នំដូណាត់ នំ Bagel និងនំកងខុសគ្នាម៉េចទៅ?
រាល់ព្រឹកថ្ងៃរៀននិងធ្វើការ ម្នាក់ៗច្បាស់ជារវល់ហើយមិនចង់ចំណាយពេលច្រើនសំរាប់អាហារពេលព្រឹកទេ។ នៅអាមេរិក អាហារពេលព្រឹកដែលសាមញ្ញ ហើយលឿន គឺមាននំ Bagel និងនំដូណាត់ ។ ចំនែកឯនៅកម្ពុជាក៏មាននំមូលៗអញ្ចឹងដែរគឺ នំកង។ ថ្វីត្បិតតែមានរូបរាងមូលៗដូចគ្នា មានប្រហោងកណ្តាលដូចគ្នា តែនំទាំង 3 នេះមានលក្ខណៈនិងរសជាតិផ្សេងៗគ្នា។
ដោយសារតែរាងមូលៗហ្នឹងហើយ ទើបនំ Bagel នំដូណាត់ និង នំកងត្រូវបានគេច្រលំថាជាបងប្អូនគ្នា តែពួកវាគ្រាន់តែជាសាច់ញាតិសាច់ឆ្ងាយនឹងគ្នាទេ។ ចាំ FoodBuzz រៀបរាប់ឲ្យបានស្គាល់ពីភាពខុសគ្នានៃនំមូលៗទាំង 3 នេះ!
នំដូណាត់ គឺជាប្រភេទនំដែលគេបំពង មានភាពទន់ រសជាតិផ្អែមដោយមានរោយស្ករ និង គ្រឿងផ្សំរោយពីលើផ្សេងៗជាច្រើន។ ស្រដៀងគ្នានេះដែរ ក្នុងប្រភេទនំដូណាត់ ក៏មាន Cake Donut មួយប្រភេទទៀតដែលមានសាច់នំដូចនំខេក ព្រមទាំងមានសូកូឡាដាក់ពីលើ។ ឯនំដូណាត់ ខ្លះវិញគ្មានប្រហោងកណ្តាលទេ ព្រោះគេដាក់គ្រីម ឬចាហ៊ួយនៅកណ្តាល។

នំដូណាត់ ជាប្រភេទបង្អែមដែលធ្វើឲ្យយើងមានថាមពលភ្លាមៗក្រោយពីញ៉ាំ ប៉ុន្តែក៏ធ្វើឲ្យឆាប់ឃ្លានវិញដែរក្នុងរយៈពេល 2-3 ម៉ោងក្រោយមក។
ចាំ FoodBuzz ណែនាំឲ្យស្គាល់កន្លែងទាំង 4 នេះដែលមានលក់នំដូណាត់ យ៉ាងឈ្ងុយឆ្ងាញ់:
Joma Bakery Café – បើកម៉ោង 7:00ព្រឹក – 9:00យប់
អាស័យដ្ឋាន: 3 សាខា (បឹងកេងកង/TK Avenue/ទួលទំពូង)
Krispy Kreme – បើកម៉ោង 7:00ព្រឹក – 9:00យប់
អាស័យដ្ឋាន: 3 សាខា (បឹងកេងកង/ផ្សារទំនើប AEON Mall/TK Avenue)
Big Apple Donuts & Coffee – បើកម៉ោង 8:00ព្រឹក – 9:00យប់
អាស័យដ្ឋាន: 5 សាខា (បឹងកេងកង/ម៉ៅសេទុង/ទួលគោក/កម្ពុជាក្រោម/បឹងត្របែក)
Coffee Plus – បើកម៉ោង 7:00ព្រឹក
តម្លៃ៖ ២០០០រៀល (បើចង់ញ៉ាំ ទាល់តែទៅពីព្រលឹមបន្តិច ព្រោះលក់ដាច់ណាស់)
តោះនាំគ្នាក្រឡេកមើលនំ Bagel ម្តង! ខុសពីនំដូណាត់ ដែលមានរសជាតិផ្អែម នំ Bagel មានរសជាតិប្រៃ។ នំ Bagel ជាប្រភេទម្ស៉ៅស្វិត ដែលគេដុតហើយមានប្រហោងកណ្តាលដូចដូណាត់ដែរ។ របៀបនៃការធ្វើនំនេះគឺ គេចំហុយវាក្នុងទឹកក្តៅជំនួសប្រេង រួចគេដាក់ដុតវាដើម្បីឲ្យឡើងពណ៌ត្នោតនិងសំបកស្រួយៗ។ មិនតែប៉ុណ្ណោះ ដើម្បីបន្ថែមរសជាតិ គេរោយគ្រាប់ល្ង រឺខ្ទឹម រឺ cream cheese ពីលើបន្ថែមទៀតផង។

នំ Bagel រាងសាបៗលាយជាមួយរសជាតិប្រៃតិចៗដែលធ្វើឲ្យយើងឆ្អែតមួយពេលតែម្តង។
តើនំ Bagel មានលក់នៅណាទៅ? FoodBuzz-ers អាចរកបាននៅហាងខាងក្រោមនេះ:
Bagel & Bakery SANCHA – បើកម៉ោង 7:00ព្រឹក– 5:30ល្ងាច
អាស័យដ្ឋាន: ផ្ទះលេខ24 ផ្លូវលេខ294 សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ភ្នំពេញ | Google Map
Vego Salad – បើកម៉ោង 9:00ព្រឹក – 8:30យប់
អាស័យដ្ឋាន: នៅខាងមុខវត្តលង្កា ផ្លូវលេខ51 (ប៉ាស្ទ័រ) បឹងកេងកង1 | Google Map
បន្ទាប់ពីរៀបរាប់ពីនំដូណាត់ និង Bagel របស់អាមេរិកហើយ FoodBuzz ក៏មិនភ្លេចនំកងខ្មែរយើងដែរ! នំកង គឺជាប្រភេទនំដែលគេបំពង និងធ្វើពីម្សៅអង្ករ។ បន្ទាប់ពីបំពង គេស្រោចទឹកស្ករត្នោតពីលើ និងរោយល្ងពីលើថែមទៀត។ សាច់នំស្វិតៗរួមជាមួយនឹងទឹកស្ករត្នោតផ្អែមៗ ឆ្ងាញ់មែនទែន! គ្រាន់តែស្តាប់ក៏ហូរទឹកមាត់បាត់ទៅហើយ!

មើលទៅរលើបរលោងណាស់! FoodBuzz-ers អាចរកបានគ្រប់កន្លែង ព្រោះនំកងជានំដែលច្រើនតែគេទូលលក់។ រីឯនំកងទាំងនេះវិញ ពួកយើងទិញនៅផ្សារថ្មី។
សរុបមកវិញ នំដូណាត់ ជាប្រភេទនំទន់ហើយផ្អែម នំ Bagel មានភាពស្វិតហើយប្រៃ ឯនំកងមានភាពស្វិតហើយផ្អែម។ គិតៗទៅមិនដឹងជាត្រូវរើសមួយណាទេ បើសុទ្ធតែឆ្ងាញ់ម្យ៉ាងម្នាក់អញ្ចឹង! តែកុំពិបាកអី ទៅសាកម្តងមួយទៅ ហើយប្រាប់ FoodBuzz វិញផងថាចូលចិត្តនំមួយណា!