ម្ហូបខ្មែរដែល​អ្នកគួរណែនាំជនបរទេសឲ្យសាក ក្នុងអំឡុងព្រឹត្តការណ៍ SEA GAME 2023

ម្ហូបខ្មែរយើងមានប្រវត្តិតាំងពីបុរាណកាលយូរលង់ណាស់មកម្លេះ ជាមួយនឹងភាពសម្បូរបែបអស្ចារ្យ ដែលបង្ហាញពីប្រណីតភាពនៃ រសជាតិ ព្រមទាំងគំនិតច្នៃប្រឌិត ដែលដូនតាយើងបានបន្សល់ទុកទៅតាមសម័យកាល រហូតមកដល់ពេលបច្ចុប្បន្ន។ 

 

ខាងក្រោមនេះជាមុខម្ហូបខ្មែរដែលល្បី និងពេញនិយមមួយចំនួនដែលអ្នកគួរណែនាំជនបរទេសឲ្យសាកយ៉ាងហោចណាស់ម្តង។

អាម៉ុកត្រី

1. អាម៉ុកត្រី៖ ត្រីអាម៉ុក គឺជាមុខម្ហូបការីត្រីចំហុយ ដែលជាធម្មតាត្រូវបានគេរៀបចំនៅក្នុងចានជាមួយស្លឹកចេក ហើយយើងអាចញុាំវាជាមួយបាយបាន។

ប្រហុកខ្ទិះ

2. ប្រហុកខ្ទិះ៖ គឺជាម្ហូបខ្មែរដែលពេញនិយមមួយមុខ ផ្សំឡើងពីគ្រឿងផ្សំពិសេសពីប្រហុកខ្មែរ ជាមួយនឹងសាច់ជ្រូកបីជាន់ចិញ្ច្រាំ និងលាយខ្ទិះដូងដើម្បីបន្ថែមរសជាតិ ក៏ដូចជាក្លិនឈ្ងុយទៅដល់មុខម្ហូបនេះ។ ជាធម្មតាគេយកបន្លែមកញុាំជាមួយប្រហុកខ្ទិះ ហើយក៏អាចញុាំជាមួយបាយដូចម្ហូបខ្មែរផ្សេងៗទៀតដែរ។ 

ឪឡឹក ត្រីងៀត៖

3. ឪឡឹក ត្រីងៀត៖ ម្ហូបខ្មែរក្រៀមក្រោះមួយមុខនេះរាងសាមញ្ញបន្តិច ប៉ុន្តែបើនិយាយពីរសជាតិវិញមិនធម្មតានោះទេ ដោយត្រីងៀតត្រូវបានយកទៅអាំងឲ្យក្រៀមល្មម និងញុាំជាមួយឪឡឹកទុំ ពេលខ្លះប្រជាជនខ្មែរក៏ច្នៃញុាំវាជាមួយនឹងស្វាយទុំផងដែរ។

គុយទាវ

4. គុយទាវ៖ គឺជាអាហារពេលព្រឹកដ៏ពេញនិយមខ្លាំងបំផុតសម្រាប់ប្រជាជនខ្មែរយើង ដែលសរសៃគុយទាវត្រូវបានធ្វើឡើងពីអង្ករខ្មែរ និងទឹកស៊ុបជាធម្មតាគេធ្វើវាឡើងដោយស្ងោរជាមួយនឹងឆ្អឹងជ្រូក។ គ្រឿងផ្សំនៅក្នុងគុយទាវមួយចានមានដូចជាសាច់ជ្រូក សាច់គោ ប្រហិតសាច់គោ ប្រហិតត្រី ខ្ទឹមបំពង និងជីស្លឹកខ្ទឹម។ 

សម្លរប្រហើរ

5. សម្លរប្រហើរ៖ ជាម្ហូបខ្មែរដែលភាគច្រើនពេញនិយមនៅតាមជនបទចម្អិនឡើងពីគ្រឿងផ្សំដូចជាត្រីឆ្អើរ ឬត្រីចៀន និងមានបន្លែជាច្រើនមុខនៅក្នុងសម្លរមួយនេះ ដូចជា ស្លឹកបាស ននោង ល្ពៅ ល្ហុង ផ្សិត និងបន្លែផ្សេងៗទៀត។ 

