ស្គាល់តែអាហារល្បីៗឃើញក្នុង K-Drama តែមានបានសាកអាហារកូរ៉េឆ្ងាញ់ប្លែកទាំង 10 នេះនៅ?

ប្រជាជនកម្ពុជា​ជាពិសេសយុវវ័យជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ជាច្រើនទៅលើម្ហូបកូរ៉េ ហើយយើងក៏សង្កេតឃើញថាមានភោជនីយដ្ឋានកូរ៉េជាច្រើនក៏បានបើកផងដែរនៅទីក្រុងភ្នំពេញ។ ដូច្នេះហើយក្រុមការងារ FoodBuzz ក៏បានសរសេរអត្ថបទនេះដើម្បីណែនាំអ្នកអំពីម្ហូបកូរ៉េដែលគួរតែសាកល្បងក្រៅពីម្ហូបដែលល្បីៗរបស់ពួកគេដូចជា មីកូរ៉េ, Samgyeopssal និង tteokbokki ជាដើម។

#1 Seolleongtang

Seolleongtang ជាស៊ុបបែបប្រពៃណី ហើយមានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសកូរ៉េ។​ ស៊ុបនេះមានរសជាតិឆ្ងាញ់ ដោយសារតែទឹកស៊ុបត្រូវបានរម្ងាស់ជាច្រើនម៉ោងជាមួយនឹងឆ្អឹងគោ (ជួនកាលកន្ទុយគោ)។ ទឹកស៊ុបមានពណ៌សដោយសារតែខួរឆ្អឹង និងពោរពេញទៅដោយវីតាមីនដែលអាចហុតទទេរក៏បាន ញ៉ាំជាមួយបាយក៏បាន។ ជាធម្មតានៅក្នុងស៊ុប គេឃើញមានដាក់សាច់គោចំណិត និងឆ្អឹងស៊ុបផងដែរ។ ចំពោះរសជាតិវិញ អ្នកអាចថែមគ្រឿងបាន​ដូចជាអំបិល ម្រេច និងម្ទេសទៅតាមចំណង់ចំណូលចិត្ត ព្រោះស៊ុបនេះពេលធ្វើគេមិនដាក់គ្រឿងច្រើនប៉ុន្មានទេ គឺគេសម្រិតយកតែជាតិពីឆ្អឹងគោតែប៉ុណ្ណោះ។ លោកអ្នកអាចរកញ៉ាំស៊ុបនេះបាននៅ Sikgaek Korean Restaurant។

Seolleongtang - Cr cherryonmysundae.com

ម៉ោងបើក៖ 11AM – 2PM, 5PM – 10PM

ទីតាំង៖ #231, ផ្លូវ 352 កែងនឹងផ្លូវ 63, សង្កាត់បឹងកេងកងទី 1, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap  

#2 Naengmyeon

Naengmyeon គឺជាមីត្រជាក់បែបកូរ៉េ ដែលមានច្រើនប្រភេទ តែអ្វីដែលគេពេញនិយមជាងគេគឺ Bibim-naengmyeon (មានរសជាតិហឹរ និងជូរពី Kimchi) និង Mul-naengmyeon (ទឹកស៊ុបធម្មតា). ដែលជាទូទៅគេរៀបចំចំណិតត្រសក់​ ចំណិតផ្លែស៊េរីកូរ៉េស្តើងៗ និងស៊ុតស្ងោរមួយគ្រាប់នៅក្នុងចាន។ មីដែលប្រើប្រាប់សម្រាប់ Naengmyeon នេះភាគច្រើនធ្វើពី buckwheat និងដំឡូង។ ម្ហូបនេះគឺសាកសមណាស់សម្រាប់ញាំនារដូវក្តៅ ព្រោះវាទឺកស៊ុបមានលាយជាមួយទឹកកកដែលធ្វើឲ្យរសជាតិកាន់តែប្លែក។ ហើយកន្លែងដែលអ្នកអាចញ៉ាំមីត្រជាក់នេះបានគឺនៅភោជនីយដ្ឋាន Pyongyang។

