កាហ្វេទាន់សម័យអីទៅហើយៗ​ តែមានដែលនឹកឃើញចង់ទៅហាងកាហ្វេបែបបុរាណៗអត់?

ពេលដើរមើលរូបសំណាក់ចាស់ៗ និង វត្ថុបុរាណនៅសារមន្ទីររួច នឹកថាចង់ទៅកន្លែងណាស្ងប់ស្ងាត់ ប្រកបទៅដោយប្រវត្តិសាស្រ្តបុរាណ អង្គុយក្រេបកាហ្វេ និង ញ៉ាំអីជាមួយមិត្តភក្តិ ឬ នៅម្នាក់ឯងអី ដែលនៅជិតនោះ បងប្អូនអាចទៅ The Museum Café បាន។ Museum Café​ នេះបើកបានរយៈពេល ៦​ ឆ្នាំហើយ ដែលស្ថិតនៅជាប់សារមន្ទីរជាតិហ្នឹងតែម្ដង។​  

ហាងកាហ្វេមួយនេះរុំព័ទ្ធទៅដោយរុក្ខជាតិបៃតង និងដើមឈើធំៗជាច្រើន។ បរិយាកាសបែបនេះធ្វើឲ្យភ្ញៀវដែលទៅអង្គុយមានអារម្មណ៍ថា ស្រស់ស្រាយ។​ ហើយទាំងទេសភាព និង ម្ហូបអាហារ គឺពោរពេញទៅដោយគុណភាព និង សោភ័ណភាពតែម្ដង។ អាកាសធាតុក៏ត្រជាក់ស្រួល ខ្យល់បក់ល្វើយៗ ហើយប្លែកត្រង់ថា ងាកទៅទិសខាងណាក៏ឃើញតែរូបសំណាក់ពីដើមៗមកដែរ។

មិនតែប៉ុណ្ណោះទេ ទោះបី  Museum Café នៅកណ្ដាលទីក្រុងក៏ដោយ ប៉ុន្តែរាល់ព្រឹកភ្ញៀវដែរចូលចិត្តទៅពីព្រលឹមតែងតែឮសូរសំឡេងចាបច្រៀង​ល្ហៀងៗ ពីដើមឈើធំៗនៅជុំវិញនោះទៀតផង។ 

ថាទៅទិដ្ឋភាពនៅ Museum Café នោះគួរឲ្យចាប់អារម្មណ៍មែន ប៉ុន្តែយើងមិនអាចភ្លេចពីម្ហូបអាហារនៅទីនោះបានទេ។

នៅកន្លែងហ្នឹងហា៎ មានម្ហូបឆ្ងាញ់ៗជាច្រើនមុខ មានទាំងម្ហូបបរទេស និង ម្ហូបបែបខ្មែរ គឺសុទ្ធមានជាតិទាងអស់ ជាពិសេសគឺម្ហូបបែបខ្មែរហ្នឹងម៉ង។ ក្រុម FoodBuzz ទៅភ្លក់ហើយៗ ឆាឡុកឡាក់នៅទីនោះឆ្ងាញ់មែន ហើយអាម៉ុកក៏មានជាតិទៀត ដាក់មកត្រូវមាត់ម៉ង។ 

ហើយបើភេសជ្ជៈវិញក៏មិនចាញ់ម្ហូបដែរ​ កាហ្វេចំពោះអ្នកពូកែញ៉ាំនោះគឺរៀងស្រាលបន្តិច តែក្លិនវិញគឺឈ្ងុយតែម្ដង រីឯទឹកផ្លែឈើវិញបឺតមួយក្អឹកមក ធ្វើឲ្យស្រឡះមុខ ស្រឡះមាត់ ស្រឡះបំពង់កម៉ង ចេញពីផ្លែឈើស្រស់ៗ។ 

គិតទៅអ្នកណាមិនចង់នៅក្នុងស្ថានភាពបែបហ្នឹង។ បរិយាកាសស្ងប់ស្ងាត់ មានខ្យល់ត្រជាក់ៗ ដែលពោរពេញទៅដោយធម្មជាតិបៃតង និងវត្ថុបុរាណហើយមានម្ហូបអាហារឆ្ងាញ់ទៀត។ ចឹងមកអង្គុយសំរាកកាយ លំហែអារម្មណ៍ ឬមកធ្វើការនៅ ​​​​Museum Café មកមិនខកបំណងទេ។

ទីតាំង៖ The Museum Café

ព័ត៌មាន៖ Facebook-Museum Café 

 

អត្ថបទគួរតែអានបន្ទាប់