នំបញ្ចុកស្រុះក្បាលត្រី សាមញ្ញតែមិនធម្មតា! ល្បីអស់ជាង 25ឆ្នាំទាំងរសជាតិ និងគុណភាព!

ម៉ោះ! ប្រិយមិត្តណាខ្លះជាហ្វេនរបស់នំបញ្ចុកស្រុះ? ក្រៅពីនំបញ្ចុកទឹកសម្លរខែ្មរ សម្លរទឹកម្ហិច ឬសម្លរការី ក៏មានជាប្រភេទនំបញ្ចុកស្រុះដែលជាទីពេញនិយមសម្រាប់ប្រិយមិត្តយើងនៅក្នុងប្រទេសកម្ពុជា​ ហើយនៅផ្លូវជ្រូកខ្វៃផ្សារអូរឬស្សីវិញហា៎ សម្បូរទៅដោយតូបលក់ជាច្រើន ដោយឡែកតូបនំបញ្ចុកស្រុះក្បាលត្រីមួយកន្លែងនេះគឺមានឈ្មោះល្បីអស់ជាង 25ឆ្នាំមកហើយ ប៉ុន្តែនៅតែមានភ្ញៀវចាស់ថ្មីចេញចូលញុាំច្រើនជារៀងរាល់ថ្ងៃដដែល។

អ្វីដែលគួរឲ្យកត់សម្គាល់ពីហាងបងស្រីនោះគឺ មួយថ្ងៃលក់អស់ពី 60-70គីឡូ ចាប់បើកលក់ពីម៉ោង 7​ ព្រឹក ដល់ថ្ងៃរសៀល ហើយជាធម្មតាម៉ោងដែលភ្ញៀវភាគច្រើនមកកុម្ម៉ង់ទាំងខ្ចប់ និងញុាំផ្ទាល់នៅតូបគឺនៅចន្លោះម៉ោង 7:00-11:00 ព្រឹក។ ជាធម្មតាទោះមានភ្ញៀវឈរចាំច្រើនប៉ុណ្ណាក៍នៅតែអាចចាំបានដែល ពីព្រោះបងស្រីតែងតែរៀបចំធ្វើលឿន និងសម្តីផ្អែមទៅកាន់ភ្ញៀវដែលឈរចាំ។

សម្រាប់ទឹកសម្លរនៅតូបគាត់វិញគឺមានជាតិ និងក្លិនឈ្ងុយខ្លាំង រសជាតិដើមប្រចាំត្រកូល ជាមួយនឹងក្បាលត្រីស្រស់ៗ ស្ងោរភ្លាមៗ មិនមានជាតិឆ្អាបសូម្បីបន្តិច។


ពេលទៅដល់តូបបងស្រីភ្លាម ក្រុមការងារយើងបានកុម្ម៉ង់នៅនំបញ្ចុកស្រុះ ចានធម្មតា ដែលក្នុងនោះមានជាសាច់ជ្រូកបីជាន់បំពង ប្រហិតត្រី ប៉ាត់តេ និង ឈាមជ្រូក ហើយបើនិយាយពីចានពិសេសប្រចាំតូបវិញហា៎ ជាក្បាលត្រីស្ងោរសម្បូរទៅដោយសាច់ គ្រាន់តែស្រង់ចេញពីទឹកស៊ុបភ្លាម គឺថាឈ្ងុយខ្លាំងតែម្តង។


នៅទីនេះនំបញ្ចុកស្រុះមួយចានតម្លៃត្រឹមតែ 8,000 រៀលប៉ុណ្ណោះ ហើយបើសិនជាទប់ក្លិនឈ្ងុយអត់បាននៃក្បាលត្រីស្ងោរហា៎ ប្រិយមិត្តអាចកុម្ម៉ង់ថែមបានជាចានពិសេស ដែលក្បាលត្រីមានតម្លៃចាប់ពី 20,000រៀល ទៅ 30,000រៀល។


ប្រិយមិត្តអ្នកអានហ្នឹង ប្រាកដជានៅក្នុងចំណោមអ្នកដែលចូលចិត្តនំបញ្ចុកស្រុះដែរហើយត្រូវអត់? ធានាថាមិនខកចិត្តទេ! បងស្រីគាត់លក់ជាង 25ឆ្នាំហើយ ទាំងរសជាតិ គុណភាពនិងតម្លៃគឺសក្តិសមទៅនឹងភាពល្បីល្បាញរបស់ខ្លួនមែន។

តស់ៗ! ដូចជាមានអារម្មណ៍ថាឃ្លាន ទៅអូរឬស្សីឥឡូវហ្មងអ្ហៃ? ហាហា!

នំបញ្ចុកស្រុះក្បាលត្រីផ្លូវជ្រូកខ្វៃផ្សារអូរឬស្សី

  • នំបញ្ចុកស្រុះក្បាលត្រីផ្សារអូរឬស្សី​ - St 139, Phnom Penh, Cambodia
  • 095 333 140

អត្ថបទគួរតែអានបន្ទាប់