ទៅដល់សៀមរាប​ កុំភ្លេចមកសាកផាតថៃរសជាតិដើមលក់លើ​ Food Truck

បើអ្នកធ្វើដំណើរលើផ្លូវវត្តបូព៌ (ក្នុងទិសដៅសំដៅទៅវត្តដំណាក់) នៅខាងមុខ Smile Shop Mart ពេលល្ងាច លោកអ្នកនឹងចាប់អារម្មណ៍ឃើញមាន Food Truck ពណ៌ទឹកក្រូចដ៏តូចច្រឡឹងមួយ ដែលមានការតុបតែងយ៉ាងទាក់ភ្នែក រួមជាមួយនឹងតុកៅអីរង់ចាំទទួលអ្នកស្នេហាម្ហូបថៃ ជាពិសេសផាតថៃ និងបាយដំណើបស្វាយទុំ។

កន្លែងនោះមានឈ្មោះថា Thai St. ដែលជា Food Truck ម្ហូបថៃដំបូងគេបង្អស់នៅលើទឹកដីក្រុងអង្គរយើងហ្នឹង។ 

នៅទីនេះ លោកអ្នកអាចទទួលបាននូវរសជាតិដើមពិតៗ នៃម្ហូបថៃដ៏ពេញនិយម គឺ គុយទាវឆាបែបថៃ ឬដែលយើងតែងនាំគ្នាហៅតាមភាសាថៃថា «ផាតថៃ» និងគុយទាវសរសៃធំឆា ឬ «ផាតស៊ីអ៊ីវ» ព្រមទាំងបាយដំណើបស្វាយទុំផងដែរ។ 

ក្រៅពីមានតម្លៃសមរម្យ និងសមស្របនឹងរសជាតិដូចនៅប្រទេសដើម (ចាប់ពី២$-៤$) នៅទីនេះ មានលក្ខណៈពិសេសមួយទៀត គឺការរួមចំណែកក្នុងការការពារបរិស្ថានជាមួយនឹងការប្រើប្រាស់សម្ភារៈដាក់អាហារ រួមមានចាន ថាសដាក់បន្លែ និងការវេចខ្ចប់ ដែលមិនប្រើប្រាស់ថង់ប្លាស្ទិច ក៏ដូចជាមិនប៉ះពាល់ដល់បរិសា្ថន។

ម្ហូបឆ្ងាញ់ដែលទទួលបានការស្រលាញ់ចូលចិត្តពីទាំងភ្ញៀវជាតិ និងអន្តរជាតិបែបនេះ ហើយនៅកណ្តាលក្រុងស្រាប់ទៀត អត់សាកម៉េចបាន? ក្រុមការងារ FoodBuzz ក៏បានភ្លក្សដែរហើយណា៎! 

ញ៉ាំហើយ ពិតជាពិបាកបំភ្លេចរសជាតិតែម្តង ចំណែកឯបាយដំណើបវិញ ទន់ល្មមឆ្ងាញ់ ហើយក៏មិនផ្អែមពេកដែរ ពេលញ៉ាំជាមួយទឹកខ្ទិះ និងស្វាយទុំទៅ ឬតតែពិសេស។ 

Food Truck ដ៏ទាក់ទាញមួយនេះ ក៏មានសេវាបម្រើក្នុងកម្មវិធីផ្សេងៗផងដែរ ហើយថ្មីៗនេះ ក៏បានធ្វើការដាក់ទីតាំងនៅខាងមុខ The Local Brew Pub រៀងរាល់ថ្ងៃសុក្រ ជាមួយនឹងមុខម្ហូបបន្ថែមប៉ុន្មានមុខផងដែរ។ ដូចនេះហើយ កុំភ្លេចតាមដានលើទំព័រហ្វេសប៊ុករបស់ហាងផ្ទាល់ណា៎!

សម្រាប់ការដឹកជញ្ជូនដល់កន្លែង លោកអ្នកអាចស្វែងរកតាមរយៈ Nham24, Tukout និង Muuve ឬប្រើប្រាស់សេវាផ្ទាល់របស់ហាងជាមួយនឹងលក្ខខណ្ឌផ្សេងៗដែលអាចសាកសួរបានតាមហ្វេសប៊ុកផេករបស់ហាង។

Thai St.

  • Wat Bo Road, Corner St. 25 (in front of Smile Shop Mart)
  • 095 916 030

អត្ថបទគួរតែអានបន្ទាប់