បានទៅឡើងដល់សៀមរាប តិចអត់ដឹងទៅញ៉ាំអីនៅណា! សាកទៅហាងបែបធម្មជាតិៗទាំង 8 នេះតស់!

ឆ្នាំថ្មីឆ្នាំនេះ សុំដាក់ម៉ាទ្រីបទៅតំបន់អង្ករម្តងមើរ! តែសំខាន់ប្រាសាទក៏ទៅលេងហើយ Pub Street ក៏ហើយដែរ អញ្ចឹងលើកនេះ ក្រុមការងារ FoodBuzz សុំណែនាំកន្លែងញ៉ាំអាហារទំនងៗ បរិយាកាសបែបធម្មជាតិស្រុកស្រែ ទៅជាមួយក្រុមគ្រួសារ មិត្តភក្តិគ្នាច្រើនៗអី ដឹងតែត្រជាក់ចិត្ត ប្លែកភ្នែកតែម្តង!

#1. អាហារដ្ឋាន បុកមាន់ សៀមរាប

ហាងនេះស្ថិតតាមបណ្តោយផ្លូវជាតិលេខ 6  អ្នកចូលចិត្តទៅសៀមរាបប្រហែលជាស្គាល់ហើយ​ ព្រោះកន្លែងនេះគឺមានឈ្មោះជាយូរឆ្នាំមកហើយ។ ការធ្វើដំណើរ ជិះចេញពីក្រុងសៀមរាបមិនឆ្ងាយប៉ុន្មានទេ ព្រោះអ្វីដែលសំខាន់គឺការដែលបានមកញ៉ាំបុកមាន់រសជាតិដើម និងមានអាហារបែបស្រុកស្រែផ្សេងៗទៀតក្នុងតម្លៃសមរម្យមែនទែន។

ទីតាំង៖ ផ្លូវជាតិលេខ 6 ភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប 

លេខ​ទំនាក់​ទំនង៖ 012 235 336

 

#2. The Peace House

The Peace House ផ្តល់ជូនកន្លែងស្នាក់នៅបែបស្ងប់ស្ងាត់ តុបតែងបានស្រស់ស្អាត ជាមួយសួនផ្កា និងភ្លើងពណ៌បែបស្រទន់នាពេលយប់។ មិនមានទៅស្នាក់នៅ ក៏អាចមកទទួលទានអាហារបានដែរណា៎! នៅទីនេះម្ហូបទំនងៗច្រើនរបស់គេដែរ មានទាំងប្រភេទម្ហូបខ្មែរ ម្ហូបអឺរ៉ុប សាច់អាំង អាចកក់តុសម្រាប់ជប់លៀងសមាជិកច្រើននាក់បានទៀតផង។

ទីតាំង៖ ផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្រុងសៀមរាប

លេខ​ទំនាក់​ទំនង៖ 077  645 777

 

#3. អាហារដ្ឋានប្រហុក

ជាហាងមួយដែលទទួលបានការគាំទ្រច្រើនមែនទែនទៅលើប្រហុកជ្រុញប្រចាំហាង ហើយទីតាំងក៏ងាយស្រួលរកទៀត។ រកឯណាបាន កញ្ចុះអង្គុយបែបស្រុកស្រែ ត្រជាក់រំហើយពីដើមឈើធំៗ មានសម្លេងរៃយំទៀត ហើយអាហារភាគច្រើនត្រូវមាត់ត្រូវកទៀត។

ទីតាំង៖ ខេត្តសៀមរាប ភូមិទ្រាំង (ជាប់របងវត្តព្រះឥន្ទ្រកោសីយ៍)

លេខ​ទំនាក់​ទំនង៖ 092 79 87 97 /093 79 87 97

 

