ចំណាយពេលតិច និងងាយស្រួល ក្នុងការធ្វើបង្អែមបបរសណ្តែកខៀវ!
មិនចាំបាច់មានគ្រឿងផ្សំច្រើននិងចំណាយពេលយូរក៏អាចធ្វើបង្អែមដ៏ឆ្ងាញ់ញ៉ាំបាន។ បង្អែមបបរសណ្តែកខៀវគឺងាយស្រួលធ្វើមែនទែន ហើយជាពិសេសបង្អែមនេះអាចញ៉ាំក្តៅៗក៏បាន ដាក់ទឹកកកក៏បាន!
#គ្រឿងផ្សំ៖
- សណ្តែកខៀវ ២២០ក្រាម (លាងទឹកឱ្យស្អាត និង ត្រាំទុករយៈពេល ២ម៉ោងយ៉ាងតិច)
- ស្ករស ១៣៥ក្រាម
- ទឹក ១.៥លីត្រ
- ស្លឹកតយ ២សន្លឹក
- សាគូ ៤០ក្រាម (លាង និង ត្រាំទឹករយៈពេល១០នាទី)
- ខ្ទិះដូង ២៤០មល
#របៀបធ្វើ៖
១.ដាក់សណ្តែកខៀវ ស្ករ ទឹក និង ស្លឹកតយចូលទៅក្នុងឆ្នាំង រួចបើកភ្លើងឱ្យក្តៅ។ បន្ទាប់មកបន្ថយភ្លើងនៅពេលដែលពុះ រួចឧស្សាហ៍កូរ និង ទុកប្រហែលរយៈពេល៣០នាទី ឬ រហូតដល់ពេលសណ្តែកផុយ។
២.បន្ទាប់មកដាក់សាគូ និង ខ្ទិះដូងចូលរួចទុករយៈពេល ៨នាទី។ ប្រសិនបើខាប់ពេកអ្នកទាំងអស់គ្នាអាចថែមទឹកបាន។
៣.ជាចុងក្រោយ នៅពេលដែលបបរសណ្តែកឆ្អិន អាចញ៉ាំក្តៅៗ ឬ ដាក់ទឹកកកពីលើក៏បាន៕