ហាងអាហារដ៏ប្រណីតទាំង 4 លាក់ខ្លួនក្នុង Hôtel KVL តាមដងជំនោរទន្លេមុខវាំង

ដូចដែលដឹងស្រាប់ហើយថា ម្ដុំមុខវាំងគឺសម្បូរទៅដោយភោជនីយដ្ឋាន និងបារតូចធំជាច្រើន ដែលធ្វើឲ្យក្នុងចំណោមភាពអ៊ូអរទាំងអស់នោះគឺមានអូតែលដ៏ប្រណីតមួយគឺ Hôtel KVL ដែលទើបនឹងបើកដំណើរការ ដែលក្នុងអូតែលនេះគឺមានហាងអាហារពិសេសៗរហូតដល់ទៅ 4 ឯណោះ។ ចង់ដឹងថាមានអីខ្លះហើយ ត្រូវអត់? ម៉ោះ! ចាំក្រុម FoodBuzz យើងរៀបរាប់ប្រាប់! 

គ្រាន់តែដើរចូលដល់ខាងក្នុងភ្លាម អ្នកទាំងអស់គ្នានឹងជួបជាមួយ The Alchemist ដែលជាហាងកាហ្វេមួយរបស់ Hôtel KVL ដែលមានបម្រើជូនកាហ្វេដែលមានរសជាតិឆ្ងាញ់ មានក្លិនប្រហើរឈ្ងុយពេញច្រមុះតែម្ដង។ The Alchemist ក៏មាននំថ្មីៗស្រស់ៗ សម្រាប់ឲ្យអ្នកទាំងអស់គ្នាញ៉ាំអមជាមួយនឹងកាហ្វេផងដែរ។ នំទាំងអស់នៅ The Alchemist នេះគឺត្រូវបានធ្វើថ្មីៗរៀងរាល់ថ្ងៃដោយចុងភៅក្នុងអូតែលផ្ទាល់តែម្ដង ដូច្នេះនំមួយម៉ាត់ៗគឺមានគុណភាពខ្ពស់ ស្រស់ល្អ រសជាតិឆ្ងាញ់តែម្ដង។

មកដល់ Skylight វិញម្ដងគឺជាភោជនីយដ្ឋានដែលបើកមួយថ្ងៃពេញ មានទាំងអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។ Skylight បម្រើជូនអាហារជាច្រើនមុខ មានទាំងបែបអាសុី ទាំងបែបអឺរ៉ុប រសជាតិប្រណីតឆ្ងាញ់ដក់ជាប់បេះដូង។ អាហារឆ្ងាញ់ បរិយាកាសក៏ស្រស់ស្អាតប្លែកភ្នែកជាមួយនឹងការតុបតែងមួយគ្មានពីរ ទាក់ភ្នែកនឹងផ្ទាំងគំនូរប្រាសាទខ្មែរតែម្ដង។ មួយផ្នែកនៃហាងនេះគឺមានដំបូលកញ្ចក់ ឆ្លុះចាំងចូលមកនូវពន្លឺព្រះអាទិត្យនៅពេលថ្ងៃ ធ្វើឲ្យលើជញ្ជាំងមានចំណាំងផ្លាតព្រះអាទិត្យចេញជារូបរាងដូចរលកសមុទ្រ មើលទៅស្រស់ស្អាតប្លែកភ្នែកតែម្ដង។ 

ឡើងមក Up by KVL ជាបារលើដំបូលបែបសុីវិល័យ មានស្រាក្រឡុកជាច្រើនជម្រើស រួមជាមួយនឹងអាហារបែបសម្រន់។ Up by KVL មានបរិយាកាសស្រស់ស្រាយ ពោរពេញទៅដោយខ្យល់ធម្មជាតិ និងទេសភាពនៃជំនោរទន្លេ លាយឡំជាមួយភ្លេងដែលលេង​ដោយ DJ ផ្ទាល់ៗទៀតផង។ កន្លែងនេះត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តបរិយាកាសបែបចឹបស្រាតិចៗនិយាយរឿងក្នុងចិត្តទូទៅ ឬ ណាត់ជួបជាមួយគូស្នេហ៍បែបរ៉ូមែនទិចក៏បាន!

ជាចុងក្រោយ ពិសេសជាងគេគឺ El Tapas ដែលជាភោជនីយដ្ឋានអាហារអេស្ប៉ញ​ និងជាភោជនីយដ្ឋានប្រចាំរបស់ Hôtel KVL ផ្ទាល់តែម្ដង។ El Tapas បម្រើជូនអាហារអេស្បា៉ញដែលរៀបចំដោយចុងភៅជនជាតិអេស្ប៉ាញផ្ទាល់គឺ Chef Mario។ អាហារមួយមុខៗគឺធ្វើឡើងយ៉ាងលម្អិត ប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ ធានាថាអាហារមួយពេលនៅទីនេះសមនឹងតម្លៃតែម្ដង។ ដើរចូលទៅក្នុង El Tapas គឺមានអារម្មណ៍ថាដូចដើរនៅប្រទេសអេស្ប៉ាញអ៊ីចឹង ព្រោះការតុបតែងជាមួយការរំលេចច្រើនពណ៌ និងសុទ្ធតែពណ៌ស្រស់ៗ ប៉ុន្តែនៅតែមានភាពស្រគត់ស្រគំ រំលឹកឲ្យនឹកឃើញប្រទេសអេស្ប៉ាញភ្លាមតែម្ដង។

កុំច្រឡំណា៎! ហាងអាហារទាំង 4 នេះគឺមិនមែនតែសម្រាប់ភ្ញៀវដែលស្នាក់នៅអូតែលទេអតិថិជនខាងក្រៅក៏អាចដើរចូលញ៉ាំ ឬ ធ្វើការកក់មុនក៏បាន! ហើយទន្ទឹមនឹងហាងអាហារទាំង 4 នេះ Hôtel KVL ក៏មានសេវាកម្មផ្សេងៗទៀតដូចជា បន្ទប់ប្រជុំ កន្លែងអង្គុយធ្វើការ (Co-working Space) និង Cigar Lounge ដែលនឹងបើកដំណើរការឆាប់ៗនេះផងដែរ។ 

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក Hotel KVL

ផែនទី៖ https://goo.gl/maps/pf7h4QmrRggERCgA8

Hôtel KVL

  • #379 Preah Sisowath Quay, Sangkat Chey Chumnes, Khan Daun Penh, Phnom Penh
  • 023 936 333

ព័ត៌មានគួរតែអានបន្ទាប់