នេសាទ៖ ហាងគ្រឿងសមុទ្រស្រស់ៗ គុណភាពខ្ពស់ យកមកពីខេត្តកំពតផ្ទាល់

គ្រាន់តែលឺឈ្មោះហាងក៏អាចដឹងថា “នេសាទ” ជាភោជនីយដ្ឋានបែបណា! នេសាទ ជាភោជនីយដ្ឋានបម្រើអាហារគ្រឿងសមុទ្រមួយកន្លែងដែលមានទីតាំងនៅម្ដុំទួលទំពូង។ អ្វីដែលពិសេសធ្វើឲ្យនេសាទជាទីចាប់អារម្មណ៍របស់អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រគ្រប់រូបនោះគឺ ការនាំចូលគ្រឿងសមុទ្រពីខេត្តកំពតផ្ទាល់ និងការចម្អិនជាបែបខ្មែរ​ និងបែបអឺរ៉ុបតាមចំណង់ចំណូលចិត្តអ្នកញ៉ាំ។

នេសាទ មានលក់គ្រឿងសមុទ្រសឹងតែគ្រប់មុខ មានតាំងពីក្ដាម មឹក បង្គា និងជាច្រើនមុខទៀតដែលយកមកពីខេត្តកំពតផ្ទាល់តែម្ដង។ ទាំងនេះអាចបញ្ជាក់បានថា នេសាទ រក្សាភាពស្រស់ និងរសជាតិដើមពីខេត្តកំពតចែកជូនប្រិយមិត្តចូលចិត្តញ៉ាំគ្រឿងសមុទ្រនៅភ្នំពេញ។ 

មួយចាននេះជា​ Nesat Seafood Madness ដែលជាគ្រឿងសមុទ្រអាំងមួយចានធំ អមមកជាមួយសម្លតុងយ៉ាំមួយចានគោម។ មឹក និងបង្គាអាំងគឺឆ្អិនជ្រុលបន្តិច បុ៉ន្តែនៅតែមានភាពស្រស់ល្អ ហើយញ៉ាំជ្រលក់ជាមួយទឹកត្រីកោះកុងកាន់តែមានរសជាតិឆ្ងាញ់។ ដូច្នេះប្រសិនបើអ្នកចង់បានកម្រិតភាពឆ្អិនរបស់សាច់ អាចប្រាប់ពេលកុម្ម៉ង់បានណា៎!

រីឯបឺហ្គឺសាច់ក្ដាមវិញ មើលទៅទំនង គួរឲ្យចង់ញ៉ាំតែម្ដង។ នៅពេលដែលខាំមួយម៉ាត់ដំបូងគឺឆួលក្លិនគ្រឿងទេសបែបឈើអែមខ្លាំងបន្តិច ធ្វើឲ្យបាត់បង់ក្លិនដើមរបស់សាច់ក្ដាម តែកុំបារម្ភ ព្រោះរសជាតិសាច់ក្ដាមនៅរក្សាភាពឆ្ងាញ់បានដដែល ហើយរសជាតិកាន់តែប្លែកពិសេស នៅពេលដែលលោកអ្នកជ្រលក់ជាមួយទឹកជ្រលក់របស់នេសាទ។

បង្គាស្រុសនៅក្នុងម្ហូបញាំក្រូចថ្លុងបង្គាវិញគឺមានរសជាតិឆ្ងាញ់ប្លែកម្យ៉ាងពីម្ហួបដទៃ។ ដោយសារបង្គាមានភាពស្រស់ល្អ ស្រុសមិនឆ្អិនពេក  បូករួមជាមួយសាច់ក្រូចថ្លុង ធ្វើឲ្យមួយមុខនេះមានរសជាតិឆ្ងាញ់ប្លែក។​ តែប្រសិនបើអ្នកមិនចូលចិត្តល្វីង មួយចាននេះអាចនឹងជាមិនមែនមុខម្ហូបសម្រាប់លោកអ្នក ដោយសាររសជាតិល្វីងចេញពីក្រូចថ្លុង។

នេសាទ ជាហាងមួយដែលសាកសមសម្រាប់អ្នកចូលចិត្តគ្រឿងសមុទ្រតែម្ដង ព្រោះគ្រឿងសមុទ្រស្រស់ៗល្អ គុណភាពខ្ពស់ ទោះបីជារសជាតិនៅអាចបន្ថែមបន្ថយបាន។ ពីលើនេះទៀត បរិយាកាសរបស់នេសាទគឺតុបតែងឡើងតាមបែបអ្នកនេសាទតែម្ដង ដូច្នេះហើយពេលចូលទៅដល់គឺមានអារម្មណ៍ដូចកំពុងទៅលេងខេត្តកំពតផ្ទាល់អី៊ចឹង។

ផែនទី

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក នេសាទ​ - NESAT Seafood House

នេសាទ​ - NESAT Seafood House

អត្ថបទគួរតែអានបន្ទាប់