពុជាយើងម្តងហើយ ប៉ុន្តែទៅវិញបាត់កាលពី ៤​ ៥ឆ្នាំមុន ធ្វើឲ្យហ្វេនៗមិនតិចទេនឹករសជាតិតែគុជដ៏ឈ្ងុយឆ្ងាញ់ របស់ហាងពីប្រទេសតៃវ៉ាន់មួយនេះ។

ប៉ុន្តែការទន្ទឹងរង់ចាំរបស់ហ្វេនៗត្រូវបានបញ្ចប់ហើយ ដោយសារតែនៅឆ្នាំ២០២១នេះ Gongcha នឹងបើកដំណើរការសាខាដំបូងរបស់ខ្លួនឡើងវិញនៅថ្ងៃទី៨ មិនានេះ នៅម្តុំបឹងកេងកងយើងហ្នឹង។

សម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នាអាច Follow ឬក៏ Like Facebook page, Gong cha Cambodia បាន។ 

#4. 7 Eleven

7 Eleven ជាប្រ៊េនហាងទំនិញខ្នាតតូចដ៏ល្បីល្បាញ ចាប់បើកដំបូងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩២៧ ហើយបច្ចុប្បន្ននេះមានទីស្នាក់ការធំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ទីតាំងសរុបរបស់ 7 Eleven នៅពេលនេះមានសរុបរហូតដល់ទៅជាង ៧០០០០ កន្លែងឯណោះជុំវិញពិភពលោក។ 

7 Eleven ផ្តោតទៅលើភាពងាយស្រួលរបស់អតិថិជន ដោយនៅហាងមួយនេះមានលក់អាហារសម្រន់ អាហារកញ្ចប់ និងភេសជ្ជៈឆ្ងាញ់ៗ ជាច្រើនប្រភេទ ច្រើនជ​ម្រើស។

ហើយនៅក្នុងឆ្នាំ២០២១នេះ 7 Eleven នឹងមានវត្តមានជាលើកដំបូងនៅកម្ពុជាយើងផងដែរ។ អ៊ីចឹងសម្រាប់ទីតាំង និងថ្ងៃបើកសម្ពោធ អ្នកទាំងអស់គ្នាអាចតាមដាននៅក្នុង Facebook Page ផ្លូវការ ​7 Eleven Cambodia បានណា៎។ 

ព័ត៌មានគួរតែអានបន្ទាប់