Mul Naengmyeon - Cr shiporestaurant.com

Bibim Naengmyeon - Cr Maangchi

ម៉ោងបើក៖ 11AM – 11PM

ទីតាំង៖ #400, ផ្លូវ 93, សង្កាត់បឹងកេងកង, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap 

#3 Sundubu-jjigae

Sundubu-jjigae ត្រូវបានគេដាក់ក្នុងចានថ្មក្តៅ ដើម្បីអោយស៊ុបនេះពុះនិងក្តៅបានយូរ ស៊ុបនេះមានរសជាតិហឹរ និងមានតៅហ៊ូទន់ ហើយស្រស់នៅក្នុងនោះ។ គ្រឿងផ្សំដទៃទៀតមានដូចជា ផ្សិត គ្រឿងសមុទ្រ សាច់គោឬសាច់ជ្រូក និង gochujang។ ចង់បានរសជាតិស៊ុបកាន់តែឆ្ងាញ់ អាចបន្ថែមស៊ុតឆៅបាន។ Sundubu-jjigae សាកសមបំផុតនៅពេលញ៉ាំជាមួយបាយក្តៅ និង side dishes។ សម្រាប់អាហារមួយមុខនេះ អ្នកអាចរកបាននៅ Bonchon និង Goong Korean BBQ។

Sundubu-jjigae - Cr Maangchi

ម៉ោងបើក៖

  • Bonchon: 9AM – 10PM
  • Goong: 11AM – 2PM, 5PM – 10PM

ទីតាំង៖

  • Bonchon: គ្រប់សាខាទាំងអស់
  • Goong: #105, ផ្លូវ 592, សង្កាត់បឹងកក់ទី 2, ខណ្ឌទួលគោក, រាជធានីភ្នំពេញ | Googlemap

#4 Gejang

ជនជាតិកូរ៉េត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលសំបូរមុខម្ហូបផ្អាប់ ហើយម្ហូបផ្អាប់ដែលល្បីហើយឆ្ងាញ់នោះគឺ Gejang ដែលជាក្តាមសមុទ្រឆៅផ្អាប់។ ដើមឡើយមានតែ Gejang មួយមុខគឺ ‘’Ganjang Gejang’’ ដែលជាក្តាមសមុទ្រត្រាំក្នុងទឹកស៊ីអ៊ីវ។ តែសព្វថ្ងៃគេមាន ‘’Yangnyeom Gejang’’ ដែរ ដែលជាក្តាមប្រលាក់ជាមួយទឹកជ្រលក់ហឹរនិងម្សៅម្ទេសរួចផ្អាប់ទុក។ មនុស្សជាច្រើនមានទំនោរចូលចិត្តក្តាមញីជាង ព្រោះវាមានពងផ្អែម និងសំបូរខ្លាញ់ជាង។ ថ្វីបើអាហារមួយមុខនេះអាចនឹងពិបាករកញ៉ាំនៅភ្នំពេញ តែពួកយើងធ្លាប់ឃើញវាជាអាហារតាមរដូវកាលនៅ Jaru Restaurant។

Gangjang Gejang - Cr maangchi

Yangnyeom Gejang - Cr koreanbapsang.com

ម៉ោងបើក៖ 10:30AM – 10PM

ទីតាំង៖ #15, ផ្លូវ 282, សង្កាត់បឹងកេងកងទី 1, ខណ្ឌចំការមន, រាជធានីភ្នំពេញ ​| Googlemap

