ជំនួបពាណិជ្ជករដើម្បីផ្សារភ្ជាប់បណ្ដាញពាណិជ្ជកម្ម​កម្ពុជានៅកម្មវិធី F&B Managers Nite​ Out

២ ឆ្នាំដែលពួកយើងស្ថិតក្នុងការផ្ដាច់ខ្លួនដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ ជាមួយនឹងសេដ្ឋកិច្ចចុះខ្សោយជារៀងរាល់ថ្ងៃ។ គ្រប់សហគ្រាសជួបវិបត្តិ ហើយផ្នែកចំណីអាហារជួបផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ហាងខ្លះបានបិទបណ្ដោះអាសន្ន និងហាងមួយចំនួនទៀតក៏បានបិទជាស្ថាពរ។ ការផ្លាស់ប្ដូរនេះអត់ធន់ក្នុងសង្គមបានយូរ និងផ្ដល់ផលប៉ះពាល់យូរអង្វែងផងដែរ។ 

ទោះបី ១ ឆ្នាំក្រោយការរាលត្បាតជម្ងឺកូវីដ-១៩ ពាណិជ្ជករគ្រប់រូបនៅតែមានការព្រួយបារម្ភទៅលើផលប៉ះពាល់ទៅលើពាណិជ្ជកម្មរបស់ពួកគេ។ កម្មវិធី F&B Managers Nite Out ត្រូវបានបង្កើតឡើងក្នុងគោលបំំណងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជករក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យមានទំនាក់ទំនងកាន់តែជិតដិត។ នេះមិនមែនជាកម្មវិធីដំបូងនោះទេ នេះគឺជាលើកទី ៣ ដែលត្រូវបានរៀបចំឡើង។

នៅថ្ងៃទី 11 ខែមីនា ឆ្នាំ 2023 កម្មវិធី F&B Managers Nite Out ត្រូវបានរៀបចំឡើងដោយរោងភាពយន្ដលេជេនសាខាអូឡាំព្យា។ ថ្វីត្បិតតែរោងភាពយន្ដមិនមែនជាផ្នែកចំណីអាហារ តែវាត្រូវបានរងការប៉ះពាល់យ៉ាងខ្លាំងកំឡុងពេល ២ ឆ្នាំនោះ។ លោក រស់ ទេវនាថ នាយកគ្រប់គ្រងរបស់រោងភាពយន្ដលេជេនទាំងមូល បានមានចែករំលែកថា “២ឆ្នាំកំឡុងពេលការរីករាលត្បាតជម្ងឺកូវីដ-១៩ ពួកយើងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយការប៉ះពាល់នោះបានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងច្រើនក្នុងសង្គម។ ជាមួយបែបបទនៃការរស់នៅថ្មីនេះ គ្រប់ពាណិជ្ជកម្មគួរតែសហការ និងរួមដៃគ្នាដើម្បីពន្លឿនការរីកចំរើនក្នុងវិស័យនេះ។”

នារាត្រីនោះផងដែរ ពាណិជ្ជករជាច្រើនរូបបានមកចូលរួមក្នុងកម្មវិធី ដើម្បីផ្លាស់ប្ដូរនាមប័ណ្ណគ្នាទៅវិញទៅមក រីករាយជាមួយអាហារ និងភេសជ្ជៈ ថែមទាំងបាននិយាយចែករំលែកទៅលើប្រធានបទពាណិជ្ជកម្មតែមួយទៀតផងនោះ ធ្វើឲ្យកម្មវិធីកាន់តែរស់រវើក និងអ៊ូអរ។ ពួកយើងពិតជាសប្បាយរីករាយមែនទែនដែលជាចំណែកមួយនៃកម្មវិធីនេះ។

កម្មវិធីដំណើរការបានទៅរលូតបែបនេះ ក៏មិនភ្លេចដល់អ្នកបង្កើតកម្មវិធីរបស់យើងគឺ លោក Anuar ផងដែរ និងអ្នករៀបចំកម្មវិធីគឺខាងរោងភាពយន្ដលេជេន ជាពិសេសអរគុណទៅកាន់អ្នកឧបត្ថម្ភក្នុងកម្មវិធីផងដែរគឺ GBS ស្រាបៀហនុមាន និង Pro Vida។ តែចង់ដឹងថាមានអ្វីកើតឡើងក្នុងកម្មវិធីត្រូវអត់?

គ្រាន់តែទៅដល់ភ្លាម គ្រប់ភ្ញៀវត្រូវបានទទូលស្វាគមន៍យ៉ាងកក់ក្ដៅពីបុគ្គលិករោងភាពយន្ដលេជេននៅតុចុះឈ្មោះ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីចំឈ្មោះ ពួកយើងទទួលបានកាដូស្វាគមន៍ទៀតផងរួមមានថង់យួ និងសំបុត្ររបស់រោងភាពយន្ដលេជេន កែវ ប្រដាប់ទ្រាប់កែវ និងជាច្រើនទៀត។ បានកាដូហើយ មិនទាន់អស់ទេ ត្រូវដាក់នាមប័ណ្ណក្នុងហិបឆ្នោតទៀត ព្រោះក្នុងកម្មវិធីមានការចាប់ឆ្នោតយករង្វាន់ជាច្រើនផ្សេងទៀត។

គ្រាន់តែចូលដល់ក្នុងភ្លាម មានអាហារជាច្រើនបានរង់ចាំពួកយើង មានដូចជា សាំងវ៉ិច បាយឆា ទាខ្វៃ ជង្គង់មាន់បំពង គាវ ពោតផ្ទុះ ស្រាបៀ ស្រាក្រហម និងជាច្រើនទៀត។ ភ្ញៀវទាំងអស់រីករាយជាមួយនឹងអាហារ ភេសជ្ជៈ ដែលផ្ដល់ជូនក្នុងកម្មវិធីនេះ សូម្បីតែក្រុមការងារ FoodBuzz ដូចគ្នា។ សំណេះសំណាលរួចរាល់ហើយ មិនទាន់ចប់កម្មវិធីទេ សំបុត្រកុនគេឲ្យពេលចុះឈ្មោះនោះ អាចនៅមើលភាពយន្ដ Ant-Man and the Wasp: Quantumania បន្ដបានទៀតផង។

F&B Managers Nite Out ទទួលបានជោគជ័យទៀតហើយ។ ពួកយើងក៏សង្ឃឹមថាកម្មវិធីនេះនឹងបន្ដទៅមុខទៀត និងធ្វើឲ្យបណ្ដាញពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាកាន់តែជិតស្និទ្ធ។

ព័ត៌មានគួរតែអានបន្ទាប់