ម្ជូរ 5 កន្លែងដែលពេញនិយមចំណោមយុវវ័យ

ម្ជូរ គឺជាអាហារសម្រន់មួយដែលមានប្រជាប្រិយភាពខ្លាំងមែនទែន ហើយយើងតែងតែញ៉ាំវានៅពេលដែលជួបជុំមិត្តភក្តិ មិត្តរួមការងារ រឺក្រុមគ្រួសារ ស្ទើរនៅគ្រប់ទីកន្លែង។ ជាធម្មតាផ្លែឈើដែលចាត់ទុកជាម្ជូរមានដូចជា៖ ស្វាយ ត្របែក ប៉ិកគក់ ម្កាក់ ម្តេញ ខ្វិត កំពីងរាជ ជាដើម។

 

បច្ចុប្បន្ននៅភ្នំពេញ មានតូបជាច្រើនដែលលក់ម្ជូរ ប៉ុន្តែ អ្វីដែលធ្វើឲ្យតូបរបស់ពួកគាត់ខុសៗគ្នានោះ គឺអំបិល ឫ កាពិ ដែលមានរសជាតិឆ្ងាញ់ខុសៗគ្នា។ ដូច្នេះហើយ ថ្ងៃនេះខ្ញុំនឹងលើកយកតូបម្ជូរ 5 កន្លែងដែលយុវវ័យចូលចិត្តញ៉ាំមកឲ្យអ្នកទាំងអស់គ្នាស្គាល់។

 

(ចំណាំ៖ លេខខាងក្រោមមិនមែនជាលំដាប់ថ្នាក់ប្រជាប្រិយរបស់តូបនិមួយៗទេ)

#1 ម្ជូរបាក់ទូក

sourfruitphnompenh
(Photo: Sabay)

នៅម្តុំបាក់ទូក មានកន្លែងលក់ម្ជូរស្ទើរជុំទិសតែម្តង ប៉ុន្តែយើងសុំលើកតែមួយកន្លែងប៉ុណ្ណោះយកមកនិយាយ។ ម្ជូរម៉ាក់អាម៉ី មានទីតាំងនៅជិតកាច់ជ្រុង ទល់មុខនឹងរបងសាលាបឋមសិក្សាបាក់ទូក។ នៅកន្លែងនេះមានលក់ម្ជូរគ្រប់មុខ មិនខុសពីទីតាំងផ្សេងនោះទេ ប៉ុន្តែចំនុចដែលពិសេសនោះគឺត្របែកត្រាំរបស់គាត់ មានរសជាតិឆ្ងាញ់ ទន់ច្រុបៗ បើជ្រលក់ជាមួយអំបិលទៀតរឹតតែពិសេស។ បើអ្នកបានទៅ កុំភ្លេចសាកជាមួយនឹងត្របែកត្រាំរបស់គាត់ណា។

 

ទីតាំង៖ នៅជិតកាច់ជ្រុង ទល់មុខនឹងរបងសាលាបឋមសិក្សាបាក់ទូក

 

#2 ម្ជូរសាលាស៊ីសុវត្ថិ

សូម្បីតែខ្ញុំដែលមិនធ្លាប់រៀននៅសាលាស៊ីសុវត្ថិក៏ដោយ ក៏ធ្លាប់លឺឈ្មោះម្ជូរស៊ីសុវត្ថិដែរ ព្រោះថាលឺពីមិត្តភក្តិនិយាយតៗគ្នាច្រើនដង។ ចំនុចដែលល្បីបំផុតសម្រាប់ម្ជូរនៅទីនេះ គឺត្រង់ស្វាយត្រាំរបស់គាត់តែម្តង ហិរ ឆ្ងាញ់ ធ្វើឲ្យញុំាលិតមាត់ មិនចង់ឈប់។ ជាពិសេសម្ជូរត្រាំនៅទីនេះ ក្លាហ្សេដាក់ក្នុងធុងទឹកកក កាន់តែបន្ថែមរសជាតិត្រជាក់ ហិរ ឆ្ងាញ់ខ្លាំង។

 

ចំណែកឯរសជាតិអំបិលម្ទិសវិញ ក៏មិនអន់ដែរព្រោះមានលាយជាមួយកំពិសក្រៀម។ កន្លែងនេះក៏មានអំបិលម្ទិសផ្សេងៗជាច្រើនមុខសម្រាប់ឲ្យជ្រើសរើសផងដែរ។  ហើយច្បាស់ណាស់ មិនអាចបំភ្លេចទឹកដូងត្រជាក់ស្រិបដែលមានលក់នៅទីនេះផងដែរ ក្នុងមួយដបតម្លៃ 3ពាន់រៀល។