#5 Bindaetteok

នៅប្រទេសកូរ៉េមាន pancake ជាច្រើនបែបដែលអាចរកញ៉ាំបានក្នុងនោះក៏មាន Bindaetteok ដែលជានំបែប pancake មានរសជាតិប្រៃ និងគ្រឿងផ្សំឈ្ងុយឆ្ងាញ់ជាច្រើនមុខទៀត។ គ្រឿងផ្សំសំខាន់មួយនៅក្នុងនំនេះគឺសណ្តែកសៀង។ ស្នូលរបស់វាមានផ្សេងៗគ្នាអាស្រ័យលើអ្នកលក់ ប៉ុន្តែជាធម្មតាគេច្រើនដាក់ស្លឹកខ្ទឹម និង Kimchi ដែលអត់មិនបាន ហើយគេអាចដាក់សាច់តាមចំណូលចិត្តផ្សេងៗពីគ្នា។ ដោយសារ Bindaetteok ចៀន​ គេច្រើនជ្រលក់វាជាមួយទឹកខ្មេះលាយជាមួយទឹកស៊ីអ៊ីវ ដើម្បីកាត់បន្ថយរសជាតិម្លាន់របស់ខ្លាញ់។ ដើម្បីញ៉ាំនំនេះ អ្នកអាចមកភោជនីយដ្ឋាន Silla Korean Restaurant បាន។

Bindaetteok - Cr dissapore.com

ម៉ោងបើក៖ 10AM – 10PM

ទីតាំង៖ #34, ផ្លូវ 337, សង្កាត់បឹងកេងកង, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap 

#6 Soondae/Sundae

តិចច្រលំជាមួយការ៉េម Sundae! Sundae នេះគឺជាមុខម្ហូបប្លែកមួយរបស់កូរ៉េ ដែលយកឈាមជ្រូកនិងគ្រឿងផ្សំជាច្រើនមុខទៀតបញ្វូលគ្នា ដូចជាមីសួរ ដាក់ក្នុងពោះវៀនរបស់ជ្រូក។ វាអាចលក់ជាមួយស្នូលនិងរុំផ្សេងៗគ្នាអាស្រ័យទៅតាមតំបន់។ ឃើញកូរ៉េស្អាតៗអ៊ីចឹងទេ តែក៏ញ៉ាំឈាម និងពោះវៀនជ្រូកដែរ។ ដូច្នេះ ប្រសិនបើចង់សាកអាហារក៏ប្លែកមួយនេះ មកភោជនីយដ្ឋាន Gangnam Style នៅផ្សារទំនើបអ៊ីអនសែនសុខនេះមក។

Soondae/Sundae - Cr Nicholas Chan

ទីតាំង៖ ផ្សារទំនើបអ៊ីអនសែនសុខ | Googlemap

#7 Gimmari

Gimmari ឬសារាយបំពង គឺជា street food ដ៏ពេញនិយម ដោយស្រដៀងនឹង Japchae (មីសួកូរ៉េ) តែរុំក្នុងសារាយ ហើយប្រឡាក់ជាមួយម្សៅបំពង ចៀនរហូតដល់ស្រួយ ស្តាប់ទៅទំនងណាស់! អ្នកអាចធ្វើវាបានយ៉ាងងាយស្រួលនៅផ្ទះរបស់អ្នកផ្ទាល់ ឬអាចរកវានៅកន្លែងដែលគេមានលក់ tteokbokk។ មនុស្សជាច្រើនចូលចិត្តលាយ Gimmari នៅក្នុងទឹកជ្រលក់ tteokbokk លក្ខណៈពិសេសនោះគឺវាស្រួយខាងក្រៅ ហើយខាងក្នុងទន់ស្រួលញ៉ាំតែម្តង។ កន្លែងដែលរកញ៉ាំវាបាននៅភ្នំពេញ គឺនៅហាង ផ្អែមហឹរ (Sweet & Spicy) នៅក្នុងបុរីពិភពថ្មីសែនសុខ។

