នឹករសជាតិមីបួស​ ជ័យថាវីអត់គ្នាយើង? ណាត់គ្នាទៅញ៉ាំរលឹកអនុស្សាវរីយ៍ម្តងតស់!

មានណាគេខ្លះធ្លាប់រៀននៅជ័យថាវីដូចអ្នកសរសេរម្នាក់នេះដែរ?​ បើធ្លាប់ អ្នកប្រាកដជាស្គាល់កន្លែងមីបួសនេះហើយ! ភាគច្រើនគេស្គាល់កន្លែងហ្នឹងថា មីបួសជ័យថាវី ឬ​ មីបួសបាក់ទូក តែឈ្មោះរបស់តូបគាត់ផ្ទាល់គឺ ម៉ីគួយមីបួស។ អ្នករៀនចប់ខានទៅញ៉ាំយូរអី អានអត្ថបទនេះហើយដឹងតែឃ្លានម៉ង! 

កាលនៅរៀនតម្លៃមីបួសមួយចានតែ 5000៛ ទេ​ ឥឡូវឡើងមួយចាន 6000៛​​ មែនតែរសជាតិនៅតែដូចដើម ទឹកស៊ុបមានរសជាតិស្រាលល្មមមិនសូវដិត តែធានាថាជាប់ចិត្តតែម្តង! សម្រាប់មីស៊ុបបួសមួយចានមានបន្លែជាច្រើនដូចជា ផ្សិត ជើងផ្សិត ការ៉ុត និង ល្ហុងខ្ចីទន់ ជាដើម។ រាល់ដង Streetbuzz ញ៉ាំតែមីដុំទេ តែអ្នកទាំងអស់គ្នាអាចកុម្ម៉ង់ មីកញ្ចប់ មីសួរ អីក៏បានដែរ។

ហើយក្រៅពីមីបួសបែបស៊ុប កន្លែងគាត់ក៏មានលក់មីឆាដែរណា៎! មីគីឡូក៏បាន ម៏កញ្ចប់ក៏បាន ទំនងៗដូចគ្នា​ ព្រោះគាត់បានឆាជាមួយជើងផ្សិត តៅហ៊ូបំពង តៅហ៊ូស្រួយ និង ស្ពៃតឿ ជាដើម។ ចង់ប្រាប់ថាកន្លែងមីបួសមែន តែបើអ្នកទាំងអស់គ្នាអត់ញ៉ាំបួស ចង់ឲ្យគាត់​ដាក់ពងទាក្នុងមីស៊ុប ឬ មីឆា ក៏គាត់ដាក់ឲ្យបានដែរ។ 

សម្រាប់ភេសជ្ជៈ គាត់មានលក់ទឹកអំពៅ ទឹកកូកាជាដើម បុន្តែ បើចង់ញ៉ាំទឹកតែកន្លែងគាត់ គាត់អត់គិតលុយទេណា៎! អ្នកទាំងអស់គ្នាអាចធ្វើការកម្មង់បានសម្រាប់អាហារពេលព្រឹក ថ្ងៃ និងល្ងាច។ 

ហាងគាត់បើកពីម៉ោង 7 ព្រឹក ដល់ ម៉ោង 5 ល្ងាច។ សម្រាប់ទីតាំងគាត់វិញ អ្នកទាំងអស់គ្នាអាចជិះផ្លូវ 149 ក្រោយសាលាបាក់ទូក ឆ្ពោះមកកាន់សាលាជ័យសាវី ហើយមើលខាងស្តាំដៃ នឹងឃើញមានគេលក់មីបួសហើយ។ 

អត្ថបទគួរតែអានបន្ទាប់