មុខម្ហូបចូលឆ្នាំចិនទាំង ១២ មុខដែលនាំសំណាងនៅក្នុងឆ្នាំរោងនេះ
ភ្លេចៗចូលឆ្នាំថ្មីជិតដាច់ខែមករាទៀតបាត់រដូវកាលប្រមូលលុយកាន់តែខិតជិតមកដល់ដែរគឺចូលឆ្នាំចិននេះឯង កូនខ្មែរស្រលាយចិនដឹងតែសប្បាយប្រមួលអាំងប៉ាវហើយឲ្យតែមានបុណ្យចូលឆ្នាំចិន។ ក្រុមគ្រួសារដែលមានស្រឡាយចិនមានទំនៀមទម្លាប់ក្នុងការធ្វើម្ហូបដើម្បីសែនជូនដល់ជីដូនជីតារបស់គេខ្លះ និងមានការជួបជុំគ្នាទទួលទានអាហារជាដើម។ នៅពេលមានបុណ្យចូលឆ្នាំប្រពៃណីចិនម្ដងៗភាគច្រើន គេតែងតែមានមុខម្ហូបទាំង ១២ នេះជាម្ហូបប្រពៃណី និងមានអត្ថន័យសម្រាប់តំណាងឲ្យមុខម្ហូបនីមួយៗ ព្រោះគេជឿថានាំសំណាងល្អក្នុងឆ្នាំថ្មីនេះ។
១. យីសាង / Yúshēng / 鱼生
Yusheng ឬ យីសាងគឺជាសាឡាត់ត្រីឆៅដែលពេញនិយមនៅក្នុងម្ហូបចិនកាតាំង។ ម្ហូបនេះធ្វើដោយត្រីឆៅលាយជាមួយបន្លែ ទឹកជ្រលក់ និងគ្រឿងផ្សំជាច្រើនមុខមានដូចជា ខ្ទឹមក្រហម និងបៃតង ការ៉ុត ខ្ញី ចំណិតខ្ទឹមបារាំង សណ្ដែកដី ផ្លែទទឹម ម្រេច សាច់មាន់ ប្រេង អំបិល ទឹកខ្មេះ ស្ករ និងជាច្រើនទៀតតាមចំណង់ចំណូលចិត្ត។ មុខម្ហូបមួយនេះត្រូវបានគេជឿថាតំណាងឲ្យនាំលាភ ទ្រព្យសម្បត្តិ និងអាយុវែង។
២. គាវ / Jiaozi / 饺子
គាវគឺជាមុខម្ហូបដ៏ពេញនិយមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាពិសេសនៅភាគខាងជើងនៃប្រទេសចិន។ វាជានំចិនមួយប្រភេទ ដែលមានស្នូលខាងក្នុងជាសាច់ ឬបន្លែ បន្ទាប់មកគេយកទៅចំហុយ និងចៀនវាតាមចំណង់ចំណួលចិត្ត។ ហើយមួយវិញទៀតគេភាគច្រើនញាំុម្ហូបគាវនេះជ្រលក់ជាមួយទឹកស៊ីអ៊ីវ ដើម្បី៎ឲ្យកាន់តែមានជាតិថែមមួយកម្រិតទៀត។ មុខម្ហូបគាវនេះត្រូវបានគេជឿថា នឹងនាំមកនូវលាភសំណាងរកស៊ីមានបាន ព្រោះគាវទាំងនេះមានរាងស្រដៀងនឹងមាស ឬប្រាក់ ជារូបិយប័ណ្ណដែលគេប្រើក្នុងសម័យបុរាណ។
៣. គួង ឬគាវបំពង / Chūn Juǎn / 春卷