Tteokbokki Gimmari - Cr Maangchi

ម៉ោង​បើក៖ 8:30AM – 8:30PM

ទីតាំង៖ #41, ផ្លូវ 21, ខណ្ឌសែនសុខ (បុរីពិភពថ្មីសែនសុខ) | Googlemap

#8 Samgyetang

Samgyetang ជាស៊ុបសម្រាប់ជំនួយសុខភាព និងសម្រាប់ញ៉ាំនៅរដូវក្តៅផងដែរ។ វាគឺជាស៊ុបប្រពៃណីមួយទៀតដែលគេយកមាន់មកដាំឱ្យពុះនៅក្នុងទឹកស៊ុបដែលពោរពេញដោយជីវជាតិបំប៉ន។ សាច់មាន់ញាត់ជាមួយអង្ករ យិនស៊ិន ពុទ្រា និងគ្រឿងទេសជាច្រើនដែលត្រូវបានគេដឹងថាមានអាហារូបត្ថម្ភខ្ពស់។ Samgyetang មិនត្រឹមតែជាម្ហូបសម្រាប់បំប៉នសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។ ហើយលោកអ្នកក៏អាចញ៉ាំវាបាននៅ Le Seoul និង Sikgaek Korean Restaurant។

Samgyetang - Cr koreanbapsang.com

ម៉ោងបើក៖ 10AM – 10PM

ទីតាំង៖ #93, មហាវិថីព្រះមុន្នីវង្ស, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ | Googlemap

#9 Mandu

Mandu គឺជាគាវមួយប្រភេទដែលមានលក្ខណៈបែបកូរ៉េ ដែលស្នូលរបស់វាផ្សំដោយសាច់ជ្រួក មីសួ និងគ្រឿងផ្សំផ្សេងៗជាច្រើនទៀត។ Mandu មាន 2 ប្រភេទផ្សេងគ្នា ដូចជា ‘’JJinmandu’’ ជាលក្ខណៈចំហុយ និង ‘’Yaki-mandu’’ ដែលជាគាវបំពង។ Mandu មានរសជាតិឆ្ងាញ់បំផុតនៅពេលញ៉ាំក្តៅៗស្រស់ៗ ហើយជ្រលក់ទឹកស៊ីអ៊ីវទឹកខ្មេះ។ នៅភ្នំពេញផ្ទាល់ អ្នកអាចរកញ៉ាំបាននៅភោជនីយដ្ឋាន Noodle & Dumpling។

Mandu - Cr Maangchi

ម៉ោងបើក៖ 6:30AM – 9PM

ទីតាំង៖ បុរីពិភពថ្មីសែនសុខ, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ | Googlemap

#10 Hotteok

យើងនឹងបញ្ចប់ជាមួយបង្អែមមួយមុខដែលមានឈ្មោះថាHotteok ដែលជានំ pancake ដែលមានរសជាតិផ្អែម ហើយមានស្នូលថែមទៀតផង។ ស្នូលនោះមានរសជាតិខុសៗគ្នាជាច្រើន​ ដែលភាគច្រើនមានដូចជា ទឹកឃ្មុំ ស្ករ cinnamon និងសណ្តែកដីជាដើម។ នៅពេលដែលគេយកនំនេះទៅចៀនលើខ្ទះក្តៅ នោះស្នូលទាំងនោះនឹងរលាយ មានលក្ខណៈដូចជា ស៊ឺរ៉ូ។ រសជាតិដែលផ្អែមមិនអាចបំភ្លេចបាននៅពេលអ្នកខាំវា បើនិយាយពីសំបកនំវិញគឺស្រួយតែម្តង។ នំមួយមុខនេះ ចាំទៅញ៉ាំនៅ Aigo Korean Café Dessert ដើម្បីញ៉ាំជាមួយនឹងបង្អែមផ្សេងៗជាច្រើនទៀត។

Hotteok - Cr mybeautyloots.blogspotsg

ម៉ោងបើក៖ 10AM – 7PM

ទីតាំង៖ ផ្លូវ 302 កែងនឹងវិថីព្រះត្រសក់ផ្អែម, សង្កាត់បឹងកេងកងទី 1, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap

អត្ថបទគួរតែអានបន្ទាប់