ញាំស្វាយខ្ចី

6. ញាំស្វាយខ្ចី៖ ម្ហូបក្រៀមក្រោះខ្មែរដែលធ្វើឡើងដោយមិនមានការចម្អិនប្រើកំដៅនោះទេ។ គ្រឿងផ្សំរបស់ម្ហូបមួយមុខនេះមានដូចជា ស្វាយខ្ចីសាប់ជាចំណិតតូចៗ ម្ទេស ខ្ទឹមក្រហម ប៉េងប៉ោះ កូនបង្គាក្រៀមតូចៗ និងជីអង្វង ឬ ជីវ៉ាន់ស៊ុយ។

ទឹកគ្រឿង

7. ទឹកគ្រឿង៖ ធ្វើឡើងជាមួយនឹងត្រីចំហុយ និងទឹកប្រហុក ដាក់បុកចូលគ្នាជាមួយនិងខ្ទឹមស សណ្តែកក្រហមលីង​បុក និងម្ទេស។ ម្ហូបមួយមុខនេះត្រូវបានគេញុាំផ្ទាប់ ឬជ្រលក់ជាមួយនឹងបន្លែ។

អន្សមទឹកគ្រឿង

8. អន្សមទឹកគ្រឿង៖ នំអន្សមគឺជានំប្រពៃណីខ្មែរដែលត្រូវបានធ្វើឡើងពីការចំហុយអង្ករខ្មែរដែលមានស្នូលសណ្តែកនិងសាច់ជ្រូកបីជាន់។ជាមួយនឹងម្ហូបមួយមុខនេះ អន្សមត្រូវបានគេយកទៅចៀនឲ្យក្រៀម ហើយអាចញុាំបានជាមួយបន្លែ និងទឹកគ្រឿងដែលធ្វើពីត្រីស្ងោរ និងទឹកប្រហុកនេះ។

ប្រហុកដុតលើជ្រុញ

9. ប្រហុកដុតលើជ្រុញ៖ ប្រហុកមួយមុខនេះគឺស្រដៀងទៅនឹងប្រហុកខ្ទិះ ដែលមានគ្រឿងផ្សំពិសេសពីសាច់ជ្រូកបីជាន់ចិញ្ច្រាំ និងប្រហុក ហើយដាក់នៅលើជ្រុញដើម្បីយកទៅដុតរហូតចេញពណ៌រាងក្រហម និងក្រៀមល្មម។ អាចញុាំបានជាមួយនឹងបន្លែ និងបាយផងដែរ។

កង្កែបបោកអាំង

10. កង្កែបបោកអាំង៖ ជាប្រភេទអាហារសម្រន់ ឬអាចយកមកញុាំជាមួយបាយបានពេលខ្លះដូចគ្នា។ ជាមួយនឹងគ្រឿងផ្សំពិសេស ដែលមានគ្រឿងបុកខ្មែរ លាយជាមួយនឹងសាច់ជ្រូកបីជាន់ចិញ្ច្រាំ ហើយដាក់គ្រឿងចូលទៅក្នុងកង្កែប បន្ទាប់មកយកទៅអាំងឲ្យចេញពណ៌ក្រហម។

នំបញ្ចុក

11. នំបញ្ចុក៖  ជាម្ហូបប្រពៃណីខ្មែរដែលតែងតែជាទីពេញចិត្តរបស់ប្រជាជនខ្មែរគ្រប់តំបន់។ ទឹកសម្លរខ្មែរធ្វើឡើងជាមួយត្រី និងស្ងោរចំហុយជាមួយស្លឹកគ្រៃ និងបន្ថែមជាមួយគ្រឿងផ្សំពិសេសខ្មែរមួយចំនួន។ ដើម្បីញុាំនំបញ្ចុកមួយចានត្រូវ មានគ្រឿងផ្សំបន្លែដូចជា ត្រសក់ សណ្តែកបណ្តុះ ប្រលិត ត្រយ៉ូងចេក និងបន្លែមួយចំនួនទៀតដែលប្រិយមិត្តអាចសាកបាន។

សម្លរកកូរ

12. សម្លរកកូរ៖ មួយមុខនេះគឺមានបន្លែដាក់បញ្ចូលនៅក្នុងសម្លរជាច្រើនប្រភេទបញ្ចូលគ្នា។ សម្លរកកូរមានគ្រឿងផ្សំដូចជា គ្រឿងបុកខ្មែរ (គ្រឿងបុក មានដូចជាស្លឹកគ្រៃ ល្មៀត ខ្ជាយ ខ្ទឹមស) អង្ករលីង ប្រហុក ត្រីឬសាច់ជ្រូក ក៏ដូចជាបន្លែជាច្រើនមុខដូចជា ស្លឹកបាស ល្ពៅ ល្ហុង ខ្នុរ ។ល។

untitled

ព័ត៌មានគួរតែអានបន្ទាប់