ចូលខែភ្លៀងហើយ មករកមីស៊ុបសាច់ទា និងផាក់ឡូវក្ដៅៗហុតឲ្យស្រឡះខ្លួនតិចអី?

គិតដូចពួកយើងអត់ បើជាអ្នកដើរញ៉ាំហា៎ សួរកន្លែងណា ហាងអី ម្ហូបអីក៏ស្គាល់ដែរ ចង់បានបែបម្ហូបបួស ម្ហូបសាច់ តម្លែថ្លៃថោកអីដឹងទាំងអស់។ ប៉ុន្តែបើអ្នកមិនមែនជាអ្នកពូកែដើររុះរកកន្លែងថ្មីៗអីទេ មកតាម Streetbuzz មកត្រូវហើយ ខាង Streetbuzz យើងនេះជំនាញណាស់ខាងរកកន្លែងញ៉ាំអីហ៎។

Streetbuzz ស្គាល់កន្លែងមួយដែលពួកយើងគិតថាបងប្អូនអាចចូលចិត្តបើបងប្អូនចង់ញ៉ាំអីក្ដៅៗ មានមី គុយទាវសរសៃធំ សរសៃតូច គាវ ទឹកស៊ុប មាន​សាច់​ទា ឈាមទា សាច់ផាក់ឡូវ ពោះវៀនធំ តូចអីហ្នឹង កន្លែងនេះត្រូវម៉ាច់តែម្ដង។​ នេះនែក៎! ហាង​ អង្គរ លក់មីគាវ មីសាច់ទាពិសេស​ កន្លែងគាត់ពេញនិយមណាស់ចំពោះអ្នកនៅម្ដុំនោះ អ្នកដែលស្គាល់ តែងតែថាកន្លែងគាត់ឆ្ងាញ់ តើបងប្អូនចង់ដឹងថានៅខាងគាត់មុខម្ហូបមួយណាដែលពេញនិយមជាងគេទេ? 

ម្ហូបដែលគាត់លក់ដាច់ជាងគេនោះគឺ មីគាវ មីសាច់ទាពិសេស​ហ្នឹងឯង ខាងគាត់ប្រើប្រភេទមីដែលហូបទៅមិនសូវប៉ះពាល់ដល់សុខភាពទេ។ ចំណែកឯសាច់ទាគាត់វិញ គឺផុយល្អ មិនស្វិតពិបាកទំពារឡើយ។ ក្រុមការងារ StreetBuzz ឲ្យតែមកញ៉ាំ ដឹងតែហៅឌុបគ្រប់មុខ ព្រោះអត់ទ្រលាន់ទេ ទឹកស៊ុបក៏មិនមានរសជាតិដិតដែរ ធ្វើឲ្យញ៉ាំបានច្រើន។ 

Credit: អង្គរ លក់មីគាវ មីសាច់ទាពិសេស

រីឯគាវវិញមិនមែនគាវសាច់មាន់ សាច់គោអីទេណា គាវសុទ្ធតែសាច់បង្គាអ្ហ៎! គាវរបស់គាត់មួយគ្រាប់ៗធំៗណាស់ ហើយសាច់ហាប់ណែនល្អទៀត ខាំមួយម៉ាត់ណាក៏សុទ្ធតែសាច់បង្គាដែរ។  លើសពីនេះ នៅមានសាច់ផាក់ឡូវ ឈាមទា និងពោះវៀន គឺថារសជាតិញ៉ាំមកពេញចិត្តស្ដូក។​ ឥឡូវមិនឲ្យឆ្ងាញ់គ្រប់មុខម៉េចកើត បើគាត់ប្រើសុទ្ធតែរូបមន្តពិសេសៗចឹងអី ណាមួយហាងគាត់បើកលក់ជាង ៤០ ​ឆ្នាំហើយ ទើបរូបមន្តគាត់ធ្វើមកត្រូវមាត់ភ្ញៀវច្រើនបែបនេះនោះ ជាពិសេសគ្នាយើងដែលមិនសូវចូលចិត្តម្ហូបរសជាតិដិតៗ បើមានអ្នកណាចង់ញ៉ាំជាតិរៀងដិតអីដាក់គ្រឿងថែមបាន។ សូម្បីតែម្ទេសជ្រក់ ម្ទេសឆារបស់គាត់ក៏ធ្វើថ្មីៗរាល់ថ្ងៃដែរ។

រសជាតិឆ្ងាញ់ ព្រមទាំងមានគុណភាពល្អចឹង តម្លៃគាត់ក៏រៀងខ្ពស់ជាងកន្លែងទូទៅដែរ ប៉ុន្តែចំពោះក្រុមការងារ Streetbuzz ពួកយើងគិតថាតម្លៃគាត់ដាក់ហ្នឹងគឺសាកសមជាមួយនឹងម្ហូបដែលខាងគាត់ផ្ដល់ឲ្យណាស់។ ចឹងបើបងប្អូនចង់ញ៉ាំមីគាវ មីសាច់ទាអីកុំភ្លេចទៅញ៉ាំនៅ ហាង អង្គរ លក់មីគាវ មីសាច់ទាពិសេស។​ បងប្អូនអាចរកនៅម្ដុំក្រោយធនាគារកាណាឌីយ៉ាសាខាអូរឬស្សីបាន។

ព័ត៌មាន៖ បើក ១១ៈ០០ ព្រឹក ដល់ ៩ៈ០០ យប់

ទីតាំង៖ មីគាវ មីសាច់ទាពិសេស (ផ្ទះលេខ១១៦​ ផ្លូវលេខ ២១៧​ វិថីហ្សាលឌឺហ្គោ ម្តុំក្រោយធនាគារកាណាឌីយ៉ាសាខាអូរឬស្សី (ហាង​មីទា​ អង្គ​រ ជាប់សៀវម៉ៃវត្តភ្នំ)

អង្គរ លក់មីគាវ មីសាច់ទាពិសេស

អត្ថបទគួរតែអានបន្ទាប់