មើលរឿងនៅផ្ទះ អផ្សុកមាត់អី កុំភ្លេចរបស់ទាំងនេះ

គិតៗទៅម្យ៉ាងដែរតើ ពេលមើលរឿងនៅផ្ទះ ចង់ញ៉ាំអីក៏បាន មិនថាក្លិនខ្លាំងប៉ុណ្ណា ញ៉ាំទៅលឺសម្លេងប៉ុណ្ណា ក៏មិនសូវបារម្ភដែរ។ ហើយបើគ្រាន់តែអង្គុយ ឬ គេងមើល ដូចរាងអផ្សុកមាត់បន្តិច។ ទម្លាប់តែមានអីទំពា ពេលតាមដានសាច់រឿង អញ្ចឹងថ្ងៃនេះក្រុមការងារ FoodBuzz ធ្វើការណែនាំអាហារសម្រន់មួយចំនួន គ្រាន់ជាគំនិតខ្លះសម្រាប់អ្នកឧស្សាហ៍មើលរឿងនៅផ្ទះអីចឹង។ 

Image: Vents Magazine

 

#1 ពោតផ្ទុះ (Popcorn)

ចង់ទិញមកធ្វើខ្លួនឯងក៏បាន ឬ ទិញគេចម្អិនហើយស្រាប់ក៏បានដែរ។ ស្រួលញ៉ាំ ហើយញ៉ាំជក់មាត់ទៀត!

#2 ផ្លែឈើ

សម្រាប់អ្នកចូលចិត្តផ្លែឈើ ញ៉ាំតែមួយមុខក៏ស្រួល ឬ លាយប៉ុន្មានមុខចូលគ្នាតាមចំណូលចិត្ត ហើយដាក់យ៉ាអួ ឬទឹកឃ្មុំពីលើបន្តិចជាការស្រេច

#3 ភីហ្សា​ (Pizza)

ភីហ្សាក្តៅៗស្រួយៗអីហ្នឹង ឆ្ងាញ់កប់ម៉ង លិឌដៃបណ្ដើរ តភាគរឿងបណ្ដើរ

#4 នំកញ្ចប់/នំកំប៉ុង

ជាពិសេស នំស្រួយៗ ដូចជា នំបង្គា នំដំឡូង នំមឹកជាដើម។ ឆ្ងាញ់ក៏ឆ្ងាញ់ តម្លៃក៏សមរម្យទៀត!

#5 ដំឡូងបារាំងបំពង (French Fries)

មានហាងខ្លះមានលក់ និងដឹកជញ្ជូនដល់ផ្ទះទៀត​ តែបើគិតថានឹងញ៉ាំច្រើនដង ហើយចង់សន្សំសំចៃ អាចទិញ 1 កញ្ចប់ទុកដាក់ក្នុងទូទឹកកក ហើយដាក់បំពងខ្លួនឯងក៏បាន។ មិនពិបាកទេ៎! បំពងឲ្យតែឆ្អិន ហើយថែមទឹកប៉េងប៉ោះមក អ៊ែមបាត់ហើយ!

#6 បាយក្តាំង-បាញ់ត្រាង

ថាអត់ទំនងម៉ាម៉ាត់ទៅ បាយក្តាំងហឹរតិចៗ ស្រួយៗអីហ្នឹង។ ដូចគ្នាដែរ បាញ់ត្រាងកាត់តូចៗស្រាប់ ហឹរតិច ប្រៃតិច ញ៉ាំជក់មាត់អស់អត់ដឹងខ្លួនឥឡូវហ្នឹង!

Image: New Street Food

Image: The Spices of Life
#7 ផ្លែឈើក្រៀម

ដំណាប់ក៏ឆ្ងាញ់ ផ្លែឈើក្រៀមក៏មិនអន់ អាចញ៉ាំបានតាមការគួរ។

Image:  IEG Vu- Informa
#8 សណ្តែកដីចម្រុះ

មានទាំងប្រភេទកញ្ចប់ និងកំប៉ុង ដែលងាយរកទិញមែនទែន។ អូ! កាលីងឈូកអំបិលម្ទេស ក៏ជាជម្រើសល្អមួយដែរ។

#9 ពោតស្ងោរ/ឆា/ចំហុយ

បើចង់លឿងបំផុង គ្រាន់តែស្ងោរហើយញ៉ាំតែម្តង។ តែបើចង់ឆា អាចប្រលេះ ហើយដាក់ឆាជាមួយប័រ ប្រេងខ្យង និងទឹកដោះគោខាប់បន្តិច ជាមួយនឹងបង្គាក្រៀម(ហាយប៊ី) រួចរោយស្លឹកខ្ទឹមពីលើ។ ឬក៏ប្រលេះ ហើយដាក់ចំហុយ រួចលាយជាមួយទឹកដោះគោស្រស់ និងប៊័រ។ 

Image: Lord Byron_s Kitchen

#10 ម្ជូរ 

ម្ជូរស្រស់ ម្ជូរត្រាំ អីហ្នឹង ញ៉ាំជាមួយអំបិលម្ទេស កាពិ ឬប្រហុក ហឹរតិចៗប្រៃតិចៗស្អុយតិចៗ។ 

#11 ប្រហិត

ជាពិសេសប្រហិតហតដក ប្រហិតចម្រុះចៀន ជាមួយទឹកសៀង ឬ ប្រហិតឆឹងក្តៅៗហឹរៗ ឬក៏បំពងជាមួយម្សៅ ហើយក្រឡុកជាមួយម្សៅគ្រឿង ក៏ម្យ៉ាងដែរ។ 

អត្ថបទគួរតែអានបន្ទាប់