មករៀនធ្វើម្ហូបដូចអ្នកប៉េណាង (Penang) ជាមួយអ្នកស្រី Bee Lee Tan
កាលពីថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2022 ក្រុមការងារ FoodBuzz បានចូលរួមកម្មវិធីសម្ពោធសៀវភៅមុខម្ហូបប៉េណាង ដែលមានឈ្មោះថា “Penang Nyonya Cuisine with Elegance” នៅឯសណ្ឋាគារ Himawari។ នៅក្នុងកម្មវិធីមានការគាំទ្រជាច្រើនពីសំណាក់ប្រជាជនម៉ាឡេស៊ីរស់នៅកម្ពុជា ជនជាតិបរទេស និងខ្មែរដែលចូលចិត្តអាហារប៉េណាងផ្ទាល់តែម្ដង។
សៀវភៅ “Penang Nyonya Cuisine” សរសេរ និងរៀបរៀងដោយអ្នកស្រី Bee Lee Tan ដែលមានដើមកំណើតនៅប៉េណាងផ្ទាល់តែម្ដង។ ហើយនេះមិនមែនជាសៀវភៅដំបូងរបស់គាត់ឡើយ គឺជាសៀវភៅទី 3 របស់គាត់ដែលបានបោះពុម្ភលក់ចែកចាយក្នុងទីផ្សារទូទាំងពិភពលោក។ រវាងសៀវភៅមួយទៅសៀវភៅមួយ សុទ្ធតែមានភាពខុសគ្នា និងចំណុចគួរឲ្យចាប់អារម្មណ៍។ សៀវភៅទី 1 អ្នកស្រីសរសេរផ្ទាល់ទាក់ទិនទៅនឹងអារម្មណ៍ដែលនឹកផ្ទះ នឹកបងប្អូន និងអាហារកំណើតរបស់ខ្លួន ដោយបានត្រលប់មកស្រុកកំណើតវិញ។ អ្នកស្រីសម្រេចចិត្តកត់ត្រារាល់មុខម្ហូបប្រចាំថ្ងៃរបស់ប៉េណាងទាំងអស់ចូលក្នុងសៀវភៅទី 1។
ចំណែកឯសៀវភៅទី 2 ក្រោយការស្លាប់ម្ដាយរបស់អ្នកស្រី អ្នកស្រីបានចងក្រងរាល់រូបមន្ដធ្វើបង្អែមទាំងអស់របស់ម្ដាយអ្នកស្រីចូលក្នុងសៀវភៅ ហើយក្នុងនោះសុទ្ធតែជារូបមន្ដដើមរបស់ម្ដាយអ្នកស្រីតែម្ដង។ ហើយសៀវភៅទី 3 នេះវិញ គឺជាការរៀបរៀងបញ្ជូលគ្នានៃមុខម្ហូបរសជាតិដើមរបស់ប៉េណាង Baba Nyonya ទាំងអស់ចូលក្នុងសៀវភៅ។ វារឹតតែពិសេសក្នុងសៀវភៅ “Penang Nyonya Cuisine with Elegance” នេះដោយសាររាល់អាហារប៉េណាងទាំងអស់មាននៅក្នងនេះ។
ចុះ Baba Nyonya ជាអ្វី? Baba Nyonya គឺជាមុខម្ហូបមួយដែលមានដើមកំណើតពីការប្រើចូលគ្នារវាងគ្រឿងទេសពីប្រទេសចិន និងម៉ាឡេស៊ីជាច្រើន ហើយបង្កើតបានជាមុខម្ហូបផ្ទាល់ខ្លួនដែលមានឈ្មោះថា Baba Nyonya។ ប្រសិនបើយើងក្រលែកមកមើលក្នុងសៀវភៅ “Penang Nyonya Cuisine with Elegance” មួយមុខៗសុទ្ធតែមានគ្រឿងទេសច្រើនមុខ និងគ្រប់មុខសុទ្ធតែខ្លឹមៗក្នុងការចម្អិនតែម្ដង។ ហើយមុខម្ហូបចម្បងដែលអ្នកស្រីណែនាំឲ្យធ្វើនោះគឺ Otak-Otak ដោយសារតែភាពស្រដៀងគ្នាទៅនឹងអាម៉ុកត្រីរបស់ខ្មែរ ដោយសារតែគ្រឿងផ្សំប្រើប្រាស់ស្រដៀងគ្នា តែសម្រាប់រសជាតិវិញមានភាពខុសគ្នា ដោយសារតែរបៀបធ្វើមានភាពខុសគ្នាផងដែរ។
អ្នកស្រី Bee Lee Tan ក៏បានណែនាំទៅលើ Baba Nyonya បន្ថែមទៀតថា អាហារតំណាងតំបន់ប៉េណាងតែម្ដងគឺ Pengat ដែលជាបង្អែមធ្វើឡើងតែក្នុងវិធីចូលឆ្នាំប្រពៃណីចិនតែប៉ុណ្ណោះ ហើយតម្រូវឲ្យមានការចម្អិនត្រូវតាមក្បួនខ្នាតប្រចាំត្រកូលតៗគ្នាផងដែរ។ ហើយនៅក្នុងកម្មវិធីសម្ពោធសៀវភៅនេះ អ្នកស្រីក៏បានរៀបចំបង្អែម និងអាហារសម្រន់ Nyonya មួយចំនួនសម្រាប់ភ្ញៀវកិតិ្ដយសផងដែរ ដែលមានដូចជា Wewek, Cassava Cake, Kueh Lapis, Lepat Pisang, និង Chicken Springroll។ មួយមុខៗសុទ្ធតែមានរសជាតិពិសេស ជាពិសេសមានរសជាតិស្រាល មិនសូវឌិត ស័ក្ដិសមសម្រាប់អ្នកញ៉ាំអាហាររសជាតិស្រាលៗ។
អ្នកស្រី Bee Lee Tan គឺជាអ្នកស្រុកប៉េណាងផ្ទាល់ដែលកាលពីក្មេងគាត់ជាកូនស្រីម្ចាស់ភោជនីយដ្ឋានខ្នាតកណ្ដាលមួយ ហើយត្រូវបានឪពុកម្ដាយមិនឲ្យចូលចង្ក្រានបាយ តែដោយចិត្តស្រឡាញ់ការចម្អិនអាហារ អ្នកស្រីតែងតែលួចចូលចង្ក្រានបាយកូរនេះកូរនោះ ឬ លួចមើលចុងភៅដទៃចម្អិន។ តែគ្រាដែលធ្វើឲ្យអ្នកស្រីចាប់យកអាជីពធ្វើម្ហូប និងផ្ដោតទៅលើ Nyonya អាហារប៉េណាង គឺច្រើនឆ្នាំក្រោយពេលអ្នកស្រីចាកចេញទៅរស់នៅប្រទេសអូស្រ្ដាលី ដោយបរិបទនៃការរស់នៅទីនោះមានការផ្លាស់ប្ដូរខ្លាំង អ្នកស្រីបានវិលត្រលប់មកស្រុកកំណើតវិញ និងរៀនធ្វើម្ហូបជាមួយនឹងមីងរបស់អ្នកស្រី។ ហើយនេះក៏ជាការចាប់ផ្ដើមនៃអាជីពរបស់អ្នកស្រីជាមេចុងភៅដែលមានជំនាញលើម្ហូប Baba Nyonya។