ថ្មីអត់? ភីហ្សាបាយកករសជាតិបាយឆាបែបខ្មែរ! ប្លែកហើយងាយស្រួលធ្វើទៀត!

សល់បាយកករាល់ដងយកទៅធ្វើអីដែរ? ឆាបាយតែមួយមុខទេ? ហ្ហាក់! ញ៉ាំតែបាយឆាដដែលៗហ្នឹង ប្រយ័ត្នធុញបាយហ្ហា៎! ឥឡូវ​យើងមកយកបាយកកច្នៃជាភីហ្សាដែលមានរសជាតិបាយឆាវិញម្តងម៉េចដែរ? ស្តាប់ទៅប្លែកមិនដែលមាន តែក្រុមការងារ CookBuzz នឹងមកប្រាប់ពីរបៀបធ្វើ និងច្នៃបាយដែលញ៉ាំមិនអស់អោយទៅជាញ៉ាំអស់គ្មានសល់។ អ្វីដែលពិសេសនោះ គឺគ្រឿងផ្សំវិញអស់លុយតិចទៀត មានត្រឹមតែ 1 មុឺនរៀល ក៏អាចធ្វើបានភីហ្សាមួយយ៉ាងឆ្ងាញ់។ តស់! យើងមកមើលពីរបៀបធ្វើទាំងអស់គ្នាណា!

គ្រឿងផ្សំ៖

១. បាយស

២. ពងមាន់

៣. ខ្ទឹមបារាំង

៤. ខ្ទឹមសចិញ្ច្រាំ

៥. ប្រហិត (តាមចំណូលចិត្ត)

៦. ត្រីខកំប៉ុង

៧. ម្ទេសផ្លោក (ក្រហម លឿង បៃតង)

៨. ប្រេងឆា

៩. អំបិល

១០. ស្ករ

១១. ម្រេច

១២. ទឹកម្ទេស

១៣. ទឹកប៉េងប៉ោះ

១៤. ឈីស

១៥. ជីផាសាលីក្រៀម

របៀបធ្វើ៖

១. ដាក់បាយសក្នុងចាន ដាក់ខ្ទឹមបារាំង ខ្ទឹមសចិញ្ច្រាំចូលបន្ថែម អំបិលនិងស្ករ

២. កូរល្បាយទាំងអស់អោយសព្វ រួចដាក់ប្រេងបន្តិចចូលខ្ទះ រួចចាក់បាយសដែលលាយហើយចូលខ្ទះ ហើយពាសអោយពេញខ្ទះ មុននឹងគ្របគម្របទុកចំអិនចោលអោយរាងក្រៀមល្អបន្តិច បន្ទាប់មកត្រលប់មកមួយចំហៀងទៀត និងធ្វើការដាក់ទឹកម្ទេសនិងទឹកប៉េងប៉ោះចូល ហើយពាសអោយសព្វល្អ

៣. រោយឈីស (តាមចំណូលចិត្ត) រួចដាក់ម្ទេសផ្លោក (ក្រហម លឿង បៃតង)

៤. ដាក់ប្រហិត (តាមចំណូលចិត្ត) ដាក់ត្រីខកំប៉ុង រួចគ្របគម្របចម្អិនជាមួយនឹងកម្តៅក្តៅល្មមក្នុងរយៈពេល៥នាទី ជាការស្រេច

និយាយមែន! ស្រួលហើយ ចំណាយតិចទៀត! អស់ក្តីបារម្ភរឿងបាយសល់ច្រើនទៀតហើយ តាមដាន CookBuzz ដើម្បីទទួលបានវិធីធ្វើម្ហូបងាយៗ និងសន្សំលុយច្រើន LOL!

អត្ថបទគួរតែអានបន្ទាប់