Sundown Social Club៖ បារនៅលើដំបូលជាន់ទី៣ កំពុងពេញនិយមខ្លាំងនៅម្ដុំទួលទំពូង

Sundown Social Club មានទីតាំងនៅម្តុំផ្សារទួលទំពូង ជាបារនៅលើដំបូលជាន់ទី៣ មានទីធ្លាទូលាយ ស្រឡះល្អ ជាមួយនឹងការតុបតែងបែបដូចនៅឆ្នេរសមុទ្រ។ កន្លែងនេះសាកសមបំផុតសម្រាប់អ្នកចូលចិត្តអង្គុយលំហែលេង និយាយបូរបាច់ បង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ។

អ្នកក្រលុកស្រាវ័យកណ្តាលរួសរាយរាក់ទាក់ បានណែនាំក្រុម FoodBuzz ឲ្យសាកស្រាក្រឡុក ២ ប្រភេទដែលមួយក្នុងចំណោមនោះមានឈ្មោះថា Sundown Social Club ដូចនឹងឈ្មោះហាងដែរ។ រីឯមួយមុខទៀតគឺ Aprol Sprite មានពណ៌ក្រហមឆ្អិនឆ្អៅ។ ចំពោះ ២ មុខនេះមានរសជាតិជូរអែមៗ មិនសូវល្វីងសាកសមសម្រាប់អ្នកមិនសូវចូលចិត្តញុាំស្រា។ បើងាកមករករបៀបខ្លាំងៗ អ្នកគួរជ្រើសយកស្រាក្រឡុកពេញនិយមប្រចាំហាងគឺ Sundown Fizz និង Petit Pink Gin ដែលមានរសជាតិនិងកម្រិតជាតិអាកុលខ្លាំង។ 

រីឯស្រាបៀរវិញ បើអ្នកមិនចង់បានកម្រិតអាកុលខ្លាំង Harvest ជាជម្រើសសម្រាប់អ្នក ប៉ុន្តែវាមានរសជាតិរៀងសាប មិនសូវឈ្ងុយ តែល្វីងចុងអណ្ដាត។ ក្រុម FoodBuzz ពេញចិត្តជាមួយរសជាតិរបស់ Indochine IPA ជាង ព្រោះវាមានក្លិនឈ្ងុយ មានរសជាតិជូរអែមនិងល្វីងតិចៗ។ ញុាំស្រាបៀរហើយ ក្លែមជាមួយមាន់បំពងស្រួយៗជ្រលក់នឹងទឹកមេយ៉ូណេស វ៉ាសាប៊ីទៀត នឹងកាន់តែធ្វើឲ្យការជួបជុំពេលល្ងាចរបស់អ្នកកាន់តែរីករាយ។

បារនេះដេគ័រឡើងយ៉ាងស្អាតជាមួយដើមរុក្ខជាតិពណ៌បៃតងស្រស់ មានតន្រ្ដី និងការលម្អផ្សេងៗដែលធ្វើឲ្យមានអារម្មណ៍ដូចជាកំពុងនៅក្នុងបារនាមាត់សមុទ្រអ៊ីចឹង។ យ៉ាងណាមិញបើងាកចេញក្រៅទៅអគារដែលមិនទាន់សង់រួច ២-៣ ជិតៗនោះធ្វើឲ្យទេសភាពមិនសូវអំណោយផល។ នៅពេលអង្គុយលេង មានខ្យល់បក់មកប៉ះរាងកាយល្វិចៗ ធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែពេលខ្លះ រាងជះក្លិនឆ្អាបត្រីនិងគ្រឿងសមុទ្របន្តិច ព្រោះថាបារមួយនេះស្ថិតនៅជាប់ផ្សារទួលទំពូងផ្ទាល់តែម្តង។ ដោយឡែកសម្រាប់មាតិផ្ទាល់ ដាក់ពិន្ទុឲ្យ៨/១០ សម្រាប់បារមួយនេះ។ 

សម្រាប់ព័ត៌មានលំអិត និងប្រម៉ូសិនផ្សេងៗ សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក Sundown Social Club ឬទាក់ទងទៅលេខ ០១៥ ៥២៦ ៣៧៣

Sundown Social Club

  • 3rd Floor #86 Street 440, Russian Market Phnom Penh
  • 015 526 373

អត្ថបទគួរតែអានបន្ទាប់