ធ្លាប់សាកឬនៅភោជនីយដ្ឋានលំដាប់លេខ 1 លើវេបសាយ TripAdvisor នៅទីក្រុងភ្នំពេញ?
ប្រិយមិត្ត FoodBuzz ប្រហែលជាស្គាល់ហើយអំពីវេបសាយ TripAdvisor ដែលជាវេបសាយណែនាំអ្វីៗគ្រប់យ៉ាងទាំងអស់ទាក់ទងនឹងការធ្វើដំណើរកំសាន្ដ រួមបញ្ចូលទាំងទីតាំងទេសចរណ៍ កន្លែងស្នាក់នៅ ភោជនីយដ្ឋាន មធ្យោបាយធ្វើដំណើរជាដើម បើអញ្ចឹងសាកទាយមើលថាតើនៅភ្នំពេញដែលមានជាង 1,000 ភោជនីយដ្ឋានចុះបញ្ជីលើវេបសាយនេះ ភោជនីយដ្ឋានណាដែលទទួលបានពិន្ទុខ្ពស់ជាងគេ លំដាប់លេខ 1 តាមរយៈការអោយពិន្ទុរបស់អ្នកទេសចរណ៍និងភ្ញៀវ?


បច្ចុប្បន្ន ភោជនីយដ្ឋានលំដាប់លេខ 1 ខ្ពស់ជាងភោជនីយដ្ឋានដទៃក្នុងទីក្រុងភ្នំពេញនៅលើវេបសាយ TripAdvisor មានពិន្ទុ 4.8 លើ 5 គឺជាភោជនីយដ្ឋានម្ហូបឥណ្ឌា Namaste India Restaurant BKK ដែលជំនាញខាងម្ហូបឥណ្ឌាគ្រប់មុខទាំងអស់នៅម្ដុំបឹងកេងកងយើងនេះឯងដែលប្រិយមិត្តអាចមើលបាននៅទីនេះ។


FoodBuzz ដឹងថា ម្ហូបជាតិសាសន៍មួយនេះមិនសូវជាការពេញនិយមរបស់ប្រិយមិត្តខ្មែរប៉ុន្មានទេ ហើយពេលដែលអ្នកគិតដល់ម្ហូបឥណ្ឌា អ្នកអាចជាគិតដល់ដំបូងគេគឺការីនិងការញ៉ាំដោយប្រើប្រាស់ដៃហើយប៉ុនៗហ្នឹងមានអីអស្ចារ្យ? ប៉ុន្ដែទាំងអស់នេះគឺការយល់ច្រឡំមួយ ព្រោះការពិតទៅម្ហូបឥណ្ឌាគឺសំបូរបែប មានមុខម្ហូបឆ្ងាញ់ៗនិងប្លែក ប្រើប្រាស់គ្រឿងផ្សំនិងរបៀបចម្អិនដ៏គួរឲ្យចាប់អារម្មណ៍ ហើយ FoodBuzz ជឿជាក់ថាអ្នកគ្រប់គ្នាគួរតែភ្លក្សដើម្បីឲ្យស្គាល់និងស្វែងយល់កាន់តែច្បាស់អំពីម្ហូបជាតិសាសន៍មួយនេះ។ អញ្ចឹងតោះថ្ងៃនេះយើងទៅភ្លក្សឲ្យស្គាល់រសជាតិម្ហូបឥណ្ឌាទាំងអស់គ្នា!

Namaste India Restaurant BKK គឺជាភោជនីយដ្ឋានម្ហូបឥណ្ឌា លំដាប់ Fine-Dining ទើបតែបើកដំណើរការពីខែកក្កដា ឆ្នាំ 2018 នេះទេប៉ុន្ដែគឺទទួលបានការគាំទ្រយ៉ាងខ្លាំងមែនទែន ហើយអ្នកដែលបានមកភ្លក្សម្ហូបនៅទីនេះគឺតែងតែជាប់ចិត្តត្រលប់មកលើកក្រោយទៀតជានិច្ច។ ការរចនាហាងដ៏ស្រស់ស្អាតបែបពណ៌បៃតងបំព្រងរំលេចជាមួយពណ៌មាសពីក្រៅរហូតដល់ក្នុងអាចធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាភោជនីយដ្ឋានលំដាប់ថ្លៃ ប៉ុន្ដែការពិតម្ហូបអាហារទីនេះគឺមានតម្លៃសមរម្យ ហើយប្រើប្រាសគ្រឿងផ្សំគុណភាពខ្ពស់នាំចូលពីប្រទេសឥណ្ឌា ហើយពួកយើងក៏បានភ្លក្សម្ហូបចំនួន 6 មុខដែលសុទ្ធតែជាម្ហូបលក់ដាច់ជាងគេប្រចាំហាងនិងម្ហូបតាមការណែនាំរបស់ចុងភៅនៅទីនេះ។

