របៀបធ្វើមាន់បំពងបែបកូរ៉េរសជាតិផ្អែមៗហឹរៗនិងស្រួយឆ្ងាញ់!
ពេលមើលរឿងកូរ៉េម្តងៗឃើញគេញ៉ាំមាន់បំពងឡើងទំនងហើយធ្វើឱ្យឃ្លានចង់ញ៉ាំដែរមែនអត់? ឥឡូវអ្នកទាំងអស់គ្នាអាចរៀនធ្វើមាន់បំពងបែបកូរ៉េនេះដោយខ្លួនឯងបានជាមួយនឹងរបៀបធ្វើងាយៗ និង មានរសជាតិឆ្ងាញ់ដូចរសជាតិដើមតែម្តង!
#គ្រឿងផ្សំ៖
សម្រាប់សាច់
- ស្លាបមាន់ ១គីឡូ
- អំបិល ១/២ស្លាបព្រាកាហ្វេ
- ម្រេច ១/២ស្លាបព្រាកាហ្វេ
- ម្សៅពោត (Corn Starch) ៨ស្លាបព្រាបាយ
- ម្សៅមី ៤ស្លាបព្រាបាយ
- ម្សៅសូដា ១/២ស្លាបព្រាកាហ្វេ
- ពងមាន់ ២គ្រាប់
- ល្ង ១ស្លាបព្រាបាយ
- ប្រេងឆា
សម្រាប់ទឹកម្ទេស
- ប្រេងឆា ២ស្លាបព្រាកាហ្វេ
- ខ្ទឹមសចិញ្ច្រាំ ៣កំពឹស
- ទឹកប៉េងប៉ោះ ៥ស្លាបព្រាបាយ
- ទឹកឃ្មុំ ៥ស្លាបព្រាបាយ
- ម្ទេសកូរ៉េ (gochujang) ៤ស្លាបព្រាបាយ
- ទឹកខ្មេះ ២ស្លាបព្រាកាហ្វេ
#របៀបធ្វើ៖
១. ដាក់ប្រេងឆាចូលទៅក្នុងខ្ទះច្រើនល្មមសម្រាប់បំពងសាច់រួចបើកភ្លើងក្តៅល្មមរយៈពេល ១០ ទៅ ១២នាទី។
២. បន្ទាប់មកយកចានគោមមកលាយសាច់មាន់ ម្រេច ម្សៅពោត ម្សៅមី ម្សៅសូដា ពងមាន់ មកច្របល់ឱ្យសព្វចូលគ្នា។
៣. រួចយកសាច់មាន់ដែលប្រឡាក់រួចដាក់ចូលក្នុងខ្ទះ បន្ទាប់មកបំពងសាច់រយៈពេល១២នាទីរួចស្រង់ចេញ។
៤. បន្ទាប់មកដាក់ខ្ទះថ្មីមួយទៀត ដាក់ប្រេងឆា២ស្លាបព្រាកាហ្វេចូលរួចបើកភ្លើងឱ្យក្តៅល្មម។ ជាបន្ទាប់ដាក់ខ្ទឹមសចូល រួចឆាប្រហែល៣០វិនាទី ហើយដាក់ទឹកប៉េងប៉ោះ ទឹកឃ្មុំ ម្ទេសកូរ៉េ (gochujang) និង ទឹកខ្មេះ រួចកូរឱ្យសព្វ។ ហើយបន្ថយភ្លើងរហូតដល់ពុះ រួចយកចេញទុកមួយឡែក។
៥. រួចដាក់បំពងសាច់ជាលើកទី២ រហូតដល់ឆ្អិន និងស្រួយល្អ។
៦. បើកភ្លើងកម្ដៅទឹកម្ទេសម្តងទៀត ទុករហូតដល់ពុះតិចៗ រួចដាក់សាច់មាន់ចូលហើយឆាឱ្យសព្វល្អ។
៧. ជាចុងក្រោយអ្នកទាំងអស់គ្នាអាចរោយល្ងតាមចំណង់ចំណូលចិត្តជាការស្រេច។
ប្រភព៖ Maangchi
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz