ឈុតថ្ងៃត្រង់បែប Gueridon នៅក្នុងសណ្ឋាគារ Raffles មានដល់ទៅ 17 មុខ!

អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយថាសណ្ឋាគារ Raffles Hotel Le Royal គឺជាសណ្ឋាគារប្រណីតលំដាប់ផ្កាយប្រាំដែលមានអាយុកាលចំណាស់មួយប្រចាំប្រទេសកម្ពុជា។ ក្រៅពីផ្តល់ជូននូវសេវាកម្មបដិសណ្ឋារកិច្ចដ៏អស្ចារ្យទៅដល់ភ្ញៀវ សណ្ឋាគារមួយនេះក៏មាននូវជម្រើសអាហារបែបប្រណីតផងដែរ។ សម្រាប់ថ្ងៃនេះ ក្រុមការងារ FoodBuzz ចង់មកប្រាប់ពីបទពិសោធន៍អាហារដែលមានចុងភៅមកចម្អិននៅហ្នឹងតុជូនអ្នកជាពិសេសមួយហៅថា​ Gueridon Brunch។

ធ្វើឡើងនៅក្នុងភោជនីយដ្ឋាន​ Restuarant Le Royal របស់សណ្ឋាគារផ្ទាល់ Gueridon Brunch គឺអាហារថ្ងៃត្រង់ដ៏ប្រណិតដែលមានមុខម្ហូបពិសេសៗដល់ទៅ 17 មុខ ញ៉ាំជាមួយស្រាសាំប៉ាញ និង ស្រាក្រហមដោយគ្មានដែនកំណត់។ ពួកយើងគឺសំណាងណាស់ដែលបានតុនៅជាប់បង្អួចដែលមើលរំលងទៅអាងទឹក និងសួនច្បារខៀវស្រងាត់របស់ Raffles។ ច​ង់និយាយថាថែមសំលេងព្យាណូអន្លង់អន្លូចដែលសិល្បករប្រចាំសណ្ឋាគារលេងផ្ទាល់ៗទៀតគឺរ៉ូមែនទិកខ្លាំងហ្មង!

ម្ហូបទី 1 មានឈ្មោះថា Raffles Baker’s Basket ដែលជានំប័ុងទើបនឹងដុតថ្មីៗ ញ៉ាំជាមួយប៊័រ  និងសាល់សា (Salsa) គ្រាន់តែញ៉ាំជាអាហារសម្រន់ហ្នឹងឯង។

Caviar Sturia Spoon គឺជាម្ហូបទី 2 ដ៏ប្រណិតមានពងត្រី Caviar ដែលយើងបានញ៉ាំជាមួយនំបុ័ងពណ៌សទន់ៗប៊្លីនី។ ផ្គូផ្គងជាមួយស្រា Champagne Henriot Brut Souverain គឺត្រូវម៉ាច់តែម្តង! ញ៉ាក់របស់គេហ្ហា៎ ញ៉ាំពងត្រី Caviar ជាមួយស្រាសាំប៉ាញទាំងថ្ងៃ!


ម្ហូបទី 3 គឺ Smokehouse Fish Trolley ដែលចុងភៅបានរុញរទេះមានត្រីធូណា និង ត្រីសាល់ម៉ុង ទាំងមូលៗនៅពីលើចេញមកចៀរឲ្យភ្លាមៗដើម្បីញ៉ាំជានំ waffles។ សាច់ត្រី​ទន់​ៗ មានជាតិ​ប្រៃ​លមៗញ៉ាំទៅត្រូវជាមួយនំ waffles ណាស់។

ចូលម្ហូបទី 4 បានញ៉ាំសុទ្ធតែបង្កងហ្ន៎ ជាមួយនឹងមុខម្ហូប Seafood Platter ដែលមានអយស្ទ័រ បង្កង និងបង្គាទន្លេដែលគេដាក់ឲ្យញ៉ាំជាមួយទឹកត្រីកោះកុង ទឹកខ្មេះខ្ទឹមក្រហម ​និង Mayonnaise។ 

បន្ទាប់មក មេចុងភៅបានរុញរទេះមួយទៀតហើយណែនាំយើងអំពីម្ហូបឈ្មោះថា Tartar Live Trolley ជាម្ហូបមួយដែលពយកយើងកម្របានសាកព្រោះម្ហូបនេះមាន​សាច់គោ និង​សាច់ត្រីធូណា​ឆៅដែលគេចញ្រាំឲ្យមិដ្ឋរួចលាយជាមួយគ្រឿង​ផ្សំ​មួយ​ចំនួន​ដូច​ជា ខ្ទឹម​បារាំង ម្ទេស និងគ្រឿងក្រូវ​ជា​ច្រើន​ទៀត​ដើម្បី​បិទ​បាំង​ក្លិន និង​បន្ថែមរសជាតិឲ្យកាន់តែដិត។ 

បន្ទាប់ពីសាច់រាងច្រើន ឥឡូវយើងមកសាក A la Minute Cesar ដែលជា Cesar Salad រូបមន្តប្រចាំ Raffles ដេលគេច្របល់ជាមួយនឹងទឹកជ្រលក់ឲ្យជោកមុននឹងដាក់សាច់ bacon បង្គា នំប័ុងស្រួយ crouton និងពងទាស្ងោរ។ សាឡាត់នេះញ៉ាំជាមួយម្ហូបទី 7 Artisan Cured Carved Ham គឺត្រូវគ្នាណាស់។

ម្ហូបទី 8 9 និង 10 គឺចេញមកដំណាលគ្នាតែម្តង។ Soup of the Day និង Signature Egg គឺផ្លាស់ប្តូររៀងរាល់សប្តាហ៍ ប៉ុន្តែសប្តាហ៍នេះ យើងមានឱកាសសាកស៊ុបដែលគេបានរម្ងាស់បង្កងយកជាតិ និង Egg Benedict ញ៉ាំជាមួយនំប៉័ងក្រៀមៗ។ លើកនេះគឹរុញរទេះដែលមានសុទ្ធតែដុំ Farmhouse Cheese ប្លែកៗគ្នាមក ដែលគេកាត់ជាដុំៗឡើងម្នាក់មួយចានឲ្យសាក។

ប៉ុន្មានចានចុងក្រោយនេះគឺប្រណីតខ្លាំងមែនទែនជាមួយនឹង Foie Gras Trolley ជាថ្លើមក្ងាន និង Hokkaido Scallops។ ថ្លើមក្ងាន ឬ Foie Gras ហ្នឹងគឺគេដាក់ឲ្យដល់ទៅ 2 ប្រភេទ មួយជាបែបត្រជាក់ដែលគេបៀកញ៉ាំដូចប៊័រ និងមួយទៀតគេចៀនជាមួយនឹងស្រាក្រហមដែលគេបានរម្ងាស់ហើយ។ ទាំងពីរប្រភេទនេះញ៉ាំជាមួយនឹងនំប័ុងស្រួយគឺជាតិតែម្តង ដាក់មួយម៉ាត់ហើយចង់តែដាក់មួយម៉ាត់ទៀត។ 

Hokkaido Scallops គឺជាម្ហូបដែលទាក់ទាញចំណាប់អារម្មណ៍ជាងគេ ព្រោះចុងភៅបានចាក់ស្រាសចូលហើយគាត់ដុតភ្លើងចៀន scallops បែប Flambe ហ្មង! រសជាតិវិញក៏មិនណយដែរ ដាក់មួយម៉ាត់ទៅគឺមានរសជាតិ cream រាងដិតឡើងជក់មាត់។ 

គ្រាន់តែញ៉ាំក៏ហត់ដែរ ប៉ុន្តែយើងចូលដល់ម្ហូបចុងក្រោយទាំង 2 ហើយបើនិយាយពីម្ហូបបែប main course។  2 មុខចុងក្រោយគឺពិសេសជាងគេដែលគេហៅថា Catch of the day និង Roast of the daySea Catched Trolley (Catch of the day)​ គឺជាលក្ខណៈបែប Salmon Wellington ដែលគេរុំសាច់ត្រីសាលម៉ុងមួយដុំធំជាមួយនឹង puff pastry រួចដុតរហូតដល់ឆ្អិន។  ម្ហូបរបស់ Roast of the day មានឈ្មោះថា Butcher’s Cart ដែលជាម្ហូបចុងក្រោយហើយពិសេសខ្លាំង ព្រោះ​ម្ហូប​នេះ​ត្រូវ​បាន​ចម្អិនបែប​យឺត​ក្នុង​កំដៅ​ទាប ប្រើអស់​រយៈ​ពេលដល់ទៅ 38 ម៉ោង ដែល​ធ្វើ​ឱ្យ​សាច់​ទន់​​ល្អ ឡើងផុយតែម្តង ដាក់ចូលក្នុងមាត់សឹងតែមិនបាច់ទំពារ រលាយក្នុងអណ្តាតហ្មង! 

តឹងពោះ សំរាកមាត់មិនទាន់ស្រួលបួលផង ចូលដល់វគ្គបង្អែមបាត់! សម្រាប់បង្អែមយើងបានសាក Sorbet រសជាតិក្រូចឆ្មា, Raffles Pastry Chef Cart និង ផ្លែឈើស្រស់ និង Mignardises! មិនបាច់ FoodBuzz និយាយច្រើនទេ គ្រាន់តែមើលរូបទៅគឺដឹងហើយថាទំនងៗខ្លាំង ហើយផ្អែមលមៗទៀត។ 

ឥឡូវអានចប់ ដឹងហើយថាម្ហូបនីមួយៗនៅ Gueridon Brunch របស់ ភោជនីយដ្ឋាន​ Restuarant Le Royal បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពអស្ចារ្យ និងភាពច្នៃប្រឌិត ដើម្បីផ្តល់ឲ្យនូវបទពិសោធន៍អាហារថ្ងៃត្រង់ដ៏ពិសេសបំផុត។  

Gueridon Brunch មានរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 12:00 ថ្ងៃត្រង់ ដល់ម៉ោង 3:00 រសៀលក្នុងតម្លៃ៖

  • មុខម្ហូប 17 មុខ (សម្រាប់តែអាហារប៉ុណ្ណោះ): USD 85 nets
  • មុខម្ហូប 17 មុខ (រាប់បញ្ចូលទាំងស្រាសំប៉ាញ ស្រាទំពាំងបាយជូរ ឥតកំណត់): USD 145 nets

ចាប់អារម្មណ៍អត់? បើចាប់អារម្មណ៍ កុំភ្លេចទាក់ទងកក់ទុកមុនតាមរយៈលេខ 023 981 888 ឬ dining.leroyal@raffles.com។ 

Raffle Hotel Le Royal

អត្ថបទគួរតែអានបន្ទាប់