គួង គឺជាប្រភេទម្ហូបឌីមសាំរបស់ជនជាតិចិនកាតាំង ដែលគេមូលវាជាមួយសាច់ បន្លែ ឬស្នូលផ្អែម។ មុខម្ហូបនេះមានមានការនិយមខ្លាំងសម្រាប់ដាក់សែនអំឡុងពេលចូលឆ្នាំចិនជាពិសេសនៅភាគខាងកើតប្រទេសចិន រួមមាន ជាំងស៊ី ជាំងស៊ូ សៀងហៃ ហ្វូជៀន ក្វាងចូវ សិនជិន និងហុងកុង។ ការទទួលទានគួង ឬគាវបំពងនេះបើគិតតាមប្រពៃណីតំណាងឱ្យដុំមាស ហើយត្រូវបានគេជឿថានឹងនាំមកនូវទ្រព្យសម្បត្តិ និងភាពរុងរឿងនាពេលឆ្នាំខាងមុខនេះ។
៤. មីអាយុវែង / Chángshòu miàn / 长寿面
នៅក្នុងវប្បធម៌ចិន មីឆាជានិមិត្តរូបនៃអាយុយឺនយូរ ជាសញ្ញានៃការប្រាថ្នាចង់បានអាយុវែង និងរុងរឿង។ នៅភាគខាងជើងប្រទេសចិន អាហារទាំងនោះត្រូវបានគេចាត់ទុកថាជាអាហារដ៏មានសក្តិសិទ្ធ ដែលគេនិយមដាក់សែនក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ហើយគេជឿថាបើមីកាន់តែវែង កាន់តែអាយុច្រើន។
៥. ត្រី / Yú / 鱼
ក្នុងវប្បធម៌ចិន ត្រីគឺជាមុខម្ហូបប្រពៃណីក្នុងមេនុយអាហារពេលថ្ងៃចូលឆ្នាំចិន។ ការបរិភោគត្រីត្រូវបានគេជឿថាការមានអតិរេកនៅចុងឆ្នាំនឹងនាំមកនូវសំណាងល្អបន្ថែម និងភាពរុងរឿងនាឆ្នាំខាងមុខនេះ។ ត្រីតំណាងឱ្យភាពបរិបូរណ៍ និងវិបុលភាព ហើយវាត្រូវបានគេចាត់ទុកថាជាម្ហូបដ៏មានសំណាងដែលនាំមកនូវសុភមង្គល និងសំណាងល្អដល់តុផងដែរ។
៦. ក្រូច / Júzi / 橘子
អ្នកទាំងអស់គ្នាប្រាកដជាឃើញគេដាក់សែនផ្លែឈើ តែដឹងតែមានផ្លែក្រូចជានិច្ច ហើយត្រូវអត់? ដោយសាតែក្រូចត្រូវបានគេចាត់ទុកជាយូរណាស់មកហើយថាជានិមិត្តសញ្ញាប្រពៃណី ជីន (金) / មាស។ ផ្លែឈើពណ៌ទឹកក្រូច និងក្រហមត្រូវបានគេចាត់ទុកថាភាព រុងរឿង សម្រាប់ជនជាតិចិនម៉្យាងប្រហែលជាដោយសារតែពណ៌ដ៏រស់រវើករបស់វាផងដែរ។
៧. បន្លែ / Pén Cài or Poon Choi / 盆菜
Poon Choi ដែលត្រូវបានគេស្គាល់ផងដែរថាជា Pén Cài គឺជាអាហារដែលផ្សំឡើងពីស្រទាប់ជាច្រើននៃគ្រឿងផ្សំសំខាន់ផ្សេងៗគ្នាដូចជាផ្សិត ផ្លែប័រ គ្រឿងសមុទ្រ សាច់ បន្លែ និងគ្រឿងផ្សំជាច្រើនទៀត។ វាត្រូវបានគេដាក់នៅក្នុងឆ្នាំងដែកមួយ ក្នុងអំឡុងពេលសែនចូលឆ្នាំចិននេះ ហើយភាគច្រើនគេបរិភោគជាមួយគ្រួសារជាតំណាងឲ្យនិមិត្តរូបនៃការរួបរួមគ្នា។
៨. បង្គា / Xiā / 虾
