រម្លឹករសជាតិកាលពីកុមារភាព! របៀបធ្វើបង្អែមតៅហ៊ូទឹកស្ករខ្ញីរសជាតិដើម!

កាលពីនៅក្មេងអ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ញ៉ាំបង្អែមតៅហ៊ូទឹកស្ករមែនអត់? រសជាតិឆ្ងាញ់ហើយមានតម្លៃសមរម្យទៀត ប៉ុន្តែឥឡូវពិបាករកទិញណាស់ព្រោះមិនសូវមានលក់ដូចកាលពីមុនទេ។ តែកុំបារម្ភអ្នកទាំងអស់គ្នាអាចធ្វើញ៉ាំនៅផ្ទះខ្លួនឯងបាន ព្រោះ FoodBuzz នឹងណែនាំរបៀបធ្វើបង្អែមតៅហ៊ូទឹកស្ករខ្ញី មកចែករំលែកទៅកាន់អ្នកទាំងអស់គ្នា!

#គ្រឿងផ្សំ៖

តៅហ៊ូ

  • ទឹកសណ្តែកស្រស់ ១៥០០មល
  • ម្សៅអង្ករ ១ស្លាបព្រាបាយ
  • ទឹក ៦០មល
  • ម្សៅចាហួយ ១/២ ស្លាបព្រាកាហ្វេ

ទឹកស្ករខ្ញី

  • ខ្ញីហាន់ជាចំណិតស្តើងៗ
  • ស្ករស ១ស្លាបព្រាបាយ
  • ស្ករត្នោត ឬ ស្ករផែន ២៥០ក្រាម
  • ទឹក ១២០មល

#របៀបធ្វើ

តៅហ៊ូ

១. ដាក់ទឹកសណ្តែកចូលទៅក្នុងឆ្នាំងរួចបើកភ្លើងឱ្យក្តៅល្មម។ បន្ទាប់មកកូរទឹកសណ្តែកដើម្បីកុំឱ្យខ្លោចឬជាប់ឆ្នាំង រួចដួសពពុះទឹកសណ្តែកចេញ។

២. ដាក់ម្សៅអង្ករលាយទឹកនៅក្នុងកូនចានមួយដោយឡែករួចកូរឱ្យសព្វ។

៣. បិទភ្លើងនៅពេលទឹកសណ្តែកពុះតិចៗ។

៤. រួចកូរល្បាយម្សៅអង្ករម្តងទៀត បន្ទាប់មកដាក់ម្សៅចាហួយចូលហើយកូរឱ្យសព្វ។ ចាក់ល្បាយនេះចូលទៅក្នុងចានគោម ឬ ឆ្នាំងមួយ។

៥. បន្ទាប់ពីនេះចាក់ទឹកសណ្តែកក្តៅចូលទៅក្នុងចានគោម ឬ ឆ្នាំងនៃល្បាយម្សៅភ្លាមៗ រួចកូរឱ្យសព្វម្តងទៀត និងដួសពពុះចេញ។

៦. បន្ទាប់មកយកក្រណាត់ស្អាតមកគ្របចាន ឬ ឆ្នាំង រួចគ្របគម្របឆ្នាំងពីលើមួយជាន់ទៀត។

៧. ទុកចោលរយៈពេល៣០នាទី។

ទឹកស្ករខ្ញី

១. លាយខ្ញីជាមួយនឺងស្ករចូលគ្នានៅក្នុងកូនចានមួយ រួចទុកចោលរយៈពេល១០នាទី។

២. បន្ទាប់មកយកខ្ញីទៅដាក់នៅក្នុងឆ្នាំងរួចបើកភ្លើងក្តៅល្មម រួចកូររយៈពេល៥-៦នាទី។

៣. រួចចាក់ទឹក និង ដាក់ស្ករត្នោត ឬ ស្ករផែនចូល ហើយកូររហូតដល់ស្កររលាយបន្ទាប់មកបន្ថយភ្លើងរួចទុករយៈពេល៥-៦នាទីទៀតជាការស្រេច៕ 

ប្រភព៖ RunAwayRice

អត្ថបទគួរតែអានបន្ទាប់