Mekong Coffee x Kambujaya - ហាងកាហ្វេជាយក្រុង បរិយាកាសល្អ ការតុបតែងស្រស់ស្អាតបែបធម្មជាតិ ភេសជ្ជៈក៏ឆ្ងាញ់!

Mekong Coffee x Kambujaya ជាហាងកាហ្វេមួយទៀតដែលទើបតែបើកថ្មីដែលមានទីតាំងនៅជាយក្រុងភ្នំពេញ ក្នុងតំបន់វាលស្បូវ។ Mekong Coffee x Kambujaya ជាសាខាទីពីររបស់ Mekong Coffee ដែលមានបរិយាកាសល្អ ការតុបតែងស្រស់ស្អាត និងមានភេសជ្ជៈ​ជាច្រើនមុខ។ 

គ្រាន់តែដើរចូលទៅមានអារម្មណ៍ថាកក់ក្ដៅដូចទីស្នាក់នៅដ៏ស្រស់ស្អាតមួយកន្លែងអញ្ចឹង។ ការតុបតែងមានលក្ខណៈទាន់សម័យ ពោរពេញទៅដោយដើមរុក្ខជាតិពណ៌បៃតងស្រស់ៗ អមទៅដោយតុកៅអីឈើ ដែលធ្វើឲ្យកន្លែងនេះមើលទៅស្រដៀងនឹងសួនច្បារតូចមួយ។ សម្រាប់កន្លែងអង្គុយវិញ មានទាំងក្នុង និងក្រៅ ដែលនៅខាងក្នុងមានម៉ាសុីនត្រជាក់ រីឯនៅខាងក្រៅសម្បូរទៅដោយដើមរុក្ខជាតិ និងខ្យល់អាកាសយ៉ាងស្រស់ស្រាយ ស្រឡះចិត្តពីទុក្ខកង្វល់នានា។ 

Mekong Coffee x Kambujaya មានភេសជ្ជៈជាច្រើនមុខដែលមានរសជាតិឆ្ងាញ់​ និងប្លែកបន្តិចពីហាងដទៃ។ ភេសជ្ជៈទាំងអស់គឺសុទ្ធតែឆ្ងាញ់ មួយក្អឹកណាក៏ត្រជាក់ចិត្ត រសជាតិសមមូលគ្នាល្អ។ រិឯកាហ្វេ Romano នៅទីនេះមានរសជាតិស្រាលស្រទន់ ក្លិនឈ្ងុយប្រហើរ ហើយល្វីងតិចៗចុងមាត់ និងមានជាតិជូរនិងឈ្ងុយក្លិនក្រូចតិចៗបន្ថែមទៀត​ ដឹងតែត្រូវចិត្តអ្នកចូលចិត្តញ៉ាំកាហ្វេតែម្ដង! 

ក្រុម FoodBuzz យើងមិនសូវញ៉ាំកាហ្វេច្រើនទេ ដូច្នេះហើយពួកយើងចូលចិត្ត Passion Lemon Tea ណាស់ដោយសារវាមានរសជាតិជូរអែមៗ មានក្លិនឈ្ងុយតែ ដែលធ្វើឲ្យមួយកែវនេះឆ្ងាញ់ជាប់មាត់ ស្រស់ស្រាយក្នុងអារម្មណ៍តែម្ដង​។ ទីនេះក៏មានលក់នំផ្សេង សម្រាប់ជាចំណីចំណុកទុកសម្រន់ ឬជាអាហារពេលព្រឹកញ៉ាំជាមួយកាហ្វេក៏បាន។ 

Mekong Coffee x Kambujaya មានទីតាំងនៅជាយក្រុង ដូច្នេះហើយសាកសមបំផុតសម្រាប់អ្នកចូលចិត្តជិះកង់ទៅឆ្ងាញ់ពីទីប្រជុំជនដើម្បីទៅអង្គុយសម្រាកលេងនៅកន្លែងដែលស្ងប់ស្ងាត់និង​ស្រស់ស្អាត។ កន្លែងនេះក៏ស័ក្តសមសម្រាប់ការណាត់ជួបផ្សេងៗ ជាមួយគូស្នេហ៏ ឬមិត្តភក្តិព្រោះបរិយាកាសល្អ សាងទំនាក់ទំនងឲ្យកាន់តែល្អ! ចំណែកឯសេវាកម្មវិញ បុគ្កលិកមានភាពរួសរាយរាក់ទាក់ សម្តីផ្អែមស្រទន់ ទៅម្ដងហើយចង់ទៅម្ដងទៀត! 

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកតាមរយៈ៖ Mekong Coffee x Kambujaya។ 

Mekong Coffee x Kambujaya

  • Sangkat Veal Sbov, Khan Chbar Ampov Phnom Penh, Cambodia
  • 092 788 995

អត្ថបទគួរតែអានបន្ទាប់