ប៊្រេន Fast Food អន្ដរជាតិល្បីៗដែលពួកយើងចង់ឲ្យមាននៅកម្ពុជាក្នុង 2020 នេះ
ឆ្នាំថ្មី ទសវត្សរ៍ថ្មី 2020 មានក្ដីបំណងអ្វីដែរ? ក្ដីបំណងរបស់ក្រុមការងារ FoodBuzz យើងគឺសាកល្បងមុខម្ហូបថ្មីៗឱ្យបានច្រើន។ ហើយនេះគឺជាបញ្ជីនៃយីហោ Fast Food ពេញនិយមដែលយើងត្រូវការនៅក្នុងប្រទេសកម្ពុជានាឆ្នាំ 2020 នេះ។
#1 Subway
ជាមួយនឹងភោជនីយដ្ឋានចំនួន 42,998 នៅលើពិភពលោក, Subway គឺជាភោជនីយដ្ឋាន Fast Food ធំជាងគេបង្អស់ដែលមានលក់នូវសាំងវិច និងសាឡាត់។ អ្នកចូលចិត្តញ៉ាំខ្លះប្រហែលជា បានសាកល្បងសាំងវិចប្រវែង 6 អ៊ីញនេះរួចហើយនៅឯប្រទេសជិតខាងរបស់យើងមិនខាន។ ប្រិយមិត្តខ្លះប្រហែលជាជាប់ចិត្តជាមួយនឹងការរួមផ្សំនៃជម្រើសជាច្រើននៃនំបុ័ង, សាច់, បន្លែ, ទឹកជ្រលក់ និងគ្រឿងផ្សំនៅក្នុងមីនុយដែល Subway បានផ្តល់ជូននេះទៀតផង។ មិនតែប៉ុណ្ណោះមានតំលៃសមរម្យ ឆ្ងាញ់និងរហ័សទាន់ចិត្តទៀតផង!



#2 McDonald’s
យើងទាំងអស់គ្នាប្រហែលជាស្គាល់យីហោ Fast Food ដ៏ល្បីរបស់អាមេរិចនេះហើយ ព្រោះថាគឺមានសឹងតែគ្រប់ទីកន្លែងតែម្តង។ McDonald’s ត្រូវបានគេស្គាល់ជាទូទៅចំពោះប៊ឺហ្គឺរ សាំងវ៉ិច សាច់មាន់ សាឡាត់ អាហារពេលព្រឹក បង្អែមនិងភេសជ្ជៈជាច្រើនប្រភេទ។ សង្ឃឹមថានឹងឃើញវត្តមាន McDonald’s នៅកម្ពុជាឆាប់ៗនេះ!


#3 Pizza Hut
ខណៈពេលដែលមានយីហោភីហ្សាអន្តរជាតិមួយចំនួនហើយនៅក្នុងប្រទេសកម្ពុជាយើងប៉ុន្តែបើមានកាន់តែច្រើនជាងហ្នឹងកាន់តែល្អមែនអត់គ្នាយើង? យើងកំពុងតែទន្ទឹងរង់ចាំការមកដល់នៃរសជាតិបែបអ៊ីតាលី-អាមេរិកដែល Pizza Hut នឹងនាំមក។


#4 Taco Bell
តើអ្នកណាខ្លះរំភើបទប់ចិត្តអត់បានចង់សាកម្ហូបបែបម៉ិចស៊ីកូពី Taco Bell? មិនបាច់សួរទេ ក្រុមការងារ FoodBuzz យើងចាំតែសាកទេ មកដល់ថ្ងៃណា ដឹងតែទៅសាកតែម្ដង!



#5 Dunkin Donuts
ក្រៅពីនំដូណាត់ខ្ជូតៗ និងឆ្ងាញ់ៗហើយ Dunkin Donuts ក៏មានបម្រើនូវសាំងវ៉ិច នំ និងភេសជ្ជៈ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទផងដែរ។ មើលទៅទំនងអត់?


#6 Jollibee
បើនិយាយពី Fast Food យើងមិនរំលង Jollibee ដែលជាភោជនីយដ្ឋាន Fast Food អន្តរជាតិដ៏ល្បីល្បាញរបស់ហ្វីលីពីននេះបានឡើយ។ Burger Steak, មី, spaghetti, hotdog, ប៊ឺហ្គឺរ, មាន់បំពងសំបកស្រួយ, និង buttered corn អីហ្នឹងគឺយើងចង់ភ្លក់យូរហើយ។ អ្ហេ៎ Jollibee កាលមកដល់ខ្មែរ?



#7 4Fingers
តើអ្នកណាខ្លះចង់ញ៉ាំសាច់មាន់បំពងឆ្ងាញ់ហើយ ស្រួយៗបែបអាស៊ីពី 4Fingers ដែលញ៉ាំ ហើយធ្វើឱ្យអ្នកលិទ្ធម្រាមដៃនុះ?



#8 Five Guys
សូម្បីអតីតប្រធានាធិបតី Barack Obama ក៏ធ្លាប់មកញ៉ាំ Cheese Burger នៅ Five Guys ទីក្រុង វ៉ាស៊ីនតោនឌីស៊ីកាលពីឆ្នាំ 2009 នេះដែរ។ អ្ហេ, Five Guys! កាលណាឃើញភាពចង់សាករសជាតិអាហាររបស់ពួកយើង?


#9 In n Out Burger
ម៉ឺនុយនៅ In n Out Burger មានតែប៊ឺហ្គឺរ ដំឡូងបារាំងបំពង និងភេសជ្ជៈតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយក៏អាជីវកម្មឯកជនបែបគ្រួសារដែលជាយីហោរបស់អាមេរិកនេះមានប្រជាប្រិយភាពខ្លាំងនៅភាគនិរតី និងតំបន់ប៉ាស៊ីហ្វិកដែរ។ In n Out Burger ត្រូវបានទទួលស្គាល់ដោយមេចុងភៅជនជាតិអង់គ្លេសដ៏ល្បីល្បាញគឺលោក Gordon Ramsay ផងដែរ។


#10 Matsuya Foods
ក្នុងនាមយីហោ Fast Food ដ៏ធំបំផុតមួយនៅជប៉ុន, Matsuya Foods មានបម្រើនូវ Gyudon ឬ Beef Bowl, បាយការី, ឈុតអាហារពេលព្រឹក និងមុខម្ហូបផ្សេងៗទៀតផងដែរ។ ដៃគូប្រកួតប្រជែងយូររបស់ពួកគេ Yoshinoya បានបង្ហាញនៅឯអាកាសយានដ្ឋានរួចហើយ, ដូច្នេះហើយចង់សាកណាស់ថា Matsuya Foods មានអីប្លែកទៅហ្នេះ!



#11 Panda Express
Panda Express គឺជាយីហោ Fast Food បម្រើម្ហូបអាមេរិច-ចិន ហើយរហូតដល់ពេលនេះបាន បើកចំនួន 2,200 កន្លែងនៅជុំវិញពិភពលោក។ យើងពិតជាសង្ឃឹមថាសាខាបន្ទាប់គឺនៅក្នុង ប្រទេសកម្ពុជា!



#12 Wendy’s
តាមរយៈការប្រកាន់ខ្ជាប់នូវទស្សនៈរបស់ស្ថាបនិកលោក David Thomas ដែលថា “គុណភាពគឺជារូបមន្តរបស់យើង” ដែលធ្វើឱ្យ Wendy’s ទទួលបានជោគជ័យយ៉ាងខ្លាំងដោយ មានភោជនីយដ្ឋានជាង 6,700 កន្លែងនៅទូទាំងពិភពលោក។ Wendy’s បានពង្រីកសាខានៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីហើយសង្ឃឹមថានឹងមកកម្ពុជាឆាប់ៗ!


