TeamCoffee : ហាងអាហារដែលមានមុខម្ហូបច្រើនមុខ ញ៉ាំហើយមិនបាច់ទៅណាទេ អង្គុយធ្វើការនឹងហ្មង!

ជឿថាអ្នកអានខ្លះកំពុងឃ្លានហើយត្រូវអត់? តែមិនដឹងចង់ញ៉ាំអី? ថ្ងៃនេះ ក្រុមការងារ FoodBuzz ចង់ណែនាំហាងអាហារកាត់ហាងកាហ្វេប្រេនរបស់កូនខ្មែរមួយ! អ្វីដែលពិសេសនោះ ក្នុងហាងហ្នឹងមានមុខម្ហូបច្រើនប្រភេទ មិនថាខ្មែរ អាស៊ី ឬ អ៊ឺរុបទេ គឺសុទ្ធតែឈ្ងុយៗ ទំនងៗ ហើយគុណភាពមិនចាញ់ប្រេនស្រុកក្រៅទេ!

នៅពេលទៅដល់ TeamCoffee សាខា Exchange Square ពួកយើងបានឃើញថាក្នុងហាងគឺមានទីធ្លាធំទូលាយ ការតុបតែងបែបទំនើបគួបផ្សំជាមួយរចនាបទខ្មែរតិចៗ តាមរយៈគំនូរលើជញ្ជាំង និងសម្ភារៈប្រើប្រាស់មួយចំនួនក្នុងហាង។ បុគ្គលិកនៅទីនេះបានស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ ធ្វើឲ្យពួកយើងមានអារម្មណ៍រីករាយមែនទែនតាំងពីចូលទៅដំបូង។

មិនឲ្យចាំយូរ ពួកយើងបានកុម្ម៉ង់ម្ហូបជាច្រើនមុខ ដោយចាប់ផ្តើមជាមួយម្ហូបប្រភេទស៊ុប ដូចជា គុយទាវឆ្អឹងស៊ុបសម្រាប់ប៉ូវកម្លាំងចឹងហ្ហា៎! ចំណុចពិសេសនោះគឺសាច់ជាប់ឆ្អឹងមានច្រើន ទឹកស៊ុបមានរសជាតិបែបស្រាលៗតែមានជាតិណាស់ ព្រោះឆ្អឹងគោត្រូវបានគេរម្ងាស់ជាច្រើនម៉ោង។ បន្ទាប់មក ពួកយើងបានសាកជាមួយហ្វឺម្តង​ ហើយទឹកស៊ុបហ្វឺវិញគឺខុសពីទឹកស៊ុបគុយទាវ រសជាតិវារាងដិតជាង ហើយបើបានជ្រលក់សាច់ជាមួយទឹកសៀងប្រចាំហាងដឹងតែអេមម៉ង់!

បើនិយាយពីបាយម្ហូបវិញ ពួកយើងបានកុម្ម៉ង់បាយឆាបង្គារប្រចាំហាងធីមកាហ្វេមកសាក។ បាយឆាមានលក្ខណៈស្ងួតល្អ ហើយពីបង្គារដែលគេដាក់ជា topping យើងក៏ឃើញមានសាច់អាំងពីរចង្កាក់ថែមក្នុងចានដែរ។ ​សាច់អាំងគេផ្សំគ្រឿងល្មមឆ្ងាញ់ ហើយអាំងមិនសូវស្ងួតពេកទៀត។ ហើយម្ហូបបែបអឺរ៉ុបគេវិញក៏ម្យ៉ាងដែរ ឆាស្ប៉ាហ្កេទីគ្រឿងសមុទ្រមានរសជាតិដិត រាងគ្រប់គ្រឿង ហើយសរសៃមីឆាស្ប៉ាហ្កេទីចម្អិនបានផុយល្អទៀត។ អាចនិយាយបានថា រសជាតិអាហារនៅទីនេះត្រូវមាត់ពួកយើងណាស់ ពិសេសសាឡាដសាច់មាន់ ដែលមានន្លែសាឡាដ ស្រស់ៗ ហើយមានមាន់បំពងស្រួយៗនៅពីលើទៀត​ ពេលច្របល់ចូលគ្នាជាមួយទឹកជ្រលក់ចាប់ជាតិគ្នាបានល្អណាស់! ចង់និយាយថាមានទាំងនំបញ្ចុកទៀត ឃ្លានអីគឺមានហ្នឹងតែម្តង ខប់ខប់។

មុខម្ហូបច្រើនណាស់ ឥឡូវងាកមកមើលខាងភេសជ្ជៈវិញម្តង។ ភេសជ្ជៈនៅធីមកាហ្វេមានច្រើនមុខណាស់​ កាហ្វេ តែបៃតងឡាតេអីហ្នឹងគឺក្តៅក៏មាន​ ត្រជាក់ក៏មាន ឆុងឲ្យថ្មីៗ ក្លិនឈ្ងុយៗ រួមទាំងបរិយាកាសសម្បូរបែប អាចអង្គុយធ្វើការក៏បាន សម្រាកពីការងារអង្គុយនិយាយគ្នាជាមួយមិត្តភក្តិក៏បាន! មក TeamCoffee ដឹងតែត្រូវចិត្តហើយ!

TEAMCoffee - Exchange Square

អត្ថបទគួរតែអានបន្ទាប់