មក Terrazza ក្នុងខែកុម្ភៈនេះ មានជម្រើសអាហារអ៊ីតាលីឆ្ងាញ់ៗកាន់តែច្រើនជាង 20 មុខ

FoodBuzz ធ្លាប់បានសរសេរអត្ថបទអំពី Terrazza ច្រើនគួរសមដែរហើយ តែលើកណាក៏ដោយក៏ Terrazza តែងមានអ្វីថ្មីៗយ៉ាងទាក់ទាញមកបង្ហាញជាប្រចាំតែម្ដង។ តាំងពីមាត់ទ្វារហូតដល់តុអាហារ ហាងអ៊ីតាលីមួយនេះមានការរៀបចំយ៉ាងប្រណីតជាមួយការដាក់តាំងបង្ហាញផលិតផល និងមានការដាក់តាំងស្រាក្រហមច្រើនមុខយ៉ាងទាក់ភ្នែកតែម្ដង។

មានទីតាំងនៅតំបន់បឹងកេងកងដែលជាបណ្ដុំហាងល្អៗ Terrazza ផ្ដល់សេវាកម្មយ៉ាងកក់ក្ដៅ និងទាក់ទាញអតិថិជនគ្រប់ជាតិសាសន៍ឱ្យមកភ្លក្សភីហ្សា ផាស្តា និងបង្អែមឆ្ងាញ់ៗតាមរូបមន្តអ៊ីតាលី និងធ្វើឱ្យក្រុមការងារ FoodBuzz យើងពេញចិត្តស្ដូកតែម្ដង។ ក្នុងចំណោមមុខម្ហូបថ្មីជាង 20 មុខ យើងបានភ្លក្សអាហារឆ្ងាញ់ៗរហូតដល់ 11 មុខ ដែលមុខម្ហូបនីមួយៗសុទ្ធតែមិនគួររំលង។ មុនពេលចាប់ផ្ដើមទទួលទាន យើងបានភ្លក្សរសជាតិ Aperol Spritz ដែលជាភេសជ្ជៈមានជាតិអាល់កុលធ្វើអំពី Prosecco, Aperol និងសូដា។ ភេសជ្ជៈនេះមានពណ៌ទឹកក្រូចស្រស់គួរឱ្យចង់ញ៉ាំនិងរសជាតិស្រទន់ល្អដែលជនជាតិអ៊ីតាលីនិយមកុម្ម៉ង់ញ៉ាំមុនពេលអាហារមកដល់។

ចាប់ផ្ដើមដំបូងគឺ Parmigiana ជាសាលាដផ្សំពីត្រប់ ប៉េងប៉ោះ និងឈីស មានរូបស្រស់គួរឱ្យចង់ញ៉ាំតែម្ដង ឯរសជាតិក៏ឆ្ងាញ់មិនចាញ់រូបដែរ។ រីឯ Terrina di Agnello ជាប៉ាតេសាច់ចៀមមានលាយជាមួយបេខិន និងសាច់ច្រើនមុខផ្សំចូលគ្នាបានជារសជាតិជាប់ចិត្តដិតអារម្មណ៍ ទន់ល្អស្ទើររលាយក្នងមាត់តែម្ដង។ ម្ហូបមួយទៀតគឺ Caprese Original មានឈីសម៉ូហ្សារ៉េឡា និងប៉េងប៉ោះទន់ផ្អែមក្រហមស្រស់ស្រោចស្រពដោយប្រេងអូលីវ ជាអាហារសម្រន់ល្អចំពោះសុខភាព។ ចំណែកឯ Crema di Fagioli e Gamberl ជាស៊ុបសណ្កែកនិងបង្គារាងខាប់បន្តិច មានជាតិគ្រីមច្រើនតែមិនទ្រលាន់ គ្រាន់បានភ្លក្សហើយបំភ្លេចមិនបាន។ 

