ជាយក្រុងសៀមរាប! នៅ The Peace House មានទាំងអាហារប្លែកមាត់ ទាំងបរិយាសប្លែកអារម្មណ៍

ក្នុងសម័យកាលរស់នៅតាមបែបគន្លងថ្មីនេះ នរណាៗក៏ប្រាថ្នាចង់រកកន្លែងញ៉ាំដែលសុវត្ថិភាព មានផាសុកភាព​​ និងបរិយាកាសប្លែកស្រស់ស្រាយដែរ។ ដូចនេះ FoodBuzz មានកន្លែងមួយទើបបើកថ្មី និងកំពុងពេញនិយម ចង់ណែនាំឲ្យស្គាល់ គឺ The Peace House ដែលមានទីតាំងនៅជាយពីក្រុងសៀមរាបបន្តិច។

បើក្រលេកមើលទៅកន្លែងអង្គុយ អ្នកប្រាកដជាជាប់ចិត្តនឹងកន្លែងដែលមានសណ្ឋានជាផ្ទះតូចៗពណ៌ស ល្អសម្រាប់មើល និងថតរូប ព្រមទាំងស័ក្តិសមសម្រាប់អ្នកចង់បានឯកជនភាពជាមួយមិត្តភក្តិ គូស្នេហ៍ ឬគ្រួសារតូច។ ក្រៅពីនេះ ក៏មានកន្លែងទូលាយជាងនេះ សម្រាប់ក្រុមគ្រួសារធំ ឬពិធីជួបជុំខ្នាតតូចផងដែរ។

នៅ The Peace House គឺ មានបម្រើអាហារមួយថ្ងៃពេញតែម្តង ជាមួយនឹងជម្រើសអាហារ និងភេសជ្ជៈជាច្រើនមុខ ហើយក្រុមការងារ FoodBuzz ក៏បានសាកភ្លក្សនូវអាហារពេលថ្ងៃត្រង់ដែលពេញនិយម និងលក់ដាច់ខ្លាំងប្រចាំហាងមួយចំនួន។

អាហារល្បីប្រចាំសៀមរាប មាត់អាំងអំបិលម្ទេស ផ្ទាប់ជាមួយប្រហុកអង្ក្រង និងប្រហុកដុតលើជ្រុញ ក៏មានវត្តមាននៅហាង​បើកថ្មី​ដែលមានប្រជាប្រិយភាពនេះដែរ។ បើបានញ៉ាំភ្លាមៗ ពេលក្តៅៗហុយៗ អមនឹងអន្លក់ស្រស់ខ្ចី រសជាតិនឹងរឹតតែពិសេស។ 

រីឯបុកល្ហុងបង្គា ដែលមានរសជាតិបែបដិតៗច្រើនបញ្ចូលគ្នាក្នុងចានតែមួយ ទាំងហឹរ​ ប្រៃ ជូរ ជាម្ហូបមួយទៀតដែលពេញនិយមនៅទីនេះ។ ហើយកង្កែបអាំងអំបិលម្ទេស​ស្រួយហឹរ ដៃគូពិសេសជាមួយនឹងអំបិលម្រេចក្រូចឆ្មារ ក៏ជាអាហារដែលមានការគាំទ្រច្រើនដែរ។ 

តែបើនឹកឃើញចង់ញ៉ាំអីត្រជាក់ៗឲ្យអារម្មណ៍រឹតតែស្រស់ស្រាយ កុំភ្លេចសាករសជាតិទឹកសេរ៉ូក្រូចឆ្មារ ជាភេសជ្ជៈប្រចាំនៅទីនេះ ដែលស្រស់ទាំងពណ៌ ហើយឆ្ងាញ់ទាំងរសជាតិណា៎! ឬក៏អាចសាកល្បងភេសជ្ជៈច្រើនមុខផ្សេងទៀតតាមចំណូលចិត្តរបស់អ្នក។

សម្រាប់អ្នកចាប់អារម្មណ៍ចង់ទៅស្គាល់ The Peace House សូមធ្វើការកក់កន្លែងទុកជាមុន តាមរយៈលេខទូរស័ព្ទ 077 645 777 និងតាមដាននៅលើហ្វេសប៊ុករបស់ហាងផ្ទាល់ The Peace House - Siem Reap សម្រាប់ព័ត៌មានបន្ថែម និងការផ្តល់ជូនពិសេសផ្សេងៗ៕

The Peace House

អត្ថបទគួរតែអានបន្ទាប់