បុណ្យអុំទូកកន្លងផុតទៅ សល់អំបុកច្រើនមែនទេ? មកច្នៃធ្វើបង្អែមអំបុកចំហុយខ្ទិះដូងបានណា!

ពិធីបុណ្យអុំទូកបានប្រព្រឹត្តនិងកន្លងផុតទៅក៏ពិតមែន ប៉ុន្តែអំបុកដែលបានដាក់ថ្វាយដល់ទេវតានៅសល់ច្រើនពេក ហើយទ្រលាន់លែងចង់ញ៉ាំមែនទេ? អស់បារម្ហ! ថ្ងៃនេះចាំ FoodBuzz យើងមកប្រាប់ពីរបៀបច្នៃធ្វើបង្អែមមួយមុខគឺ អំបុកចំហុយខ្ទិះដូង ដែលធ្វើមកពីអំបុក មាន​រសជាតិឆ្ងាញ់ប្លែក ធានាញ៉ាំហើយចង់ញ៉ាំទៀតតែម្ដង! 

គ្រឿងផ្សំ

១.​ អំបុក (២​ កំប៉ុង)

២. សាច់ដូងខ្ចី (១៥០ ក្រាម)

៣. ទឹកស្លឹកតយ (២៥០ មីលីលីត្រ)

៤. ទឹកដូង (១៥០ មីលីលីត្រ)

៥. ស្ករ (៩០​ ក្រាម) និង​ (៣០ ក្រាម)

៦. ខ្ទិះដូង (៣៥០ មីលីលីត្រ)

៧. ទឹកម្សៅឆា (៥០-៧៥ មីលីលីត្រ) 

៨. អំបិលមួយចិប​

វិធីធ្វើ

១. ដាក់អំបុក សាច់ដូងខ្ចី ទឹកស្លឹកតយ ទឹកដូង និងស្ករ (៩០ ក្រាម) ចូលចានមួយហើយច្របល់ឲ្យសព្វចូលគ្នាល្អ

២. ដាក់ទឹកដាំក្នុងឆ្នាំងចំហុយមួយ ហើយដួសល្បាយដែលលាយរួចចូលក្នុងចាន ឬកែវដែលអាចចំហុយបាន

៣. ពេលទឹកពុះ ដាក់ល្បាយចូលចំហុយរយៈពេលពី ១២ ទៅ ១៥ នាទី​

៤. ក្នុងអំឡុងពេលចំហុយ ដាំខ្ទិះដូងឲ្យពុះលើភ្លើងហឹមៗ រហូតពុះល្អ

៥. ដាក់ស្ករ (៣០ ក្រាម) ចូល អំបិលមួយចិប និងទឹកម្សៅឆាចូលដើម្បីឲ្យកាន់តែខាប់

៦. ដាំឲ្យពុះ រួចបិតភ្លើង

៧. ពេលបង្អែមត្រូវបានចំហុយហើយ ស្រោចខ្ទិះដូងពីលើ និងរោយល្ងខ្មៅបន្តិចឲ្យកាន់តែមានសម្រស់ ហើយក៏រួចជាការស្រេច! 

អាចសាកធ្វើញ៉ាំបានណា! ដឹងតែឆ្ងាញ់ជក់ចិត្តដិតអារម្មណ៍តែម្ដង! 

អត្ថបទគួរតែអានបន្ទាប់