ចង់ញុំាអីថោកហើយឆ្ងាញ់គ្រប់មុខ ញ៉ាំនៅកន្លែងនេះដឹងតែត្រូវហ្មង
រសៀលៗ ឡើងដឹងតែឃ្លានហើយ តែពិបាករកកន្លែងញ៉ាំអីមែនទេ? នៅមុខសាលា World Best នៅក្បែរផ្សារដេប៉ូ ជិតស្តុបដេអិននេះឯង មានលក់បង្អែមគ្រប់មុខដូចជា វោយ គ្រប់ខ្នុរ បបរសណ្តែកគ្រប់មុខ ចាហួយ សង្ឃារល្ពៅ និង បង្អែមជាច្រើនមុខទៀត។


ក្រៅពីនេះ បើចង់ញុំាអាហារសម្រន់ផ្សេងៗក៏មានដែរដូចជា ពងទាកូន នំបញ្ចុកសម្លរការី និង សម្លរខ្មែរ និងបបរត្រី ក្តៅៗ ដែលមានរសជាតិឆ្ងាញ់ទៀតផង។ ហើយបើគ្រឿងទឹកវិញ ក៏មិនខ្វះ ពួកគាត់ក៏មានលក់នូវទឹកក្រឡុកផ្លែឈើគ្រប់មុខ និង ទឹកក្រឡុកផ្លែបឺរផ្អែមជាប់ចិត្ត។


តម្លៃសមរម្យ អនាម័យក៏ស្អាត ប៉ុន្តែទាស់បន្តិចរឿងពិបាកចំណតឡានម៉ូតូ ដូច្នេះបើចង់ទៅ សូមណែនាំឲ្យជិះម៉ូតូវិញណា ស្រួលរកកន្លែងចតជាង។ ចាប់ពីម៉ោង២ កន្លះរសៀលទៅ ពួកគាត់ដឹងតែរៀបចំតុ និង តូបរួចសម្រាប់ចាំទទួលអតិថិជនហើយ។


កុំភ្លេចណា បើឃ្លានបង្អែម និង អាហារសម្រន់ពេលរសៀលឬល្ងាចៗ ឡើងអី ជាពិសេសពេលកាបូបលុយចូលខ្យល់ផងនោះ កុំភ្លេចឆ្លៀតចូលញ៉ាំនៅទីនោះ។
តម្លៃ៖ បង្អែមតម្លៃចាប់ពី ១៥០០៛ ក្នុងមួយចាន ហើយទឹកក្រឡុកចាប់ពី ៤០០០៛ឡើងទៅ ពងទាកូនមួយគ្រាប់ ១៥០០៛ នំបញ្ចុក និង បបរត្រី មួយចាន ៤០០០៛ឡើងទៅ
ទីតាំង៖ នៅមុខសាលា World Best School (ជិតផ្សារដេប៉ូ និង ក្បែរស្តុបដេអិន) | Googlemap