ផាក់ឡូវផ្លូវជ្រូកខ្វៃផ្សារអូរឬស្សី
- Pak Lov - Orussey Market, St 139, Phnom Penh, Cambodia
- ០78427078
នៅផ្សារអូរឬស្សី ម្តុំផ្លូវជ្រូកខ្វៃ ជឿថាមានប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់តូបលក់សាច់ផាក់ឡូវដ៏ល្បីដែលមានអាយុកាលជាង 30 ឆ្នាំរបស់អ៊ុំប្រុសអ៊ុំស្រីមួយកន្លែងនេះរួចមកហើយ។
មុខរបរលក់ផាក់ឡូវមួយនេះគឺ លក់បន្តពីម៉ាក់ក្មេករបស់អ៊ុំស្រី ដែលភ្ញៀវភាគច្រើនចំណាំតូបលក់របស់គាត់ និងចេញចូលកុម្ម៉ង់ ឈរចាំតៗគ្នាជារៀងរាល់ថ្ងៃ។
ជាធម្មតា និង រៀងរាល់ថ្ងៃពួកគាត់លក់អស់ពី 10-15 គីឡូ ជាមួយប្រភេទផាក់ឡូវគ្រប់មុខដូចជា ច្រមុះជ្រូក ត្រចៀកជ្រូក អណ្តាតជ្រូក ពោះវៀនជ្រូក គ្រឿងក្នុង និង ឈាមជ្រូក។
ចំណុចពិសេសរបស់ផាក់ឡូវអ៊ុំប្រុសអ៊ុំស្រីគឺ ផ្តោតសំខាន់ទៅលើជ្រូកខ្មែរសាច់ណែន និងអនាម័យលើគ្រឿងក្នុងរបស់ជ្រូក ផាក់ឡូវមានជាតិល្មម មិនផ្អែមពេក សាច់ផាក់ឡូវមិនត្រលាន់ខ្លាញ់ ហើយបើនិយាយពីជ្រក់ល្ហុងរបស់គាត់វិញហា៎គឺ ស្រួយធ្វើថ្មីៗហ្មង ក៏ដូចជា ទឹកសៀងរូបមន្តដើមជាង៣០ឆ្នាំមកម្ល៉េះ!
ម៉្យាងវិញទៀត នៅតូបលក់ផាក់ឡូវអ៊ុំស្រីវិញគឺគាត់ពិតជាដៃរហ័សមែនទែន អ្នកទិញឈរចាំជាជួរដោយគ្មានអារម្មណ៍ថាធុញ ដើម្បីបានញុំាផាក់ឡូវដែលល្បីលក់ជាង ៣០ឆ្នាំនេះ។
តូបផាក់ឡូវរបស់អ៊ុំប្រុសនិងអ៊ុំស្រីចាប់បើកលក់ចាប់ពី ម៉ោង 1:30 រសៀល រហូតដល់ម៉ោង 4:០០ ល្ងាច ដោយពេលខ្លះទៅមានភ្ញៀវច្រើនក៏លក់អស់លឿនជាងម៉ោងធម្មតា។ ប្រិយមិត្តក៏អាចទំនាក់ទំនងខលមកកុម្ម៉ង់ពីតូបអ៊ុំទាំងពីរផ្ទាល់ ហើយក៏មានការដឹកជញ្ជូនដល់កន្លែងផងដែរ។
សម្រាប់អ្នកនៅម្តុំអូរឬស្សីប្រាកដច្បាស់ហើយថាយ៉ាងហោចណាស់ក៏ធ្លាប់កុម្ម៉ង់ផាក់ឡូវនៅតូបអ៊ុំទាំងពីរដែរ។
បើប្រិយមិត្តបានទៅដល់ផ្សារអូរឬស្សីហើយកុំភ្លេចចូលសាករសជាតិដើមនៃផាក់ឡូវគាត់ផងណា៎! ធ្វើជាអាហារសម្រន់ក៏បាន និងជាអាហារពេលល្ងាចជុំគ្រួសារក៏បានដូចគ្នា។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.