សំរាប់ Starters ពួកយើងភ្លក្សដំបូងគេគឺ Tandoori Chicken ដែលជាមុខម្ហូបប្រចាំហាង មាន់ដុតក្នុងឡដីឥដ្ឋពិសេស រសជាតិហឹរតិចៗចាប់មាត់ បើស្បែកមាន់ឡើងស្រួយឆ្ងាញ់ប៉ុន្ដែអត់មានអារម្មណ៍ថាមានជាតិខ្លាញ់ឡើយ ហើយពួកយើងញ៉ាំជាមួយនឹងទឹកជ្រលក់ពីរប្រភេទ គឺទឹកជ្រលក់ជីអង្កាមដែលមានរសជាតិប្រហើរ និងទឹកជ្រលក់អម្ពិល បែបជូរអែម។


បន្ទាប់មកគឺ Garlic Chicken Kebab ជាម្ហូបដែលលក់ដាច់ជាងគេប្រចាំហាង ដែលប្រិយមិត្តរំលងមិនបានព្រោះថា FoodBuzz ចូលចិត្តជាងគេក្នុងចំណោមទាំងអស់ ព្រោះថាមានក្លិនឡើយឈ្ងុយខ្ទឹមសរ ហើយសាច់មាន់វិញគឺផុយស្រួលញ៉ាំនិងមានជាតិ ហើយបន្ថែមជាមួយទឹកជ្រលក់អំពិលជូរអែមៗ គឺរិតតែធ្វើឲ្យរសជាតិឆ្ងាញ់មួយកំរិតទៀត គ្រាន់តែស្រមៃនឹកឃើញ លេបទឹកមាត់ក្អឺកៗតែម្ដងហើយនេះ! សំរាប់អ្នកដែលមិនចង់ញាំសាច់អាចជ្រើសរើសយក Veg Seekh Kebab ដែលប្រើប្រាស់គ្រឿងទេសយ៉ាងច្រើនដូច្នេះមានរសជាតិរាងខ្លាំងបន្ដិច ប៉ុន្ដែលោកអ្នកអាចញ៉ាំជាមួយទឹកជ្រលក់ជីអង្កាមដើម្បីឲ្យរសជាតិស្រាលជាងនេះបន្ដិច មួយមុខនេះសាកសមសម្រាប់អ្នកចូលចិត្តញ៉ាំហឹរនិងរសជាតិខ្លាំងៗ។



ឈានដល់ main dishes ពួកយើងបានសាកការី 3 រសជាតិតាមការណែនាំរបស់ចុងភៅដែលមានដូចជាការីសាច់បង្គារ Kadahi Prawn ការីសាច់មាន់ Chicken Tikka Masala និងការីសណ្ដែក Dal Makhani ដែលទាំងបីមុខនេះគឺសុទ្ធតែអាចញ៉ាំជាមួយនំដុតឥណ្ឌា Naan បាន។

ក្នុងចំណោមការីទាំងបីប្រភេទដែលសុទ្ធតែមានរសជាតិឆ្ងាញ់ប្លែកគ្នាម្យ៉ាងៗម្នាក់ ពួកយើងពេញចិត្តការីសាច់មាន់ Chicken Tikka Masala ជាងគេ ព្រោះថាសាច់មាន់គឺត្រូវបានចំអិនឡើយផុយហើយគ្រឿងទេសផ្សំដែលបានប្រើប្រាស់ក្នុងមួយមុខនេះគឺសមល្មមនឹងរសជាតិដែលពួកយើងចូលចិត្តញ៉ាំ។ និយាយទៅបានមួយម៉ាត់ហើយគឺជាប់ចិត្ត!

សំរាប់ការីសាច់បង្គារ Kadahi Prawn វិញគឺមានរសជាតិហឹរ និងប្រើប្រាស់គ្រឿងផ្សំដែលមានរសជាតិ និងក្លិនខ្លាំងជាងការីទាំងពីរមុខទៀត ដូច្នេះបើសិនជាប្រិយមិត្តណាចូលចិត្តញ៉ាំហឹរ និងរសជាតិខ្លាំងដឹងតែត្រូវចិត្តតែម្ដង។

ចុងក្រោយសំរាប់ប្រិយមិត្តដែលមិនញ៉ាំសាច់ តែចូលចិត្តរសជាតិនិងក្លិនស្រាល ការីសណ្ដែក Dal Makhani នេះគឺមានរសជាតិឆ្ងាញ់ល្មមសាកសមសំរាប់អ្នកតែម្ដង ហើយធានាថាញ៉ាំមិនងាយទ្រលាន់ឡើយ។

កុំនៅស្ទាក់ស្ទើរអីទៀត ឆ្នាំ 2019 គួរតែសាករបស់ថ្មីៗនិងអ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុន! FoodBuzz ធានា 100% ថានឹងឆ្ងាញ់ជាប់ចិត្តមិនប្ដូរឡើយ!

ទីតាំង៖ Namaste India Restaurant ផ្លូវ 63 កែងនឹងផ្លូវ 294 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Get Direction
សម្រាប់ពត៌មានបន្ថែម សូមចូលទីកាន់គេហទំព័ររបស់ Namaste ផ្ទាល់នៅទីនេះ។