 

ទីតាំង៖ ផ្លូវលេខ 184 នៅកៀនវិទ្យាល័យស៊ីសុវត្ថិ

 

#3 ម្ជូរសន្ធរម៉ុក

sourfruitphnompenh

សម្រាប់អ្នកដែលរៀននៅសាលាសន្ធរម៉ុកប្រាកដជាដឹងហើយថា ម្ជូរកាច់ជ្រុងសាលានេះល្បីយ៉ាងណា។ តាមពិត តូបលក់ម្ជូរនេះមានឈ្មោះថា ស្រីពៅ។ ប៉ុន្តែ ដើម្បីមានភាពងាយស្រួលក្នុងការហៅ គេហៅថាម្ជូរសន្ធរម៉ុកវិញ។ កន្លែងនេះមានលក់ម្ជូរ ដែលមានផ្លែឈើជាច្រើនប្រភេទ មិនថាស្រស់ ឫក៏ត្រាំឡើយ។ ចំណែកឯអំបិលវិញ មានប្រហែល 5មុខឲ្យជ្រើសរើស បូកជាមួយនឹងកាពិ និង ទឹកប្រហុកផងដែរ។

 

ទីតាំង៖ កាច់ជ្រុងសាលាសន្ធរម៉ុក ទល់មុខគ្នានឹងហាងការ៉េម Swensen’s

 

#4 ម្ជូរវត្តភ្នំ

sourfruitphnompenh

(Photo: ម្ជូរវត្តភ្នំ 168)

ទោះបីជាទីតាំងរបស់ពួកគាត់មិននៅក្បែរសាលាដូចតូបម្ជូរដែលបានរៀបរាប់ខាងលើក៏ដោយ ក៏កន្លែងលក់ម្ជូរនេះនៅតែមានអ្នកមកទិញច្រើនឥតល្ហែ។ នេះក៏ព្រោះតែផ្លែឈើដែលគាត់លក់ ខ្លះគឺមិនសូវមាន និងធ្វើមិនសូវឆ្ងាញ់ដូចកន្លែងគាត់ ដូចជាក្តិបកំពីងរាជត្រាំ ក្រទ្បុកជាដើម។ ចំណែកឯអំបិលម្ទិសដែលដាក់ឲ្យក៏មានច្រើនដែរ គឺមានទៅដល់ប្រហែល6 ឫ 7មុខឯណោះ។

sourfruitphnompenh

(Photo: ម្ជូរវត្តភ្នំ 168)

 

ទីតាំង៖ នៅក្បែរង្វង់មូលវត្តភ្នំ និងនៅជិតកាស៊ីណូ កាសា

 

#5 ម្ជូរវ៉ាន់ដា

sourfruitphnompenh

(Photo: Thmey Thmey)

នៅកន្លែងនេះ គឺមានលក់ម្ជូរស្រស់ និង ត្រាំគ្រប់ប្រភេទ ថែមទាំងខ្ចៅស្ងោរក៏មានដែរ។ ប៉ុន្តែចំនុចដែលខ្ញុំមិនសូវចូលចិត្តទិញនៅកន្លែងនេះ ដោយសារតែបញ្ហាសុខភាព អនាម័យមិនសូវដិតដល់ ប្រសិនបើអ្នកមិនមែនជាអ្នកប្រកាន់ករណីបែបនេះ អ្នកអាចសាកបាន។

 

ទីតាំង៖ នៅក្រោយសាលា AIS នៅហ្នឹងកាច់ជ្រុងផ្លូវតែម្តង

 

បើមើលទៅផ្លែឈើដែលលក់គឺដូចគ្នាចំពោះរបស់ដែលស្រស់ដូចជា ស្វាយស្រស់ ត្របែកស្រស់ជាដើម។ អ្វីដែលខុសគ្នានោះ គឺបច្ចេកទេសនៃការត្រាំផ្លែឈើទាំងនោះ និងរបៀបធ្វើអំបិលម្ទិសដែលមានរសជាតិខុសៗគ្នា។ បើអ្នកទាំងអស់គ្នាមិនទាន់បានសាកទេ សូមទៅញ៉ាំសាកម្តងទៅ អ្នកទាំងអស់គ្នានឹងយល់ពីភាពខុសប្លែកគ្នារវាងកន្លែងម្ជូរនីមួយៗនោះវាខុសគ្នាយ៉ាងណា។

អត្ថបទគួរតែអានបន្ទាប់