ទៅលេងសៀមរាប ចង់បបរមាន់ស្រែ កុំភ្លេច សាឡៃ បបរមាន់ស្រែ
លឺល្បីល្ហៀងៗពីអ្នកខេត្តសៀមរាបសឹងតែគ្រប់គ្នាថាមានហាងបបរមាន់ថ្មីមួយឆ្ងាញ់ រហូតដល់មិនត្រឹមតែអ្នកសៀមរាបទេពេញនិយម សូម្បីតែអ្នកភ្នំពេញខ្លះខំស្កាត់មកពីនាយមករកហូបបបរមាន់នៅទីនេះទៀត។

ឥឡូវប្រិយមិត្តចង់ស្គាល់ដែរអត់? ស្រួលពេលទៅលេងសៀមរាបអី ឬពេលអុំទូកប៉ុន្មានថ្ងៃទៀតនេះតែម្ដង កុំឲ្យថាបានទៅដល់សៀមរាបហើយមិនបានភ្លក្សបបរមាន់ឆ្ងាញ់!


បបរមាន់ដែលល្បីនិងមានរសជាតិឆ្ងាញ់ កក់ក្ដៅដល់បេះដូងនេះគឺជា សាឡៃ បបរមាន់ស្រែ អ្នកខេត្តសៀមរាបដែលទើបបើកលក់បានប្រហែលមួយឆ្នាំប៉ុណ្ណោះ ប៉ុន្ដែទទួលបានការគាំទ្រខ្លាំងមែនទែន រហូតដល់លក់បបរអស់មុនម៉ោងបិទហាងជាញយដង ហើយមូលហេតុដែលបបរមាន់នៅទីនេះល្បីពេញនិយមនោះដោយសារមូលហេតុចំបងៗដែលរួមមាន៖
- រសជាតិបបរមាន់ឆ្ងាញ់ហើយប្រើមាន់ស្រែពិតៗ
- ការតុបតែបលំអក៏ប្លែកស្អាតទាក់ភ្នែក
- ការយកចិត្តទុកដាក់ទាំងរសជាតិ និងអនាម័យ
- ជាចុងក្រោយនោះគឺទីតាំងផ្ទាល់តែម្ដង - ងាយណាបានញ៉ាំបបរមាន់នៅជិតអាងហែលទឹកអ៊ីចេះនោះ!



ឈុតបបរមាន់នៅសាឡៃ បបរមាន់ស្រែ អ្នកខេត្តសៀមរាបនេះគឺមានច្រើនឈុត ច្រើនជំរើសទៅតាមចំណង់ចំណូលចិត្តអ្នកញ៉ាំ រួមមានជាឈុតបបរមាន់ធម្មតាក្នុងតម្លៃយ៉ាងសមរម្យត្រឹមតែ 6,000៛ ដែលមានជាសាច់មាន់ហែក ផ្សិត គ្រឿងក្នុងមាន់ និងឈាម។ ឈុតបន្ទាប់វិញគឺបបរមាន់កុម្ម៉ង់ក្នុងតម្លៃ 8,000៛ ដែលមានបន្ថែមជាស្លាបមាន់ទាំងមូល ព្រមទាំងពងមាន់ផងដែរ សំរាប់ពេលណាកំពុងតែឃ្លានខ្លាំងអី មួយឈុតនេះដឹងតែឆ្អែតតឹងពោះតែម្ដង!

ឈុត 2 បន្ទាប់ទៀតនេះគឺជាឈុតពិសេសៗ ទាំងច្រើនអាចញ៉ាំបាន 2 នាក់ សំរាប់ឈុតពិសេសតូចតម្លៃ 12,000៛ ឬក៏អាចបាន 3 នាក់ សំរាប់ឈុតពិសេសធំតម្លៃ 15,000៛ ទាំងការរៀបចំយ៉ាងស្រស់ស្អាត ដោយមានចានបបរដាក់ក្នុងកូនល្អីដ៏ប្លែក និងរៀបចំដាក់ក្នុងកូនចង្អេរដែលរួមមានចានជី ខ្ទឹម និងខ្ញីសំរាប់ថែមតាមចិត្តចង់ និងឆាខ្វៃផងដែរ។ និយាយទៅស្អាតប្លែកភ្នែក បានញ៉ាំឆ្ងាញ់ហើយបានថតរូបស្អាតៗទុកបង្ហោះចែកគេឯងមើលទៀត។

សំរាប់ឈុតពិសេសទាំងពីរនេះគឺស្រដៀងគ្នាដោយសុទ្ធតែមានភ្លៅមាន់ទាំងមូល គ្រឿងក្នុងមាន់ ឈាម ផ្សិត និងពងមាន់ដូចគ្នាយ៉ាងហៀហូរពេញមួយចានបឹប គ្រាន់តែខុសគ្នាម៉ាញិបត្រង់ថាឈុតធំមានបន្ថែមជាកញ្ចូញគូទមាន់ អ៊ីចឹងហើយប្រិយមិត្តណាចូលចិត្តគូទមាន់អីហ្នឹង ដាក់ឈុតធំទៅដឹងតែត្រូវចិត្តម៉ាច់ហ្មង!

អញ្ចឹងកុំភ្លេចឲ្យសោះណា ដើរលេងប្រាសាទហត់អស់កម្លាំង ចង់រកបបរមាន់ប៉ូវយកកម្លាំងវិញ កុំភ្លេចសាឡៃ បបរមាន់ស្រែឲ្យសោះណា៎! សំខាន់បានឆ្ងាញ់ហើយបានថតរូបលេងស្អាតៗទៀត រកណាបាន?

ទីតាំង៖ ក្រោយផ្សារទំនើប Angkor Market ប្រហែល 100m ខេត្តសៀមរាប | Googlemap បើកពីម៉ោង: 1PM - 7PM ទំនាក់ទំនង:012 99 42 92/069 63 83 44