បរិយាកាសស្រស់ស្រាយ ភេសជ្ជៈប្លែកៗ ម្ហូបឆ្ងាញ់ៗ! មករកបាននៅ Next Coffee ដែលទើបបើកថ្មី!​

Next Coffee ជាហាងកាហ្វេដែលទើបតែបើកឡើងវិញហើយក៏បានប្ដូរទីតាំងទៅនៅលើផ្លូវ ៣០៧​ វិញ។ Next Coffee មានបំណងចង់ផ្ដល់ជូនរសជាតិកាហ្វេឆ្ងាញ់នៅក្នុងបរិយាកាសល្អ ដែលមានទីធ្លាធំទូលាយ កាន់តែស្រស់ស្រាយ។ 

Next Coffee មានទីធ្លាខាងក្រៅយ៉ាងស្រស់ស្អាត​ ស្រឡះចិត្ត លម្អដោយដើមឈើតូចធំ ស្រស់ៗ មានខ្យល់រសាត់មកតិចៗ បក់យកអារម្មណ៍ល្អៗមកតាម។ រីឯបរិយាកាសខាងក្នុងវិញ គឺធំទូលាយ មានភ្លេងចាក់រហឹមៗ រន្តំចិត្តឲ្យអស់កង្វល់ សាកសមបំផុតសម្រាប់អង្គុយសិក្សា ឬធ្វើការផ្សេងៗ។ បរិយាកាសល្អ សេវាកម្មក៏ល្អ បុគ្គលិករួសរាយរាក់ទាក់ និងយកចិត្តទុកដាក់លើអតិថិជន។ 

Next Coffee មានបម្រើម្ហូបនិងភេសជ្ជៈទាំងបែបអាសុី និងអុឺរ៉ុបជាច្រើនមុខ។ ក្រុម FoodBuzz យើងចូលចិត្តភេសជ្ជៈ Mango Matcha ជាងគេ​ដោយសារមានរសជាតិឆ្ងាញ់ មានសាច់ផ្លែស្វាយស្រស់ៗនៅពីក្រោម ខាំជាមួយតែ Matcha ដែលមានរសជាតិស្រាលស្រទន់ មិនខ្លាំងលើស និយាយទៅគឺសមមូលគ្នាល្អ ល្មមឆ្ងាញ់តែម្ដង! ចំណែកឯ Black Sesame Latte វិញជាភេសជ្ជៈមួយទៀតដែលប្លែកដោយសារមានលាយកាហ្វេជាមួយគ្រីមល្ងខ្មៅ។ មួយកែវនេះមានរសជាតិកាហ្វេខ្លាំង មានឈ្ងុយល្ងខ្មៅតិចៗ ជាប់មាត់ សម្រាប់អ្នកចូលចិត្តកាហ្វេរសជាតិចាស់ ដឹងតែពេញចិត្តតែម្ដង! 

Next Coffee មានមេចុងភៅម្នាក់​ដែលមានទឹកដៃចម្អិនល្អ ដែលបានណែនាំក្រុមយើងឲ្យភ្លក់មីកូឡាដែលមានដើមកំណើតពីខេត្តបាត់ដំបង ជាខេត្តល្បីថាមានម្ហូបឆ្ងាញ់ច្រើន ប៉ុន្តែនៅ Next Coffee មីកូឡាគឺមកជាមួយទឹកត្រីផ្អែមជាការច្នៃប្រឌិតឲ្យប្លែក។ រីឯគុយទាវខគោវិញ ក៏មានរសជាតិដិតឆ្ងាញ់ មានក្លិនឈ្ងុយគ្រឿងខជាប់ច្រមុះ ហើយសាច់គោក៏ទន់ផុយល្អដែរ សរុបមកគឺឆ្ងាញ់តែម្ដង។ 

Next Coffee មានទាំងបរិយាកាសល្អ ម្ហូបនិងភេសជ្ជៈក៏ឆ្ងាញ់ សាកសមសម្រាប់អ្នកទៅអង្កុយសិក្សា ធ្វើការ ឬ​ទៅអង្គុយលេងលំហែអារម្មណ៍ក៏បាន!

Rating:

  • បរិយាកាស៖ ៩/១០
  • ម្ហូប និងភេសជ្ជៈ៖ ៩/១០ 

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកតាមរយៈ៖ Next Coffee

Next Coffee

  • NEXT COFFEE & BAKERY, St. 307 Corner St. 322, Sangkat Svay Pak, Khan Russey Keo, Phnom Penh
  • +855962277757

អត្ថបទគួរតែអានបន្ទាប់