បើបានទៅ Terrazza ប្រាកដជាមិនអាចភ្លេច Risotto Agli Asparagi ជាដាច់ខាត ព្រោះវាជាម្ហូបអ៊ីតាលីល្បី មានឈ្មោះបោះសម្លេងទូទាំងពិភពលោក។ Risotto មួយនេះធ្វើពីអង្ករអ៊ីតាលីរម្ងាស់ក្នុងទឹកស៊ុបយ៉ាងមានជាតិទើបដាក់ឈីសដើម្បីឱ្យមានជាតិគ្រីមយ៉ាងឈ្ងុយឆ្ងាញ់។ Tagliolini al Nero Seppia ជាមីផាស្តាខ្មៅធ្វើអំពីទឹកខ្មៅរបស់មឹក មិនត្រឹមតែមានពណ៌ចាប់ចិត្តទេ តែរសជាតិក៏ដិតល្អ និងមានក្លិនឈ្ងុយរបស់មឹកទៀត! មីមួយនេះពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន ប្រិយមិត្តបើបានកុម្ម៉ង់ហើយប្រាកដជាទ្រាំមិនបាន ទាញទូរស័ព្ទមកថតជាមិនខាន! ម្ហូបមិនគួរមើលរំលងមួយទៀតគឺ Ravioli Zucchini Taggio e Ricotta ជាផាស្តាល្បីរបស់អ៊ីតាលីញាត់ឈីស សាច់និងបន្លែ មានលក្ខណៈស្រដៀងនឹងគាវដែរ។ Ravioli នេះផ្សំពីឈីសពីរប្រភេទ បង្កើតជារសជាតិមួយអាចទាក់ចិត្តឱ្យជាប់ស្រឡាញ់តែម្ដង! 

បើបានទៅភោជនីយដ្ឋានអ៊ីតាលីហើយមិនបានសាកភីហ្សាដូចមិនសមទេត្រូវអត់? យើងបានភ្លក្សរសជាតិភីហ្សា 2 គឺ Friarielli e Salsiccia ជាភីហ្សាសាច់ក្រកអ៊ីតាលីជាមួយបន្លែបៃតង។ រសជាតិពីសាច់ក្រកធ្វើឱ្យភីហ្សានេះក្លាយជាទីពេញចិត្តរបស់គ្រប់គ្នា ស្រួលកុម៉្មង់ញ៉ាំព្រោះដឹងតែត្រូវចិត្តគ្រប់គ្នាតែម្ដង។ ភីហ្សាមួយទៀតហៅថា Calzone មានសំបងទន់ស្ដើង បិទជិតដូចនំផាយ (Pie) មានស្នូលហេម ដាក់ឈីសច្រើនៗ និងទំពាំងខ្ចី គ្រាន់ពុះមកស្ទើរស្រក់ទឹកមាត់។ 

ក្នុងចំណោមម្ហូបទាំងនេះ មានមួយដែលមានលក្ខណៈពិសេសជាងគេ គឺ Gamberoni al Congac មានបង្គាធំៗ 3 សាច់ណែនផ្អែមល្អ ត្រូវបានចំអិននៅជាប់តុអាហារដោយចុងភៅជំនាញភ្លាមៗតែម្ដង ដោយការឆាមានចាក់ស្រា Congac ធ្វើឱ្យភ្លើងឆេះឡើងបង្កើតជាទស្សនីយភាពមួយជាទីចាប់អារម្មណ៍។ 

ម្ហូបឆ្ងាញ់ខ្វះបង្អែមក៏មិនបាន ជាពិសេសពេលមានបង្អែមឆ្ងាញ់ដូចជា Ricotta e Pera Amalfitana ជាឈីសខេករបស់អ៊ីតាលី ផ្សំពីឈីស Ricotta រសជាតិស្រាល និងផ្លែសារីផ្អែមស្រួយនិងមានសូកូឡាល្វីងតិចៗ សក្តិសមសម្រាប់លាងមាត់តែម្ដង។ 

បើនិយាយដល់មុខម្ហូបអ៊ីតាលី ម៉េចអាចភ្លេច Terrazza បាន! Terrazza ជាភោជនីយដ្ឋានមានឈ្មោះបោះសម្លេង ហើយស្ថិតនៅក្នុងចំណោមភោជនីយដ្ឋានអ៊ីតាលីល្អបំផុតនៅប្រទេសកម្ពុជាទៀតផង។ ទាំងបរិយាកាស ទាំងរសជាតិ Terrazza ផ្ដល់នូវបទពិសោធន៍មិនអាចបំភ្លេចបាន ស័ក្ដិសមសម្រាប់ចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់របស់លោកអ្នក ទាំងគ្រួសារក្ដី ទាំងមិត្តភក្តិក្ដី ទាំង Date រ៉ូមែនទិកក្ដី!

 

Terrazza

  • #1C, Street 282, BKK1, Phnom Penh, Cambodia 12302
  • 023 214 660

អត្ថបទគួរតែអានបន្ទាប់