នំប្រពៃណីជាតិដែលពេញនិយមជាងគេនៅប្រទេសកម្ពុជា ជាពិសេសនារដូវបុណ្យភ្ជុំបិណ្ឌ!!
បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិមួយដ៏សំខាន់ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសប្រារព្ធឡើងជារៀងរាល់ឆ្នាំពុំដែលអាក់ខានឡើយ ហើយរបស់ម្យ៉ាងដែលពុំភ្លេចនោះគឺនំអន្សម នំគម និងនំបត់ជាដើម ដែលជានំប្រពៃណីមានតាំងពីមុនសម័យអង្គររហូតមកដល់បច្ចុប្បន្ននេះ តែនំទាំងនោះមានអត្ថន័យ និងដើមកំណើតមកពីណា ដែលធ្វើឱ្យយើងស្គាល់រហូតមកដល់បច្ចុប្បន្ននេះ?
"អន្សម" យោងតាមវចនានុក្រមសម្ដេចសង្ឃជួនណាតបានពន្យល់ថា ជាឈ្មោះនំម្យ៉ាងធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរឬអាំងក៏មាន។
រីឯ "នំគម" ជាឈ្មោះនំម្យ៉ាង មានសណ្ឋានដូចខ្នងគម ធ្វើពីម្សៅដំណើបមានស្នូលដូងឬស្នូលសណ្ដែកស្បាត់ស្ករខ្ចប់ដោយស្លឹក និងចម្អិនដោយចំហុយ។
យោងតាមឯកសារមួយចំនួនបានឱ្យដឹងថា នំអន្សមនេះមានតាំងពីសម័យមុនអង្គរនារាជ្យព្រះបាទជ័យវរ្ម័នទី២ ដែលប្រកាន់សាសនាព្រាហ្មណ៍ហើយបានប្រើប្រាស់សម្ភារៈជាច្រើនឱ្យមានទំនាក់ទំនងទៅនឹងសាសនា តួយ៉ាងដូចជានំអន្សមនេះជាដើម។ ក្នុងព្រាហ្មសាសនានំអន្សម តំណាងអោយលិង្គព្រះឥសូរ ចំណែកឯនំគមវិញគឺតំណាងឱ្យយោនីនាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ ម្ល៉ោះហើយទើបយើងតែងតែឃើញនំអន្សមនិងនំគមតែងតែមានវត្តមានជាមួយគ្នាជានិច្ច។
ជំនឿរបស់ប្រជាពលរដ្ឋមួយចំនួនជឿថាការវេចនំអន្សមនិងនំគម តំណាងឱ្យការដឹងគុណចំពោះអ្នកដែលបង្កើតលោក ឬអ្នកដែលបង្កើតរូបយើងមក ឬជាការដឹងគុណចំពោះឪពុកនិងម្ដាយ ដែលលោកខិតខំបីបាច់រក្សាកូនអោយធំដឹងក្តីក្នុងពិភពលោកយើងនេះ។
ពីសម័យកាលមួយទៅសម័យកាលមួយទៀត ការគោរពសាសនាមានភាពចម្រុះដែលធ្វើឱ្យប្រជាជនខ្មែរបានប្រើប្រាស់នូវប្រពៃណីទំនៀមទម្លាប់របស់ខ្លួនមកបញ្ចូលជាមួយនឹងសម័យកាលបច្ចុប្បន្នដែលខ្លួនមាន។
នំអន្សម និងនំគមទាំងអស់នេះ មិនត្រឹមតែជានំសម្រាប់ហូបនោះទេ តែវាក៏ជានំមួយប្រភេទតំណាងឱ្យអត្តសញ្ញាណ វប្បធម៌ជាតិរបស់កម្ពុជា ហើយផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរដ៏ល្អផូរផង់ផងដែរ។