ជិះមិនដល់មួយម៉ោងពីក្រុងទេ! ញ៉ាំអីជុំគ្រួសារពេលចុងសប្តាហ៍ជាមួយនឹងទេសភាពជាប់ទន្លេ!

បៃតងដូចឈ្មោះគេមែន! មកមើលហាង «ជ្រុងបៃតង» មួយនេះដែលមានទីតាំងនៅជាប់មាត់ទឹក គឺថាទេសភាពស្អាតដូចនៅស្រុកស្រែអញ្ជឹង! សំខាន់​ហាងមានទីធ្លាធំទូលាយមានទាំងម្លប់ មានទាំងទីធ្លា ហើយស្មៅខៀវខ្ចីមានផ្លូវដើរដូចជាសួនបៃតងតែម្តង! ពេលចូលមកដល់ហាង អ្នកនឹងឃើញទីធ្លាចតធំទូលំទូលាយ ព្រមទាំងមានទីលានខ្សាច់តូចមួយភ្ជាប់ជាមួយនឹងទោង ខ្ជូតៗ ឲ្យក្មេងជិះលេងផងដែរ។

ហាងរបស់គេមានរូបរាងដូចផ្ទះថ្មទាន់សម័យ បង្គួចកញ្ជប់ស្រអាប់ៗបែប Minimalist ហើយធំល្មមនៅកណ្តាលទីធ្លាសួនខាងមុខ។ ជ្រុងបៃតងមានលក់កាហ្វេ និងភេសជ្ជ:ច្រើនប្រភេទរហូតដល់ទៅ30មុខជាងឯណោះ មិនថាក្តៅឬត្រជាក់ ជាលក្ខណ:សូដា តែឬក្រលុក ហើយ មានតម្លៃចាប់ពី $1.25 ទ្បើងទៅ។

ថែមពីនេះ ហាងនេះក៏ជាភោជនីយដ្ឋានដែលមានមុខម្ហូបរហូតដល់ទៅចាប់ពី 60 មុខទៀតផង! ម្ហូបប្រចាំហាងមានដូចជាមាន់ ត្រី ពងទា សម្រាប់ដុត អាំង បំពង ហើយចំហុយ ជ្រលក់ជាមួយទឹកគ្រឿងដល់ទៅ 4 មុខដែលមាន ទឹកអំពិលទុំ អំបិលម្រេច ត្រីស្វាយ និងទឹកត្រីកោះកុងផងដែរ។ ក្រៅពីនោះ អតិថិជនអាចកុម្ម៉ង់ជាម្ហូបខ្មែរទាំង 3 ពេល និងគ្រឿងក្លែមមួយចំនួនរួមមានអន្ទង់ បុកងាវ សម្ល ស្ងោរជ្រក់ គ្រឿងសមុទ្រ បាយឆា មីឆា និងអាហារសម្រន់ផ្សេងៗចាប់ពី $3 ឡើងទៅ។

​មូលហេតុដែលមានគ្រឿងក្លែមច្រើននោះគឺដោយសារហាងមានជាស្រាបៀរ និង Happy Hour ឲ្យភ្ងៀវតាំងពីម៉ោង 12 ថ្ងៃ ដល់ 4 ល្ងាច ហើយមានទាំងការបញ្ជុះតម្លៃជាញឹកញាប់ពីលើនោះផងដែរ! ឥឡូវបានម្ហូប និងភេសជ្ជ:ញុាំហើយ សួរថាទៅអង្គុយឯណា? មានឯណាទៀត មានតែកន្លែងអង្គុយក្នុង និងក្រៅលើទីវាលបៃតងស្រស់បំព្រង នៅតាមមាត់ទឹកនោះឯង!

មិនត្រឹមតែមានជាតុកាហ្វេ តែហាងក៏មានជាទោង អង្រឹង កញ្ចុះ និងបរិវេណអង្គុយជាក្រុមក្រោមម្លប់ត្រជាក់ទៀតផង! បើសិនជាចង់កក់កន្លែងសម្រាប់ប្រជុំ ឬជប់លៀងជាមួយមិត្តភក្តិ គ្រួសារ និងក្រុមការងារអី ក៏ជ្រុងបៃតងមានសេវានេះថែមទៀតដែរ។ និយាយរួម កន្លែងនេះជាកន្លែងលំហែកាយ និងចិត្តសម្រាប់អ្នកមិនសូវមានពេលអាចជិះទៅឆ្ងាយពីក្រុងបាន។ 

ជ្រុងបៃតងបើកចាប់ពីម៉ោង 7 ព្រឹកដល់ 7 យប់ជារៀងរាល់ថ្ងៃ​ ហើយមានទីតាំងនៅខណ្ឌដង្កោ ភ្នំពេញនោះឯង។ 

ជ្រុងបៃតង - Chrong Baitong

  • ជ្រុងបៃតង​ - Chrong Baitong, Phnom Penh, Cambodia
  • 086 622 655

ព័ត៌មានគួរតែអានបន្ទាប់