កំពុងរលឹមស្រិចៗចឹង បានមីស៊ុបសរសៃកែងក្តៅៗនៅកន្លែងនេះ មិនដឹងជាពិសេសប៉ុណ្ណាទេ!

មេឃចាប់ផ្តើមចុះត្រជាក់ទៀតហើយ ស្រមៃមើលបើបានញ៉ាំមីជាតិសរសៃទន់ៗ ហុតទឹកស៊ុបក្តៅៗជាមួយនឹងសាច់សរសៃកែងទាំងដុំៗអី មិនដឹងជាមានកម្លាំងធ្វើការប៉ុណ្ណាទេ! ឃ្លានមែន? បើឃ្លាន ចាំក្រុមការងារ FoodBuzz នាំទៅសាករសជាតិមីស៊ុបមួយកន្លែងនៅម្តុំសែនសុខយើងហ្នឹង! 

«សីហា គុយទាវសរសៃកែងឆ្ងាញ់» គឺជាហាងលក្ខណៈគ្រួសារមួយដែលបានបើកលក់ជាង 7 ឆ្នាំមកហើយ សំខាន់បើកលក់ពីព្រឹកព្រលឹមដល់យប់ទៀតហ្ន៎! កន្លែងរាងតូចល្មម មានតុបតែងបែបសាមញ្ញៗទេ តែម៉ូយៗរបស់គាត់គឺមកជាប្រចាំតែម្តង។ បើនិយាយពីមុខម្ហូបប្រចាំហាងវិញគឺសុទ្ធតែពិសេសៗ មានដូចជាគុយទាវមីជាតិស៊ុបជាមួយសាច់គោ សរសៃកែង កន្សោមដោះ ហើយមានស្មងគោទៀតហ្ន៎! សាច់មានច្រើនជម្រើសចឹងបានម៉ូយៗគាត់ចូលចិត្តដាក់ឲ្យសាច់គ្រប់មុខ។  

រសជាតិទឹកស៊ុបរបស់គាត់គឺដិតល្អ ព្រោះគាត់បានដាក់គ្រឿងក្រូវ និង ឆ្អឹងគោខ្មែររម្ងាស់ចូលគ្នាឲ្យចេញជាតិជាច្រើនម៉ោង។ ហើយចំណុចពិសេសមួយទៀតរបស់ហាង​ «សីហា គុយទាវសរសៃកែងឆ្ងាញ់» នោះគឺទឹកសៀងដែលម្ចាស់ហាងធ្វើដោយផ្ទាល់ដៃតែម្តង រូបមន្តប្រចាំហាងរសជាតិប្លែកពីទឹកសៀងដបហ្ហា៎!

សំខាន់នៅទីនេះមួយចានគឺដឹងមួយចានតែម្តង អ្នកចង់ប៉ូវអីហៅមីជាតិជាមួយស៊ុបស្មងគោមួយចានគឺធានាថាជាតិហ្មង! គេលើកមកមានមីជាតិជាមួយទឹកស៊ុបមួយចាន និង ស៊ុបស្មងគោមួយចាន ហើយមានទុយោទុកបឺតខួរឆ្អឹងញ៉ាំទៀត មិនបាច់ពិបាកដួសទេ។​ ពេលញ៉ាំ គ្រាន់តែដួសទឹកស៊ុបដាក់ចូលក្នុងស្មងគោហ្នឹងតិចៗមក បឺតមួយម៉ាត់ទៅបានទាំងទឹកស៊ុប បានទាំងខួរឆ្អឹង និយាយទៅគឺជាតិដល់បេះដូងហ្មង!

អានចប់ប៉ុណ្ណឹងហើយឃ្លាននៅ? បើឃ្លាន ឡើងម៉ូតូមក ជិះទៅសាកជាមួយ FoodBuzz ទាំងអស់គ្នា! 

សីហា គុយទាវសរសៃកែងឆ្ងាញ់

  • សីហា គុយទាវឆ្ងាញ់, Phnom Penh, Cambodia
  • 015 903 609

អត្ថបទគួរតែអានបន្ទាប់