គុយទាវកាត់កួងចូវ៖ ហាងលក់គុយទាវកាត់ធ្វើភ្លាមៗ ថ្មីៗ ក្ដៅៗ មានរសជាតិឆ្ងាញ់នៅម្ដុំផ្សារទួលទំពូង

ដូចដែលបានដឹងហើយថាម្ហូបចិនគឺជាម្ហូបដែលបងប្អូនខ្មែរយើងនិយមចូលចិត្តញ៉ាំ ដូច្នេះហើយថ្ងៃនេះក្រុម FoodBuzz យើងនឹងណែនាំកន្លែងមួយដែលមានលក់ម្ហូបចិនដែលមានរសជាតិឆ្ងាញ់នៅម្ដុំផ្សារទួលទំពូង ដឹងតែត្រូវចិត្តអ្នកចូលចិត្តញ៉ាំម្ហូបចិនតែម្ដង។

គុយទាវកាត់គ័ងចូវ មានបម្រើម្ហូបចិនជាច្រើនមុខ ដែលមានដូចជាឌីមសុាំ ប្រហិតបំពងប្រឡាក់គ្រឿងបែបចិន ហើយពីសេសគឺ គុយទាវកាត់ ដែលជាម្ហូបប្រចាំហាងរបស់គាត់តែម្ដង។ 

គុយទាវកាត់នៅហាងនេះលក់ដាច់មួយថ្ងៃអស់ជាង ១៥០​ ចានជារៀងរាល់ថ្ងៃ។ គុយទាវកាត់គាត់ មានជម្រើសសាច់ខាងក្នុងជាច្រើនដូចជា បង្គា សាច់សាសុីវទឹកឃ្មុំ ផ្សិត សាច់ជ្រូក ពងមាន់ និងជាច្រើនមុខទៀត។ អ្វីដែលពិសេសនៃគុយទាវកាត់នៅហាងនេះគឺ ម្ចាស់ហាងធ្វើថ្មីៗរាល់ថ្ងៃដោយខ្លួនឯង មិនថាម្សៅគុយទាវកាត់ ឬសាច់ខាងក្នុងទេ​ គឺគាត់ធ្វើដោយខ្លួនឯងទាំងអស់។ 

គុយទាវកាត់ដែលធ្វើភ្លាមញ៉ាំភ្លាម ក្ដៅៗ ហុយៗ សាច់គុយទាវកាត់ទន់ល្មើយ ស្រាលស្រទន់។ ក្រុម FoodBuzz យើងចូលចិត្តស្នូលបង្គាពងមាន់ជាងគេ ព្រោះបង្គាស្រស់ស្រួយល្អ ហើយញ៉ាំជាមួយទឹកសុីអុីវ បន្ថែមរសជាតិផ្អែមប្រៃតិចៗ ផ្គួបជាមួយគុយទាវកាត់ក្ដៅៗ ឆ្ងាញ់កប់សារីម៉ង!

ក្រៅពីគុយទាវកាត់ឆ្ងាញ់ ហាងនេះក៏មានលក់ប្រហិតបំពងបែបចិន ឌីមសុាំឆ្ងាញ់ៗដូចជា ហាកាវ សុីវម៉ៃ នំប៉ាវ ហើយច្រើនមុខទៀតដែលម្ចាស់ហាងធ្វើខ្លួនឯងទាំងអស់ដោយប្រើប្រាស់គ្រឿងផ្សំល្អៗ។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក គុយទាវកាត់គ័ងចូវ

គុយទាវកាត់កួងចូវ

អត្ថបទគួរតែអានបន្ទាប់