មកប្តូរបរិយាកាសពិសាអាហារជិតវាលស្រែវិញម្តងមើល ពិតជាស្រស់ស្រាយណាស់!

សម័យនេះ រកម្ហូបស្រុកស្រែធម្មជាតិ ប្រហែលជាពិបាកបន្តិចហើយ តែ FoodBuzz បានស្គាល់កន្លែងមួយនៅខេត្តសៀមរាប ដែលផ្តល់នូវបទពិសោធន៍អាហារបែបអ្នកជនបទពិតៗ។ នៅម្លប់ដើមអំពិល (ជ្រាវ) អ្នកអាចញ៉ាំបាយបណ្តើរ ស្តាប់តន្ត្រីធម្មជាតិបណ្តើរ មានទាំងសត្វស្លាប និងសត្វក្អាត់យំឆ្លើយឆ្លងគ្នាពេញវាលស្រែ អមដោយខ្យល់ត្រជាក់ត្រសៀកៗ​ រណ្តំគ្រប់សព្វញាណទាំង៥នៃរាងកាយ។

អ្នកធ្វើដំណើរដោយរថយន្តនឹងត្រូវបានទទួលស្វាគមន៍ដោយទូកមួយ ដែលនៅរងចាំចម្លងលោកអ្នកទៅកាន់កន្លែងអង្គុយញ៉ាំអាហារ​។ អ្នកអាចជ្រើសរើសគ្រែខាងក្រៅ (Outdoor) នៅជាប់នឹងវាលស្រែ ឬកញ្ចុះធំទូលាយនៅក្រោមដំបូលដ៏ស្រស់ស្អាត។

បើរឹតតែពិសេសសម្រាប់អ្នកមានគូ ហើយចង់ទទួលទានអាហាររ៉ូមែនទិក អាចញ៉ាំនៅលើទូក ដែលនឹងបណ្តែតខ្លួននៅជុំវិញបឹងក្បែរហ្នឹងក៏បានដែរ។

ចំណែកឯម្ហូបវិញ រឹតតែពិសេស និងប្លែកដាច់ពីគេ ដោយសារតែនៅទីនេះ ប្រើប្រាស់គ្រឿងផ្សំដែលដាំដុះ និងនេសាទនៅក្នុងសហគមន៍ផ្ទាល់ រួមមានបន្លែ ត្រី​ ខ្ចៅ ខ្យង ក្តាម។ល។ ហើយក៏ត្រូវបានចម្អិនដោយចុងភៅជាអ្នកនៅក្នុងភូមិស្រាប់ ហេតុនេះហើយ រសជាតិអាហារ​ គឺបែបជនបទ១០០% ។ ពេលដាក់ចូលទៅក្នុងមាត់ទៅ មានអារម្មណ៍ថាប្លែកមាត់ខ្លាំងតែម្តង!

 

ចំពោះមុខម្ហូបប្រចាំហាង ដែលក្រុមការងារបានសាកនៅទីនោះ មានសម្លម្ជូរច្រាច់ (ចង់ណែនាំឲ្យញ៉ាំពេលក្តៅហុយៗ ហើយចង់ប្រាប់ថាត្រី និងក្តាមស្រស់ៗ មានសាច់ណែនៗល្អណាស់) និង មាន់ដុត២៧គ្រឿងពិសេស (ក្លិនឈ្ងុយប្លែកពីស្លឹកក្រទប ជាមួយនឹងរសជាតិប្រឡាក់សាច់ប្រចាំហាងពិតជាធ្វើឲ្យដក់ជាក់ក្នុងចិត្ត)។

ពួកយើងក៏ចង់ណែនាំឲ្យអ្នកសាកល្បងនូវខ្យងអប់អំបិលម្ទេស (ដឹងតែត្រូវចិត្តអ្នកចូលចិត្តហឹរហ្មង!) និងប្រហុកអង្រ្កងខ្ចប់ស្លឹកឈូក ញ៉ាំផ្ទាប់ជាមួយនឹងអន្លក់ស្រស់ៗបេះពីសួនដំណាំបែបធម្មជាតិនៅក្នុងភូមិ។

ក្រៅពីអាហារដ៏ឈ្ងុយឆ្ងាញ់ និងទេសភាពដ៏ស្រស់ស្អាត លោកអ្នកក៏នឹងអាចទទួលបានបទពិសោធន៍ជីវិតបែបជនបទសប្បាយៗផ្សេងទៀត ដូចជាទស្សនាសត្វស្លាប ជិះទូកកម្សាន្ត ដុតដំឡូង ចម្អិនអាហារ ។ល។ ទៅតាមថ្ងៃ និងរដូវកាលផងដែរ។ 

បញ្ជាក់ ៖ លោកអ្នកគួរកក់កន្លែងទុកជាមុន ទើបជាការប្រសើរ ពិសេសអ្នកចង់ញ៉ាំពេលថ្ងៃរះ និងថ្ងៃលិច

  • ម្លប់អំពិលជ្រាវ (Maloup Ampil Chreav), Unnamed Road, Krong Siem Reap, Cambodia
  • 078 937 496
ម្លប់ដើមអំពិល

អត្ថបទគួរតែអានបន្ទាប់

See all