Mekong Bungalows - Floatation: បារអណ្ដែតទឹកស្រស់ស្រាយលើទន្លេមេគង្គនៅម្ដុំកោះពេជ្រ

Mekong Bungalows - Floatation​ ជាហាងអណ្ដែតទឹកលើទន្លេមេគង្គនៅកោះពេជ្រ បានទាក់ទាញភ្ញៀវជាច្រើនមួយរយៈក្រោយនេះ។ 


កន្លែងនេះស្រឡះល្អ ដូច្នេះហើយអ្នកទៅអាចអង្គុយក្រេបភេសជ្ជៈ ញ៉ាំអីជាមួយខ្យល់ទន្លេបក់មកល្វិចៗប៉ះខ្លួន។ ក្រុម FoodBuzz របស់យើងពិតជាចូលចិត្តបរិយាកាសនេះមែនទែន ប៉ុន្តែរៀងមានសម្លេងរំខានបន្តិចពីការដ្ឋានសំណង់ស្ពាននិងសាឡាងឆ្លងទៅមក ណាមួយពេលនោះចម្រៀងចាក់រៀងឮពេក។ 


ពួកយើងបានសាកញ៉ាំស្រាក្រលុក​ The Pink Khmer និង Whiskey Shower។ ពួកយើងចូលចិត្ត Whiskey Shower ជាងព្រោះវាមានជាតិជូរនិងល្វីងសមមូលគ្នា ល្មមឆ្ងាញ់។ រិឯ The Pink Khmer វិញមានរសជាតិល្វីងពេកសម្រាប់ពួកយើង។ 

ទន្ទឹមជាមួយភេសជ្ជៈជាច្រើនមុខ ហាងនេះក៏មានលក់ម្ហូបបែបអាសុី និងអុឺរ៉ុបច្រើនមុខទៀត។ ពួកយើងបានញ៉ាំភីហ្សា​ Pepperoni ឆ្ងាញ់ជាលក្ខណៈទូទៅ។


សម្រាប់បង្អែមពួកយើងណែនាំឲ្យសាកញ៉ាំនំ​ Brownie សូកូឡាដាក់ការ៉េមវ៉ាន់នីឡាពីលើ ព្រោះមានរសជាតិសូកូឡាដិតល្អ ហើយមិនផ្អែមពេកទៀតផង។ 


សម្រស់នៅទីនោះកាន់តែស្រស់ស្អាតនៅពេលព្រះអាទិត្យរៀបលិច ព្រោះមេឃមានពណ៌មាសឆ្អិនឆ្អៅ ប៉ះជាមួយទឹកទន្លេហូរតាមលំហូរខ្យល់។ ចំណីភ្នែកតែម្ដង!

សរុបមក ហាងនេះសាកសមសម្រាប់ការជួបជុំជាមួយមិត្តភក្តិ ឫការណាត់ជួបជាមួយគូស្នេហ៍ ព្រោះទីនេះមានបរិយាកាសស្រស់ស្រាយផង និងរ៉ូមែនទិចផង។ តែបើបានស្ងៀមស្ងាត់ជាងនេះបន្តិចរឹតតែល្អ!

សម្រាប់ព័ត៌មានលំអិតបន្ថែម ឬប្រម៉ូសិនផ្សេងៗ សូមចូលទៅកាន់ផេកហ្វេសប៊ុក Mekong Bungalows - Floatation

Mekong Bungalows - Floatation

  • Bassac River, St. Koh Pich (Behind DIB Club), Phnom Penh
  • 089 275 440

អត្ថបទគួរតែអានបន្ទាប់