បង្គាត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃលាភសំណាង។ គេជឿថាការទទួលទានបង្គានាំមកនូវសុភមង្គល និងជោគជ័យក្នុងឆ្នាំថ្មី។ សញ្ញាណនៃសំណាងល្អនេះមានរួមបញ្ចូលទាំងភាពចម្រុងចម្រើន ភាពរីករាយ សុខភាព សំណើច ជោគជ័យ និងភាពប្រសើរឡើង។
៩. មាន់ទាំងមូល / ជី / 鸡 និងទា / យ៉ា / 鸭
នៅក្នុងវប្បធម៌ចិន សាច់មាន់ និងទា ជាទូទៅត្រូវបានចៀន ឬអាំងសម្រាប់អាហារជួបជុំគ្រួសារហើយជាធម្មតាត្រូវបានចម្អិនជាមួយនឹងគ្រឿងផ្សំសាមញ្ញដូចជាខ្ញី ឬទឹកស៊ីអ៊ីវ។ តាមប្រពៃណីភាគច្រើនគេតែងតែសែនថ្វាយ មាន់ និងទាមួយក្បាលដល់បុព្វការីជន ដើម្បីប្រសិទ្ធពរជ័យ និងសុំការបួងសួង បន់ស្រន់។
១០. សាច់ជ្រូកបីជាន់ប្រឡាក់ជាមួយត្រាវ / Yùtou Hóngshāo Wǔhuāròu / 芋头红烧五花肉
មុខម្ហូបមួយនេះ គឺជាពេញនិយមមួយដែលត្រូវបានបម្រើជាទូទៅក្នុងពិធីបុណ្យចូលឆ្នាំចិននៅភាគខាងត្បូងប្រទេសចិន។ សាច់ជ្រូកតំណាងឱ្យជីវិតដែលមានភាពចម្រុងចម្រើន ទ្រព្យសម្បត្តិ រឹងមាំ និងពោរពេញដោយពរជ័យដ៏បរិបូរណ៍។ មុខម្ហូបជាមធ្យោបាយបង្ហាញពីបំណងប្រាថ្នាឱ្យក្នុងឆ្នាំថ្មីមានភាពចម្រុងចម្រើន។
១១. នំអ៊ី / Tāng yuán / 汤圆
ទាំងអស់គ្នាប្រាកដជាដឹងហើយថានំអ៊ី គឺជាប្រភេទនំបង្អែមមួយដែលពេញនិយមក្នុងពិធីបុណ្យបង្ហោះគោមដែលគេហៅថា បុណ្យសែនលោកខែរបស់ប្រទេសចិនត្រូវអត់? ពេលបុណ្យចូលឆ្នាំចិនក៏គេមានសែននំប្រភេទនេះដែរ។ នំនេះតំណាងឱ្យការនៅជាមួយមនុស្សជាទីស្រលាញ់ និងការជួបជុំគ្រួសារ ដូច្នេះមិនបាច់ឆ្ងល់ថាហេតុអ្វីបានជាពួកគេពេញនិយមខ្លាំងនំនេះយ៉ាងដូច្នេះ!
១២. នំអង្ករដំណើប / Nián Gāo / 年糕
នំនេះដែលត្រូវបានគេស្គាល់ថា "Nián Gāo / 年高" ក៏ជាបង្អែមដ៏ពេញនិយមនៅក្នុងម្ហូបចិនដែលផលិតពីម្សៅអង្ករដំណើបដែរ។ ទោះបីវាអាចទទួលទានបានពេញមួយឆ្នាំក៏ដោយ ប៉ុន្តែវាជាទម្លាប់ទទួលទានក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ការទទួលទាន នំ “nián gāo” ត្រូវបានគេជឿថានឹងនាំមកនូវសំណាងល្អក្នុងអំឡុងពេលឆ្នាំនេះ ដែលមានន័យថាអ្នកនឹងមានភាពរុងរឿងក្នុងឆ្នាំនេះ។