#4. Phnom Krom Eco Resort

ភ្នំក្រោមអេកូរីសត មានបឹងឈូកដ៏ធំ បរិយាកាសស្រឡះល្អណាស់ មានសួនផ្ការុំព័ទ្ធជុំវិញ ហើយកន្លែងញ៉ាំអីវិញគឺ ផ្តល់ជូនឯកជនភាពខ្ពស់ ល្អបំផុតសម្រាប់អ្នកជុំគ្នាជាគ្រួសារ ព្រោះជាប្រភេទកញ្ចុះកណ្តាលទឹកទំហំធំតែម្តង។ ម្ហូបវិញគឺរសជាតិតាមបែបស្នាដៃអ្នកសៀមរាប ញ៉ាំហើយអាចជិះទូកកម្សាន្តបានទៀតផង។

ទីតាំង៖ ភូមិក្រសាំងរលើង ជិតភ្នំក្រោម និងទន្លេសាប ខេត្តសៀមរាប

លេខ​ទំនាក់​ទំនង៖ 081300161

 

#5. ចំការសាវម៉ាវបារ៉ាយណ៍សៀមរាប

អ្នកទៅលេងម្តុំបារ៉ាយ អាចឈាងចូលអាហារដ្ឋានចំការសាវម៉ាវបារ៉ាយសៀមរាបបានណា ព្រោះនៅទីនេះមានការរៀបចំសួនផ្ការ ផ្ទះបុរាណបែបស្រុកស្រែ មានចម្ការសាវម៉ៅ និងអាងហែលទឹកទៀត។ ហើយកុំភ្លេចកម្ម៉ង់មាន់ដុតបាយក្តាំង ត្រីស្រែអាំង និងសម្លម្ជូរក្តាតនៅទីនេះណា រសជាតិអ្នកសៀមរាបពិតៗ!

ទីតាំង៖ ភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប

លេខ​ទំនាក់​ទំនង៖ 031 258​ 2223

 

#6. Lum Orng Farm to Table

សម្រាប់អ្នកចូលចិត្តអាហារបែបប្រណីត ល្អសម្រាប់សុខភាព និងបរិយាកាសរូមែនទិក អាចមក LUM ORNG Farm to Table បាន ដោយនៅទីនេះប្រើប្រាស់បន្លែដែលដាំផ្ទាល់ដៃ មកច្នៃជាម្ហូបបែប Fine Dining ពីចុងភៅដែលមានជំនាញ សាកសមសម្រាប់ឱកាសពិសេសៗ។

ទីតាំង៖ ផ្លូវត្រាំនាគ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប

លេខ​ទំនាក់​ទំនង៖ 061 926 562

 

#7. ភោជនីយដ្ឋាន សួនទន្សាយ

កាន់តែប្លែកថ្មីទៀតហើយនៅភោជនីយដ្ឋានសួនទន្សាយ ដែលមានទាំងអាងហែលទឹក ទន្សាយ រោងស្រ្តបឺរី ម្ហូបខ្មែរទំនងៗ ថែមទាំងអាចមកបោះតង់បានទៀត! សំខាន់គឺទីធ្លាធំទូលាយ ស្រឡះមុខ ស្រឡះមាត់ មកជាក្រុមគ្រួសារអី ដឹងតែសប្បាយហ្មង!

ទីតាំង៖ ភូមិថ្មី ឃុំកែវពោធិ ស្រុកពួក

លេខ​ទំនាក់​ទំនង៖ 093 889 845

 

#8. បាគងភូមិខ្ញុំ

នៅសហគមន៍ភូមិបាគងវិញ ជាតំបន់អភិវឌ្ឍលើដីជាង 10 ហិកតា មានដើមឈើជាង 100  ប្រភេទ ជាកន្លែងដែលទៅសៀមរាបមិនគួររំលងទេ ព្រោះក្រៅពីធម្មជាតិ ការបម្រើសេវាអាហារ និងភេសជ្ជៈហើយ នៅមានការជិះទូក និងសួនពពក អ្នកចូលចិត្តថតរូបដឹងតែត្រូវចិត្ត!

អត្ថបទគួរតែអានបន្ទាប់