ល្បីខ្លាំងនៅសៀមរាប! តោះ រៀនធ្វើនំបញ្ចុកទឹកប្រហុកទុកញ៉ាំនៅផ្ទះ
ខ្ញុំបានញុំាម្ហូបនេះជាលើកដំបូងនៅពេលដែលខ្ញុំបានទៅលេងក្រុមគ្រួសារពូរបស់ខ្ញុំនៅឯខេត្តសៀមរាបកាលពី ៦ ឬ ៧ ឆ្នាំមុន។ អ្នកផ្ទះខ្ញុំតែងតែចូលចិត្តញ៉ាំនំបញ្ចុកដូច្នេះនៅពេលយើងបានញុំានំបញ្ចុកទឹកប្រហុក ដឹងតែម្តងថាត្រូវតែដឹងពីរបៀបដើម្បីធ្វើទុកញុំានៅផ្ទះពេលមកភ្នំពេញវិញ។ នំបញ្ចុកទឹកប្រហុកមិនមែនជាម្ហូបដែលគេស្គាល់ច្រើននៅភ្នំពេញនោះទេព្រោះជាម្ហូបអ្នកសៀមរាបប៉ុន្តែវាពិតជាមានរសជាតិឆ្ងាញ់ដែលសាកសមសម្រាប់ចែករំលែកដល់អ្នករាល់គ្នា។
#គ្រឿងផ្សំ
- ត្រីរ៉ស់ ១ក្បាល
- នំបញ្ចុក ១គីឡូ
- ប្រហុកសាច់ ៧០ក្រាម
- ខ្ចឹមស ៥០ក្រាម
- ខ្ចឹមក្រហម ៤០ក្រាម
- ម្ទេសក្រៀម ៥ក្រាម
- ស្ករត្នោត ១០០ក្រាម
- ក្រូចឆ្មារ ៤ផ្លែ
- ត្រកួន ១៥០ក្រាម
- ស្ពៃក្តោប ២៥០ក្រាម
- សណ្តែកគួរ ២៥០ក្រាម
#របៀបធ្វើ
- អាំងត្រីរ៉ស់លើចង្រ្កានធ្យូងក្រោមកម្តៅក្តៅតិចៗរយៈពេល ១៥ ទៅ ២០ នាទីត្រឡប់ដើម្បីឲ្យប្រាកដថាត្រីទាំងមូលត្រូវបានអាំងឲ្យបានឆ្អិនល្អ។
- នៅលើចង្ក្រានមួយទៀត ដាក់ខ្ទះលើចង្ក្រានហ្នឹងលាយទឹកបន្តិចក្នុងខ្ទះរួចដាក់ខ្ទឹមសនិងខ្ចឹមក្រហមចអ្អិននៅក្រោមកម្តៅក្តៅមធ្យមរហូតដល់ទឹកហួតអស់ហើយមកដាក់ម្ទេសក្រៀមចូល។
- ឆាគ្រឿងទាំងអស់នោះនៅលើខ្ទះរយៈពេល ៥ នាទីបន្ទាប់មកដាក់ខ្ទឹមស ខ្ទឹមក្រហមនិងម្ទេសក្រៀមចូលក្នុងម៉ាស៊ីនកិនរួចកិនឲ្យម៉ដ្តចូលគ្នា រួចទុកគ្រឿងខ្ទឹមមួយឡែកសិន។
- ចិញ្ច្រាំប្រហុករហូតដល់ម៉ដ្តល្អ រួចដាក់នៅក្នុងចានតូចមួយហើយទុកមួយឡែកសិន។
- ដាក់ឆ្នាំងលើចង្ក្រានមួយទៀតក្រោមកម្តៅក្តៅមធ្យមហើយចាប់ផ្តើមរំលីងស្ករត្នោតរយៈពេល ២ នាទីរួចដាក់ប្រហុកចូលហើយកូរឲ្យសព្វល្អ។
- ដាក់គ្រឿងខ្ទឹមម៉ដ្តចូល រួចចាក់ទឹក ១៥០ មីលីលីត្រចូលហើយកូរឲ្យសព្វ។
- បិទគម្របរួចដាំឲ្យពុះប្រហែល ២ ឬ ៣ នាទី។
- បិទភ្លើង រួចបើកគំរបដើម្បីឲ្យវាត្រជាក់ហើយច្របាច់ក្រូចឆ្មារចូលជាការស្រេច។
- ដាំទឹកឲ្យពុះក្នុងឆ្នាំងមួយទៀត ហើយដាក់ប្រេងអូលីវបីឬបួនដំណក់ចូលក្នុងទឹកហើយស្រុះបន្លែទាំងអស់ក្នុងរយៈពេល ៥ ឬ ៦ នាទី។
- នៅពេលបន្លែឆ្អិនបិទភ្លើង ដាក់បន្លែទាំងអស់ចូលទៅក្នុងទឹកត្រជាក់ ហើយហាន់បន្លែទាំងអស់ទៅជាចំណិតល្មមញុំា។
- ដើម្បីដាក់ញុំា ដាក់នំបញ្ចុក បន្លែដែលស្រុះហើយ សាច់ត្រីអាំងខ្លះ និងស្រោចទឹកជ្រលក់ប្រហុក ៤ ស្លាបព្រាបាយជាការស្រេច។
ម្ហូបមួយមុខនេះឆ្ងាញ់ណាស់។ សាច់នំបញ្ចុកទន់ល្មមឆ្ងាញ់ សាច់ត្រីទន់ឆ្ងាញ់មានជាតិណាស់ហើយលាយជាមួយទឹកជ្រលក់ប្រហុកដែលមានរសជាតិជូរអែមនិង ប្រៃបន្តិចមកពីប្រហុកឡើងជាតិតែម្តងបងប្អូន មានដាក់បន្ថែមបន្លែគឺអស់ទាស់។ អ៊ីចឹងហើយពិតជាចង់ឲ្យអ្នករាល់គ្នាសាកធ្វើមុខម្ហូបនេះនៅផ្ទះ ធានាតែម្តងថាអ្នកនឹងមិនខកចិត្តឡើយ។
ប្រភព៖ Chef Nak
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz