សមាគមសហគមន៍ចុងភៅកម្ពុជា បានរៀបចំកម្មវិធីជួបជុំដ៏សប្បាយរីករាយទៅដល់ចុងភៅគ្រប់តំបន់

ថ្មីៗ​នេះ ចុងភៅ​ប្រចាំរាជធានី​ភ្នំពេញ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយឈ្មោះ “The Cambodia Chef Society (CCS)” ដែលជាការជួបជុំប្រចាំឆ្នាំ២០២២ របស់សមាជិកសមាគមសហគមន៍ចុងភៅកម្ពុជាលេីកទី២ ក្រោយពីការបែកគ្នាអស់មួយរយៈដោយសារតែវិបិត្តកូវីដ។ រៀបចំឡើងដោយលោក សុង តេង ដែលជាប្រធានសមាគមចុងភៅកម្ពុជា នាថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីនេះត្រូវបានចូលរួមដោយមេចុងភៅជាច្រើនមកពីបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន និងទីកន្លែងផ្សេងៗក្នុងវិស័យម្ហូបអាហារក្នុងប្រទេសកម្ពុជា ដែលពួកគាត់បានប្រមូលផ្តុំគ្នាដើម្បីលើកកម្ពស់ជំនាញនៃការធ្វើម្ហូបខ្មែរទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។

ជាពិសេសក៏សូមថ្លែងអំណរគុណចំពោះ​វត្តមាន​របស់​ Mr. Weng Aow​ នាមជា​ Managing Director of DARA HOTELS GROUP​ ដែលបានអញ្ជេីញចូលរួមក្នុងកម្មវិធីមួយនេះដែរ។

វាជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ពួកយើងដែលបានមើលឃើញផ្ទាល់នឹងភ្នែកពីការប្រស្រ័យទាក់ទងរវាងមេចុងភៅទាំងអស់ នៅពេលដែលពួកគេបានផ្លាស់ប្តូរចំណេះដឹងផ្នែកធ្វើម្ហូប និងនិយាយពីអ្វីដែលពួកគេធ្លាប់ឆ្លងកាត់ក្នុងនាមជាអ្នកជំនាញនៅក្នុងវិស័យនេះ។ អ្វីដែលពួកយើងចាំបានខ្លាំងជាងគែគឺក្លិនឆ្ងុយនៃអាហារ និងភេសជ្ជៈនៅក្នុងកម្មវិធីនេះដែលត្រូវបានរៀបចំឡើងជាពិសេសដោយម្ចាស់ភោជនីយដ្ឋានមួយចំនួនដែលចូលរួម។

សមាគមសហគមន៍ចុងភៅកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ២០១២ ក្នុងគោលបំណងជួបជុំ បង្កើនភាពស្និតស្នាល គ្រប់ជំនាន់មិនថាចាស់ឬកេ្មង និងចង់អោយចុងភៅជំនាន់ក្រោយក្រេបជញ្ជក់នូវបទពិសោធន៍ពីចុងភៅជំនាន់មុន។ មិនតែប៉ុណ្ណោះ សមាគមក៏បានជួយលើកស្ទួយទៅលើផលិតផលក្នុងស្រុកដោយពួកគាត់ខំប្រឹងដាំដុះ និងជួយផ្សព្វផ្សាយពីម្ហូបខ្មែរទៅដល់ភ្ញៀវជាតិនិងអន្តជាតិផងដែរ។ 

សម្រាប់លក្ខខណ្ឌក្នុងការចូលរួមក្នុងកម្មវិធីនេះ អ្នកមានឈ្មោះចូលរួមទាំងអស់ត្រូវបានគេតម្រូវឲ្យពាក់ជាឯកសណ្ឋានចុងភៅរបស់ខ្លួនផ្ទាល់តែម្តង។​ ចំំណែកតម្លៃនៃ​ការចូលរួមវិញ សមាជិករបស់សមាគមសហគមន៍ចុងភៅកម្ពុជាផ្ទាល់គឺបានចូលរួមដោយឥតគិតថ្លៃ​ តែបុគ្គលដែលមិនមែនជាសមាជិកក៏អាចចូលរួមបានដែរ​ដោយគ្រាន់តែទិញសំបុត្រចូលរួមក្នុងតម្លៃ២៥ដុល្លារតែប៉ុណ្ណោះ!

សមាគមសហគមន៍ចុងភៅកម្ពុជាបានថ្លែងអំណរគុណ និងបង្ហាញអំពីចំណាប់អារម្មណ៍ដ៏សប្បាយរីករាយដែលបានឃេីញការចូលរួមច្រើនកុះករនៅក្នុងកម្មវិធី ជាពិសេសគឺ ពិតជាត្រេកអរដែលបានឃេីញសាមគ្គីភាពរបស់បងប្អូនចុងភៅខ្មែរយេីង។ ហើយមិនតែប៉ុណ្ណោះ សមាគមសហគមន៍ចុងភៅកម្ពុជាក៏សង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងរឹតតែធ្វេីឲ្យសមាជិករបស់សមាគមកាន់តែស្គាល់គ្នា និង សាមគ្គីគ្នាសម្រាប់គោលដៅរួមក្នុងការចម្រុញ និងលេីកស្ទួយឲ្យវិស័យម្ហូបអាហារ ព្រមទាំង​វិស័យចុងភៅបានរីកចម្រេីនទៅមុខ។

ជាចុងក្រោយ លោក សុង តេង បានថ្លែង​អំណគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទាំងអស់ដែលបានចូលរួមសហការជាមួយសមាគមសហគមន៍ចុងភៅកម្ពុជា ដេីម្បីបង្កើតកម្មវិធីមួយនេះឡើង ដែលមានដូចជា៖

Street Box - ផ្ទះទា ដែលជាម្ចាស់ឧបត្ថម្ភធំសម្រាប់កម្មវិធីមួយនេះទាំងមូល
ក្រុមហ៊ុន Khmer Beavarage
Grandpa S.T Marinated 
សិល្បះនំ 
ក្រុមហ៊ុន Malee 

ព័ត៌មានគួរតែអានបន្ទាប់