School Food ៖ ហាងម្ហូបកូរ៉េទើបបើកថ្មី តម្លៃពិសេសផ្តល់ជូនសម្រាប់សិស្សនិស្សិត

បើជិះកាត់ផ្លូវហ្នឹង ដឹងតែសម្លឹងមើលហាងមួយនេះមិនដាក់ភ្នែកទេ… អាចមកពីពណ៌លឿងស្រស់ បូករួមនឹងការរចនាយ៉ាងទាក់ទាញផងក៏ថាបាន។​ មើលតាមជញ្ជាំងកញ្ចក់ធំៗ ដែលអាចអោយមើលឃើញទិដ្ឋភាពខាងក្នុង ដូចហាងអាហារកូរ៉េតូចៗក្នុងរឿងភាគដែលយើងតែងឃើញ Unnie និង Oppa ចូលអីចឹង!

ឈ្មោះ School Food  អាចបញ្ជាក់យ៉ាងច្បាស់ថា អាហារដែលដាក់លក់នៅទីនេះ ប្រាកដជាទាក់ទងនឹងសិស្សនិស្សិត សូម្បីតែទីតាំង ក៏នៅម្តុំសាលាតូចធំដែរ។ ជាការពិតណាស់ ម្ហូបនៅទីនេះ មានតម្លៃសមរម្យខ្លាំងណាស់ ដែលតម្លៃរឹតតែពិសេសសម្រាប់សិស្សនិស្សិតមកពីគ្រប់ទិសទី។ ចូលទៅដល់ក្នុងហាង មានអារម្មណ៍ស្រស់ស្រាយតែម្តង ជាមួយនឹងការតុបតែងប្រើពណ៌លឿងជាគោល លាយនឹងពណ៌បែបស៊ីឡាំង លក្ខណៈ Summer Look អីចឹង

ម្ហូប និងភេសជ្ជៈកូរ៉េពេញនិយមនីមួយៗរបស់ School Food ត្រូវបានចម្អិនផ្ទាល់ដោយម្ចាស់ហាងជាគ្រួសារជនជាតិកូរ៉េ និងខ្មែរ ហេតុនេះហើយ ទើបអាហារមានរសជាតិដើមពិតៗ ចំណែកឯការរៀបចំម្ហូប ក៏មានសោភ័ណភាពទាក់ចិត្ត គួរឲ្យចង់ញ៉ាំ និងទាក់ដៃ គួរឲ្យចង់ថតរូបដែរ។ 

ក្នុងនោះ មានម្ហូប ៣ មុខ ដែលត្រូវបានណែនាំអោយភ្លក្ស ហើយយើងពេញជាចូលចិត្តរសជាតិអាហារទាំងនោះពិតមែន។  ទីមួយ គឺ Rabokki មួយចានតូចល្មម មានសរសៃមីទន់ៗ លាយជាមួយ Rice Cake ទន់ស្វិតល្មមញ៉ាំ ផ្សំគ្រឿងយ៉ាងពិសេស ជាមួយនឹងរសជាតិហឹរតិចៗ ជាអ្វីដែលអ្នកមិនគួររំលងឡើយពេលមកដល់ទីនេះ។

តែបើចង់ញ៉ាំរាងឆ្អែតតិច អាចកុម្ម៉ង់ឈុត Tongatsu (ប្រភេទសាច់ជ្រូក/មាន់បំពងម្សៅ)។ ក្នុងហ្នឹង មានបាយរូបត្រីកោណខ្យូតមួយដុំ សាច់បំពងមួយបន្ទះហាន់ជាកង់ៗស្រាប់ សរសៃស្ពៃក្តោបស្រូបទឹកម៉ាយូណេស អមជាមួយនឹងជ្រក់ត្រសក់  និងឆៃថាវពិសេស (បើញ៉ាំទទេ រាងជូរបន្តិច) ហើយក៏មានទឹកស្រូបពីលើសាច់បន្ថែមរសជាតិតាមចំណូលចិត្តផងដែរ។ 

មើលរូបនេះនែក…ឃើញហើយ ទប់ចិត្តមិនបានតែម្តងណា៎!!!

ម្ហូបកូរ៉េមួយមុខទៀតដែលនរណាៗក៏ស្គាល់ ក៏មានលក់នៅហ្នឹងដែរគឺ គីមបាប់ (Kimbap) នុះអី! នៅទីនេះ រាងប្លែកបន្តិច ត្រង់ថាញ៉ាំផ្ទាប់ជាមួយនឹងគីមឈី តែក៏ឆ្ងាញ់ម្យ៉ាងដែរ។

ក្រៅពីនេះ School Food ក៏មានម្ហូបកូរ៉េពេញនិយមផ្សេងទៀតផងដែរ ដូចជា បាយឆាគីមឈី មីកូរ៉េ ជាដើម។

សម្រាប់ហ្វេនភេសជ្ជៈពេញនិយម Dalgona Coffee ឬ Dalgona Milk Tea កុំភ្លេចសាករសជាតិនៅហ្នឹងផង ឬ បើចូលចិត្តភេសជ្ជៈបែបផ្លែឈើ ក៏មានដែរ ធ្វើឡើងជាមួយនឹងផ្លែឈើស្រស់ បែបផ្អែមៗ ត្រជាក់ៗ ក្រអូបៗឈ្ងុយអីហ្នឹងហា៎។

School Food

  • Corner of 7 Makara St. (Next to FBIS) Wat Bo Village, Salakamreuk Commune, Siem Reap City
  • 017 373 283

អត្ថបទគួរតែអានបន្ទាប់